របាយការណ៍​បឋម ៖ ករណី​ឆេះ​កាស៊ីណូ​ហ្គ្រេ​ន​ដាយ​មិន នៅ​ប៉ោយប៉ែត មាន​ស្លាប់ និង​របួស​មនុស្ស​៤០​នាក់​

​យោងតាម​របាយការណ៍​បឋម​ឲ្យ​ដឹងថា យ៉ាងហោចណាស់​មាន​មនុស្ស​១០​នាក់ ត្រូវបាន​រកឃើញ​ស្លាប់ និង​៣០​នាក់​រងរបួស ក្នុងករណី​អគ្គិភ័យ​ឆេះ​កាស៊ីណូ​ហ្គ្រេ​ន​ដាយ​មិន នៅក្នុង​ភូមិ​ប៉ោយប៉ែត សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ នេះ​បើតាម​ការបញ្ជាក់​របស់ ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​។​

​លោក​បានបញ្ជាក់​ប្រាប់ថា អគារ​កាស៊ីណូ​ខាងលើ​មាន​បុគ្គលិក​បម្រើការ​ប្រុស​ស្រី​ប្រហែល​ជាង​៤០០​នាក់ ប៉ុន្តែ​ការខូចខាត​យ៉ាងណា​នោះ មិនទាន់​អាច​វាយតម្លៃ​បាន​នៅឡើយ​ទេ ខណៈ​ភ្លើង​មិនទាន់​រលត់​។​ ​ក្នុង​ប្រតិបត្តិការ​នេះ កម្លាំង​សមត្ថកិច្ច​បញ្ជា​ផ្ទាល់​របស់លោក សិទ្ធិ ឡោះ បាន​ប្រើប្រាស់​កម្លាំង​សរុប​៣៦០​នាក់ រថយន្ត​ពន្លត់អគ្គីភ័យ ១១​គ្រឿង​។ កម្លាំង​កំពុង​កិច្ចប្រតិបត្តិការ​ជញ្ជូន​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ និង​បន្ត​រុករក​ជនរងគ្រោះ​បន្តទៀត​។​

​សូមបញ្ជាក់ថា អគ្គិភ័យ​នេះ បាន​កើតមាន​តាំងពី​វេលា​ម៉ោង ១១៖៣០​នាទី​យប់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២២ ប៉ុន្តែ​មូលហេតុ​យ៉ាងណា​នោះ​នៅ​មិនទាន់មាន​ការបញ្ជាក់​ផ្លូវការ​នៅឡើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close