ឆ្នាំ២០២២ មានករណិបាញ់ប្រហារ៦០៤លើកនៅអាមេរិក ស្លាប់ជាង ៤ម៉ឺននាក់
អាមេរិក គឺជាប្រទេសដែលមានពលរដ្ឋប្រើប្រាស់កាំភ្លើងដោយសេរី បើទោះបីប៉ុន្មានឆ្នាំ ចុងក្រោយនេះ អាមេរិក បានរិតបន្តឹងការប្រើប្រាស់កាំភ្លើងក្តី តែការបាញ់ប្រហារនៅតែកើនឡើងដដែល ពិសេសនៅក្នុងសាសារៀន ។
ខាងក្រោមនេះគឺជាករណីបាញ់ប្រហារធំៗទាំង៥ នៅក្នុងទឹកដីអាមេរិក ក្នុងឆ្នាំ២០២២៖
១. កាលពីថ្ងៃទី២៤ ខែឧសភា នៅទីក្រុង Uvalde នៃរដ្ឋ Texas យុវជនវ័យ១៨ឆ្នាំម្នាក់ បានបាញ់សម្លាប់យាយរបស់ខ្លួន មុនពេលបើករថយន្តទៅកាន់សាលា Robb Elementary School ហើយចូលដល់ក្នុងបន្ទប់ថ្នាក់រៀនមួយ រួចបាញ់សម្លាប់មនុស្សរហូតដល់២១នាក់ ក្នុងនោះមានក្មេងៗចំនួន១៩នាក់។ មនុស្ស១៨នាក់ទៀតក៏បានរងរបួសផងដែរ ខណៈខ្មាន់កាំភ្លើងទីបំផុត ត្រូវបានអាជ្ញាធរអាមេរិកបាញ់សម្លាប់ កំលុងការប្រយុទ្ធតតាំងគ្នា។
២. យុវជនវ័យ១៨ឆ្នាំម្នាក់ ដែលបំពាក់ដោយអាវការពារគ្រាប់ បានធ្វើសកម្មភាពបាញ់ប្រហារ កាលពីថ្ងៃទី១៤ ខែឧសភា នៅផ្សារទំនើប ថប់ (Tops) មួយកន្លែង ក្នុងទីក្រុងBuffalo នៃរដ្ឋញូយ៉ក ដែលបានបណ្តាលឱ្យមនុស្ស១០នាក់ស្លាប់ និង៣នាក់ទៀតរងរបួស។
៣. ខ្មាន់កាំភ្លើងម្នាក់បានសម្លាប់មនុស្ស៦នាក់ និងបង្កឱ្យរបួស៤នាក់ផ្សេងទៀត មុនពេលធ្វើអត្តឃាតខ្លួនឯងតាមក្រោយ នៅហាងលក់ទំនិញ Walmart មួយកន្លែង ក្នុងទីក្រុង Chesapeake នៃរដ្ឋ Virgina កាលពីថ្ងៃទី២២ ខែវិច្ឆិកា។
៤. កាលពីថ្ងៃទី៤ ខែកក្កដា បុគ្គលម្នាក់បានបើកការបាញ់ប្រហារទៅលើហ្វូងមនុស្ស ដែលចូលរួមពិធីព្យុហយាត្រា អបអរបុណ្យឯករាជ្យអាមេរិក នៅឯទីក្រុងហៃលែនផាក (Highland Park) រដ្ឋអ៉ីលលីណយ (Illinois) ហើយបានបណ្តាលឱ្យមនុស្ស៧នាក់ស្លាប់ និង៤៨នាក់រងរបួស។
៥. កាលពីវេលាយប់ពាក់កណ្តាលអធ្រាត្រថ្ងៃទី១៩ ឈានចូលថ្ងៃទី២០ ខែវិច្ឆិកា មានការបាញ់ប្រហារនៅក្នុងក្លឹបកម្សាន្តពេលរាត្រី សម្រាប់មនុស្សស្រឡាញ់ភេទដូចគ្នា ក្នុងទីក្រុង Colorada Springs នៃរដ្ឋ Colorado ដែលបានបណ្តាលឱ្យមានអ្នកស្លាប់៥នាក់ និងរបួស១៩នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។