នាវា​ទេសចរណ៍​មួយគ្រឿង ដឹក​អ្នកទេសចរ​ជិត​៥០០​នាក់ បាន​ចូល​ចត​ជាថ្មី​ឡើងវិញ នៅ​ខេត្ត​ព្រះសីហនុ

​ខេត្ត​ព្រះសីហនុ​៖ កាលពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២២​នេះ នាវា​ទេសចរណ៍ SEABOURN ENCORE ជាមួយ​អ្នកដំណើរ​ជា​ទេសចរ​ចំនួន​ប្រមាណ​ជិត​៥០០​នាក់ បាន​ចូល​ចត​លើក​ទី​១​ជាថ្មី​ឡើងវិញ បន្ទាប់ពី​អាក់ខាន​ប្រមាណ​ជា​ពីរ​ឆ្នាំ​ដោយ​ជំងឺ​កូ​វីដ​-១៩​។​នាវា​ឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS ដែលមាន​ប្រវែង​បណ្តោយ ២១០.៥០​ម៉ែត្រ ប្រវែង​ទទឹង​២៨​ម្រ៉ែ​ត ជម្រៅ​ទឹក ៦.៧ ម៉ែត្រ មាន​នាវិក​សរុប​ចំនួន ៤៣២ នាក់ ស្រី ៩៣​នាក់​។​

​នាវា​ទេសចរណ៍​នេះ​ចេញដំណើរ​មកពី​ប្រទេស​ថៃ ចូលមក​កម្ពុជា ដើម្បី​មក​ទស្សនា​ប្រទេស​កម្ពុជា​រយៈពេល​១​ថ្ងៃ ហើយ​ក្រោយមក​ចាកចេញ​ទៅវិញ​ឆ្ពោះទៅ​ប្រទេស​វៀតណាម​។​

​ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បានទទួល​ស្វាគមន៍​ដំណើរ​មកដល់​នាវា​ទេសចរណ៍ SEABOURN ENCORE ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ។​

​ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ដំណើរ​ទេសចរណ៍​របស់​នាវា​ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​មកកាន់​ប្រទេស​កម្ពុជា​ក្នុង​ទឹកដី​ខេត្ត​ព្រះសីហនុ​នាឱកាស​នេះ​ដែល​សបញ្ជាក់​ឱ្យឃើញថា​ប្រទេស​កម្ពុ​ជាមាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ​ពេញលេញ​ក្រោម​ម្លប់​សន្តិភាព​នៃ​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close