មី​ស៊ី​ល​រុស្ស៊ី ១២០ គ្រាប់ វាយប្រហារ​ទៅលើ​ទីតាំងនៅ​ប្រទេស​អ៊ុយ​ក្រែ​ន ក្នុង​មួយថ្ងៃ​

​ទីប្រឹក្សា ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Mykhailo Podolyak បានប្រកាស​ឲ្យ​ដឹងថា រុស្ស៊ី​បាន​បាញ់​មី​ស៊ី​ល​ដល់​ទៅ ១២០​គ្រាប់​ទៅលើ​ទីក្រុង​នានា​ក្នុងប្រទេស​អ៊ុយ​ក្រែ​ន​។ ការវាយប្រហារ​សំដៅ​ទៅលើ​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ ។​

​សារព័ត៌មាន AFP នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែធ្នូ ឆ្នាំ​២០២២ សំឡេង​ប្រកាសអាសន្ន អំពី​ការវាយប្រហារ​តាមផ្លូវ​អាកាស ត្រូវបាន​បន្លឺឡើង​នៅ​ទូទាំង​អ៊ុយ​ក្រែ​ន ក្នុង​ថ្ងៃ​ព្រហស្បតិ៍​នេះ ស្រប​ពេលដែល​កងកម្លាំង​រុ​ស្ស៉ី ទើបតែ​បើក​ការវាយប្រហារ​ដោយ​មី​ស៉ី​ល​ជាង ១២០​គ្រាប់​ទៀត​។​

​ទីប្រឹក្សា​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក Oleksiy Arestovych បាន​បង្ហោះ​សារ​លើ Facebook ថា រុ​ស្ស៉ី​បាន​បាញ់ស្រោច​មី​ស៉ី​ល ប៉ុន្មាន​លើក​បន្តបន្ទាប់​គ្នា ខណៈ​បើ​សរុប​ចំនួន​មី​ស៉ី​ល​ដែល​រុ​ស្ស៉ី​បាន​ប្រើប្រាស់ ក្នុងការ​វាយប្រហារ​កា​លពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ គឺ​ប្រហែល​ជាង ១២០​គ្រាប់​។​

​កំលុង​ការវាយប្រហារ​នោះ សំឡេង​ផ្ទុះ​ត្រូវបាន​គេ​លឺ នៅតាម​ទីក្រុង​មួយចំនួន​របស់​អ៊ុយ​ក្រែ​ន រួមទាំង​រដ្ឋធានី​កៀវ​ផងដែរ​។ អភិបាល​ទីក្រុង​កៀវ បាន​អះអាងថា ការវាយប្រហារ​មី​ស៉ី​ល​របស់​រុ​ស្ស៉ី បាន​បណ្តាលឱ្យ​មនុស្ស​មួយចំនួន​ទទួលរង​របួស ខណៈ​អភិបាល​នៅ​ទីក្រុង​លីវ (Liv) បាន​និយាយថា មួយផ្នែកធំ​នៃ​ទីក្រុង បាន​បាត់បង់​ថាមពល​អគ្គិសនី​។​

​ការបាញ់​ស្រោច​មី​ស៉ី​ល​ថ្មី​ចុង​ក្រោយនេះ​កើតមានឡើង បន្ទាប់ពី​វិមាន​ក្រឹម​ឡាំង​បាន​ច្រានចោល ផែនការ​សន្តិភាព​១០​ចំណុច របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី ដែលមាន​គោលដៅ​កំណត់ឱ្យ រុ​ស្ស៉ី​គោរព​បូរណភាព​ទឹកដី​របស់​អ៊ុយ​ក្រែ​ន ហើយ​ដកទ័ព​ចេញ​ទៅវិញ​ទាំងអស់​។ កាលពី​ថ្ងៃ​ពុធ ទីក្រុង​មូ​ស្គូ​ប្រកាស​ទាត់ចោល​ផែនការ​នេះ ដោយ​ទទូច​ឱ្យ​អ៊ុយ​ក្រែ​ន​ទទួលស្គាល់​តំបន់​ចំនួន​៤ គឺ​ដូ​ណេ​ត និង​លូ​ហាន នៅ​ភាគ​ខាងកើត ព្រមទាំង​ខឺ​សុន​និង​ហ្សា​ប៉ូ​រិច​ហ្ស៉ី​យ៉ា នៅ​ភាគខាងត្បូង ដែល​រុ​ស្ស៉ី​បាន​កាត់​បញ្ចូល ជា​ឧ​ប​សម្ពន្ធ​របស់ខ្លួន​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close