សម្ដេច​តេ​ជោ ហ៊ុន សែន ណែរ​នាំ​ដល់​ក្រសួងកសិកម្ម និង​អាជ្ញាធរខេត្ត ចាត់វិធានការ​ការពា​រ​ជីវិត​ផ្សោត ក្រោយ​មាន​សត្វ​ផ្សោត​ស្លាប់​ជា​បន្តបន្ទាប់

​ក្រចេះ ៖ ក្រោយពី​ឃើញ​មាន​សត្វ​ផ្សោត​ស្លាប់​ជា​បន្តបន្ទាប់ ដោយសារ​សកម្មភាពរ​ប​ស់មនុស្ស សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ណែរ​នាំ​ដល់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួម​និង​អាជ្ញាធរ​ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ត្រូវ​រៀបចំ​ធ្វើយ៉ាងណា ការពារ​ជីវិត​សត្វ​ផ្សោត​ទឹកសាប ពី​ការគំរាមកំហែង ។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ថ្លែង​ណែរ​នាំ​ដូចនេះ នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ស្ពាន​ឆ្លងទន្លេ​មេគង្គ ខេត្តក្រចេះ និង​ផ្លូវ​ត​ភ្ជាប់​មាន​ប្រវែង​សរុប​ប្រមាណ ៣៣,៤៥​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៧ ចំណុច​រង្វង់​មូល​ខ្លា​ស្ទុះ ទៅ​ផ្លូវជាតិ​លេខ​៦០B ដែល​នឹងត្រូវ​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ប្រវែង ១៧៦១​ម៉ែត្រ ដែល​ត្រើយ​ខាងកើត​ស្ថិត​ត្រង់​ឃុំ​បុស​លាវ ស្រុក​ចិត្រ​បុរី និង​ត្រើយ​ខាងលិច​ត្រង់​ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ និង​មាន​ផ្លូវ​ត​ភ្ជាប់​ទៅ​ក្រុង​ក្រចេះ​មាន​ប្រវែង​ប្រមាណ ៣១,៦៩​គីឡូម៉ែត្រ នា​ព្រឹក​ថ្ងៃទី ២ ខែមករា ឆ្នាំ​២០២៣ ។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជា​ឱ្យ​រៀបចំ​តំបន់​ស្នូល​អចិន្ត្រៃយ៍ និង​តំបន់​ស្នូល​មិន​អចិន្ត្រៃយ៍ ដោយ​បោះ​ពោង ដាក់​យុថ្កា កំណត់​ទីតាំង​ការពារ​មិនឱ្យ​ប្រជាជន​ចូលទៅ​នេសាទ​ដើម្បី​ការពារ​ជីវិត​សត្វ​ផ្សោត​ពី​ការគំរាមកំហែង​។​

​សម្ដេច​តេ​ជោ​បន្តថា​៖ ត្រូវតែមាន​ការរៀបរ​យ​ឱ្យបាន​ល្អ​។ ក្រសួងកសិកម្ម​ត្រូវ​យកចិត្តទុកដាក់​រៀប​ចំ​ធ្វើ​យ៉ាង​មិច អ្នក​ដែល​នៅ​ផ្ទាល់​គឺ​អាជ្ញាធរ ត្រូវ​ធានា​សត្វ​ផ្សោត​មិនត្រូវ​បាន​ជាប់​មង ឬ​ការរំខាន​ដល់​វា​រកស៊ី​»​។ ជាមួយគ្នានេះ សម្ដេច ក៏បាន​ស្នើ​ដល់​ពលរដ្ឋ​ត្រូវ​ចូលរួម​ការពារ និង​មិន​ចូលទៅ​នេសាទ​តំបន់​ការពារ​នេះ​នោះទេ​។​

​សូមជម្រាបថា ត្រឹមតែ​រយៈពេល​មួយ​សប្ដាហ៍​ប៉ុណ្ណោះ ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២៤ ខែធ្នូ សត្វ​ផ្សោ​តដល់​ទៅ ៣​ក្បាល​បាន​ស្លាប់ ដោយ​ក្នុងនោះ​សាកសព​សត្វ​ផ្សោត​ឈ្មោល​ពេញវ័យ​មួយ​ក្បាល ត្រូវបាន​គេ​ប្រទះឃើញ​អណ្តែត​តាម​ទឹកទន្លេ ក្បែរ​អន្លង់​កោះ​ដំបង ត្រង់​ទីតាំង​ព្រំប្រទល់​រវាង​ខេត្តក្រចេះ និង​ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​១៨ ធ្នូ និង ២​ក្បាល​ទៀត​ប្រទះឃើញ​ស្លាប់​អណ្ដែត​តាម​ទឹក​នៅក្នុង​ខេត្តក្រចេះ ដោយសារតែ​ជាប់​មង​នេសាទ និង​សន្ទូចរនង ដែល​សត្វ​ផ្សោត​ទាំង​៣​ក្បាល​ដែល​ស្លាប់​នោះ សុទ្ធតែជា​ផ្សោត​ដែល​កំពុង​ពេញវ័យ​បន្ត​ពូជ​។​

​ការស្លាប់​ជា​បន្តបន្ទាប់​ធ្វើឱ្យមាន​ការអំពាវនាវ​ដើម្បី​ការពារ​សត្វ​ដែល​ជិត​ផុត​ពូជ​ប្រភេទ​នេះ ខណៈ​៣​ឆ្នាំ​ចុង​ក្រោយនេះ មាន​សត្វ​ផ្សោត​សរុប​ចំនួន ២៩​ក្បាល​បាន​ស្លាប់ ខណៈ​ឆ្នាំ​២០២២ សត្វ​ផ្សោត​សរុប​ចំនួន ១១​ក្បាល​បាន​ស្លាប់បាត់​បង់ជីវិត​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close