លិចទូកនេសាទនៅក្បែរកោះទន្សាយ បាត់ខ្លួនម្នាក់ និងជួយសង្រ្គោះបាន៤នាក់
បើយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា កាលពីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២នេះ មានករណីលិចទូកនេសាទមួយគ្រឿងនៅក្បែរកោះទន្សាយ ក្នុងខេត្តកែប ដោយបណ្តាលឲ្យមនុស្សម្នាក់បានបាត់ខ្លួន ខណៈមនុស្សចំនួន៤នាក់ត្រូវបានគេជួយសង្រ្គោះ។
លោក សឹម ហ៊ីម ប្រធានសហគមន៍នេសាទត្រពាំងសង្កែ បានឲ្យដឹងថា កាលពីពាក់កណ្តាលយប់ឈានចូលថ្ងៃទី២៧ខែធ្នូ ទូកអូសមងកែវ១គ្រឿងរបស់អ្នកនេសាទមកពីឃុំត្រពាំងព្រីង ស្រុកទឹកឈូ បានលិចត្រង់ចំណុចក្បែរកោះទន្សាយ។ លុះមកដល់ព្រឹកថ្ងៃទី២៧ ខែធ្នូ កម្លាំងកងទ័ពជើងទឹក ព្រមទាំងសមត្ថកិច្ចនគរបាលការពារព្រំដែនទឹកខេត្តកែប សហការជាមួយប្រជានេសាទសហគមន៍ បានតាមរកឃើញទូក និងសង្គ្រោះបុរសបួននាក់ក្នុងចំណោមប្រាំនាក់ រួចនាំមកដីគោកវិញ។
លោកប្រធានបន្តថា បុរសដែលកំពុងបាត់ខ្លួននោះគាត់មិនចេះហែលទឹកទេ ហើយមូលហេតុដែលបណ្តាលឲ្យទូកលិចនេះ គឺមកការពីផ្ទុកលើសចំណុះ ព្រោះយប់នោះ ពួកគាត់នេសាទត្រីបានច្រើនខុសពីសព្វមួយដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។