អាជ្ញាធរ នឹង​ផ្អាក​ចរាចរ​ផ្លូវ​មួយចំនួន ក្នុង​ក្រុង​សៀមរាប ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​សកល​២០២៣

​សៀមរាប​៖​រដ្ឋបាល​ខេត្តសៀមរាប​បានប្រកាស​ផ្អាក​ចរាចរ​ជា​បណ្ដោះអាសន្ន​លើ​កំណាត់​ផ្លូវ​មួយចំនួន​ក្នុង​ក្រុង​សៀមរាប​ចាប់ពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២២ ដល់​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២៣ ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​សកល​២០២៣ ក្នុង​ក្រុង​សៀមរាប​។​

​យោងតាម​សេចក្តីប្រកាស​របស់​រដ្ឋ​បាល​ខេត្តសៀមរាប​នៅ​ថ្ងៃទី​២៨ ខែធ្នូ បានឱ្យដឹងថា ដើម្បី​ធានាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ​ឱ្យបាន​ល្អប្រសើរ និង​ចៀសវាង​ការកកស្ទះ​ចរាចរ រដ្ឋបាល​ខេត្តសៀមរាប នឹង ផ្អាក​ចរាចរ​ជា​បណ្ដោះអាសន្ន​លើ​កំណាត់​ផ្លូវ​មួយចំនួន​ក្នុង​ក្រុង​សៀមរាប ក្នុងការ​រៀបចំ​អបអរសាទរ​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​សកល​២០២៣​។​

​រដ្ឋបាល​ខេត្តសៀមរាប បាន​សហការ​ជាមួយ​រដ្ឋបាល​ក្រុង​សៀមរាប មន្ទីរ​- អង្គភាព សមត្ថកិច្ច សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តសៀមរាប និង​ក្រុមហ៊ុន​មួយចំនួន​ធ្វើ​ការរៀបចំ​កម្មវិធី​ជិះទូក​កម្សាន្ត តាំងពិព័រណ៍ ផ្សារ​ទឹក បាញ់​កាំជ្រួច និង​ប្រគំ​តន្ត្រី ក្នុង​ព្រឹត្តិការណ៍​ឆ្លង​ឆ្នាំ​សកល​២០២៣​នៅ​ទីតាំង​តំបន់​សួនច្បារ​ព្រះរាជដំណាក់ តំបន់​មាត់​ស្ទឹង​សៀមរាប និង់​តំបន់​ផាប់​ស្ទើត ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប រយៈពេល​បី​ថ្ងៃ ចាប់ពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២២ ដល់​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០២៣​។​

​រដ្ឋបាលខេត្ត​បាន​បញ្ជាក់ថា ៖ «​កម្មវិធី​នេះ​ធ្វើឡើង​ដើម្បី​អបអរសាទរ​កម្មវិធី​បុណ្យ​ឆ្លង​ឆ្នាំ​សកល​២០២២ ចូលឆ្នាំ​២០២៣ ក៏ដូចជា​ការទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ​- អន្តរជាតិ មក​ទស្សនា​ខេត្តសៀមរាប​ឱ្យបាន​ច្រើន​កុះករ​ថែមទៀត ហើយ​ដើម្បី​ធានាបាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ​ឱ្យបាន​ល្អប្រសើរ និង​ចៀសវាង​ការកកស្ទះ​ចរាចរ រដ្ឋបាលខេត្ត នឹង​ផ្អាក​ចរាចរ​ជា​បណ្ដោះអាសន្ន​លើ​កំណាត់​ផ្លូវ​មួយចំនួន​ផងដែរ​»​។​

​ផ្លូវ​ដែល​ផ្អាក​ចរាចរ​ជា​បណ្តោះអាសន្ន​មាន​៖ កំណាត់​ផ្លូវ​ស៊ីវ​ត្ថា ចាប់ពី​ចំណុច​មុខ​រោងកុន Major Cineplex ដល់​ចំណុចប្រសព្វ​រវាង ផ្លូវ​លេខ​១០ និង​ផ្លូវ​សុខសាន្ត​, កំណាត់​ផ្លូវ​តំបន់​ផាប់​ស្ទើត ផ្សារ​ចាស់ និង​ផ្លូវ ២​ធ្នូ​, កំណាត់​ផ្លូវ​ពោធិ៍​កំបោរ (​ផ្លូវ​ប៉ែក​ខាងលិច​ស្ទឹង​) ចាប់ពី​រង្វង់​មូល​ស្ពានថ្ម​ព្រះរាជដំណាក់ រហូតដល់​ស្ពាន​វត្ត​រាជ​បូ​ណ៌​។ ប្រភព​ដដែល​បាន​បន្តថា រដ្ឋបាលខេត្ត​ក៏​ផ្អាក​ចរាចរ​បណ្តោះអាសន្ន​លើ​កំណាត់​ផ្លូវ​មួយចំនួនទៀត​តាម​ស្ថានភាព​ចរាចរ​ជាក់ស្ដែង​។​

​រដ្ឋបាលខេត្ត​បន្តថា ដើម្បី​ជួយ​សម្រួល​និង​ចៀសវាង​ការកកស្ទះ​ចរាចរ​ក្នុងភូមិ​សាស្ត្រ​ក្រុង​សៀមរាប រដ្ឋបាលខេត្ត រដ្ឋបាល​ក្រុង​សៀមរាប និង​សមត្ថកិច្ច​ពាក់ព័ន្ធ បានរៀបចំ​ទីតាំង​ចំណត​យានយន្ត​គ្រប់​ប្រភេទ​នៅតាម​ចំណុច និង​ទីតាំង ដូចជា ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​, វិទ្យាល័យ ១០ មករា ១៩៧៩, តារាង​កីឡាបាល់ទះ​(​ក្រោយ​មន្ទីរពេទ្យ​កុមារ​អង្គរ​), ចំណតរថយន្ត អាង​ក្រពើ​, សាលាបឋមសិក្សា​ជាស៊ីម​, សាលាបឋមសិក្សា​ស្ទឹង​ថ្មី​,​ចំណត​បណ្តោយ​ផ្លូវជាតិ​លេខ​៦ និង​ទីតាំង​ចំណត​មួយចំនួនទៀត​តាម​ស្ថានភាព​ជាក់ស្តែង​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close