អាមេរិក៖ រដ្ឋចំនួន៤៨ ក្នុងចំណោម៥០ រងការវាយប្រហារដោយព្យុះព្រិល ជើងហោះហើរជាច្រើនត្រូវលុបចោល
យោងតាម នាយកដ្ឋានព្យាករណ៍អាកាសធាតុជាតិរបស់សហរដ្ឋអាមេរិកបានបញ្ជាក់ថា ព្យុះព្រិលដ៏គួរឱ្យភ័យខ្លាចបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មនុស្សរាប់សិបលាននាក់នៅក្នុងប្រទេសនេះ។
អាកាសធាតុត្រជាក់បានគ្របដណ្តប់រដ្ឋទាំង ៤៨ របស់សហរដ្ឋអាមេរិកកាលពីចុងសប្តាហ៍ ជើងហោះហើរជិត៦៥០០ ត្រូវបានលុបចោលដោយសារតែព្យុះព្រិល។ យ៉ាងហោចណាស់មនុស្ស ជិត៥០ នាក់បានស្លាប់។
សារព័ត៌ AFP នៅថ្ងៃអង្គារ ទី២៧ ខែធ្នូ ឆ្នាំ២០២២ បានផ្សាយថាការលុបចោល និងការពន្យារពេលជើងហោះហើរនានា ដោយសារតែបញ្ហាអាកាសធាតុ ដែលរំខានចរាចរណ៍ពាណិជ្ជកម្មផ្លូវអាកាសរបស់សហរដ្ឋអាមេរិក ចាប់តាំងពីចុងសប្តាហ៍មុន បានអូសបន្លាយចូលដល់ថ្ងៃនេះ។
យោងតាមសេវាតាមដានជើងហោះហើរ FlightAware ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍អាមេរិកជាង ៣,៨០០ជើង ត្រូវបានលុបចោលកាលពីថ្ងៃ២៦ខែធ្នូ ក្នុងនោះមាន២,៨០០ជើង ជារបស់ក្រុមហ៊ុនអាកាសចរណ៍ Southwest ឬស្មើនឹងជិត ៧០%នៃគម្រោងជើងហោះហើរសរុបរបស់អាកាសចរណ៍នេះ។ រីឯការពន្យារពេលជើងហោះហើរទៅ និងមកសហរដ្ឋអាមេរិក មានចំនួន ៧,១០០ជើង។
ក្រុមហ៊ុន Southwest Airlines បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បញ្ហាប្រឈមកំពុងជះឥទ្ធិពលដល់អតិថិជន និងនិយោជិតរបស់យើងនៅក្នុងលក្ខខណ្ឌមួយ ដែលមិនអាចទទួលយកបាន។ ក្រសួងដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួននឹងពិនិត្យមើលលើចំនួនដ៏ច្រើននៃជើងហោះហើរបស់ក្រុមហ៊ុន Southwest Airlines ដែលត្រូវបានលុបចោល និងពន្យារពេល ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដើម្បីកំណត់ថាតើពួកគេអាចគ្រប់គ្រងស្ថានភាពនេះបានឬទេ។
សូមបញ្ជាក់ថា Southwest Airlines ដែលមានមូលដ្ឋាននៅទីក្រុងដាឡាស់ (Dallas) នៃរដ្ឋតិចសាស់ និងជាក្រុមហ៊ុនអាកាសចរណ៍ដែលតម្លៃទាបបំផុតមួយរបស់ពិភពលោក បានប៉ាន់ប្រមាណថា ការរំខានដោយសារកត្តាអាកាសធាតុ អាចនឹងបន្តរហូតដល់ពេលឆ្លងឆ្នាំ នៅចុងសប្តាហ៍នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។