អ្នកទេសចរ​អៀរ​ឡង់​ម្នាក់ ធ្លាក់​ពីលើ​រថភ្លើង​ស្លាប់ នៅ​ប្រទេស​ថៃ

​ថៃ​៖ បុរស​ដែល​បាន​ចូល​ប្រទេស​ថៃ កាលពី​ថ្ងៃ​ច័ន្ទ ត្រូវបាន​គេ​ស្គាល់​ថា​ឈ្មោះ Patrick Ward អាយុ ៤៥ ឆ្នាំ ។ កាលពី​ថ្ងៃ​អង្គារ​សប្តាហ៍​នេះ លោក Ward បានធ្វើ​ដំណើរ​តាម​រថភ្លើង​ជាមួយ​ក្រុម​ទេសចរណ៍​ពី​ទីក្រុង​បាងកក​ទៅកាន់​ទីប្រជុំជន Kanchanaburi នៅលើ​ផ្លូវ​មួយ​ដែលមាន​ឈ្មោះថា The Burma Railway ជា​កន្លែង​ដែលមាន​ស្ពាន​នៅលើ River Kwai​។ ស្ពាន​នេះ​ត្រូវបាន​ធ្វើឱ្យ​ល្បីល្បាញ​ដោយ​ប្រលោមលោក​និង​ខ្សែភាពយន្ត​ឆ្នាំ ១៩៥០ ដែលមាន​ឈ្មោះថា The Bridge on the River Kwai ។

​ផ្លូវដែក​ដែល​ត​ភ្ជាប់​ប្រទេស​ថៃ​ទៅ​ភូមា​មួយ​នេះ ត្រូវបាន​សាងសង់ឡើង​ដោយ​កម្លាំង​ពលកម្ម កំឡុង​ការកាន់កាប់​របស់​ជប៉ុន​ក្នុង​សង្គ្រាមលោកលើកទី ២ ហើយ​ត្រូវបាន​គេ​ស្គាល់​ថា​ជា “​ផ្លូវដែក​មរណៈ​” ពីព្រោះ​អ្នកទោស​សង្គ្រាម​សម្ព័ន្ធមិត្ត​ជាង ១២០០០ នាក់ និង​កម្មករ​បង្ខំ​រាប់ម៉ឺន​នាក់​បាន​ស្លាប់ ក្នុងអំឡុងពេល​សាងសង់​។

​យោងតាម​សាក្សី​បាន​ឲ្យ​ដឹងថា នៅពេលដែល​រថភ្លើង​បាន​បន្ថយល្បឿន​នៅ​កន្លែង​ដែលមាន​ទេសភាព ពេលនោះ លោក Ward បាន​បើកទ្វារ​ក្នុង​ទូរថភ្លើង ហើយ​បាន​ធ្លាក់​ពី​ជម្រាលភ្នំ កម្ពស់​ចន្លោះ​ពី ៧ ទៅ ៨ ម៉ែត្រ​។ ការធ្វើ​កោសល្យវិច័យ​ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃ​ពុធ នៅ​ទីក្រុង​បាងកក ហើយ​ប៉ូលីស​បាន​សាកសួរ​សមាជិក​ក្រុម​ទេសចរណ៍​ដើម្បី​ស៊ើបអង្កេត​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close