សហព័ន្ធ​កីឡា​គុន​ល្បុកតោ​កម្ពុជា​៖ ការប្រកួត​កីឡា​គុន​ល្បុកតោ ជាការ​ប្រកួត​ធំ​ប្រចាំឆ្នាំ និង​ទទួលបាន​ជោគជ័យ​

ភ្នំពេញ​៖ កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០២២ ​ឯកឧត្តម កែវ រ៉េមី រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ សហព័ន្ធ​កីឡា​គុន​ល្បុកតោ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព ក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​គុន​ល្បុកតោ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២២ ក្នុង​ពិធី​នេះដែរ ក៏មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក​ប៉ែន វុទ្ធី អនុប្រធាន​ទទួលបន្ទុក​រួម​នាយក​ដ្ឋា​ន​អប់រំ​កាយ និង​កីឡា តំណាង​ក្រសួង​អប់រំ យុវជន និង​កីឡា និង លោក​ព្រឹទ្ធាចារ្យ សាន គឹមស៊ាន ព្រមទាំង​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ដែលជា​តំណាង​ក្លឹប និង​មន្ត្រី​ពាក់ព័ន្ធ​នានា​។​

​លោក អ៊ូ តារា អគ្គលេខាធិការរង សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹងថាៈ សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា មាន​កិត្តិយស​យ៉ាង​ធំធេង បានរៀបចំ​ការប្រកួត​កីឡា​គុន​ល្បុក្កតោ​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ឆ្នាំ​២០២២ ដែលជា​ការប្រកួត​ធំ​ប្រចាំឆ្នាំ និង​ទទួលបាន​ជោគជ័យ ហើយ​កីឡាករ កីឡាការិនី ដែល​មកពី​សាលា​គុន​ចំនួន​២៥ តាម​បណ្តា​ខេត្ត រាជធានី​-​ខេត្ត ក្នុងនោះដែរ​ប្រតិភូ​គ្រូបង្វឹក​មាន​ចំនួន​៤៣ រូប កីឡាករ ១០២​រូប កីឡាការិនី ៦៨ រូប​។​

​លទ្ធផល​ការប្រកួត​៖ ក្រសួងមហាផ្ទៃ ដណ្តើម​មេដាយមាស​៥​គ្រឿង ប្រាក់ ២ គ្រឿង និង​សំរិទ្ធ ៤​គ្រឿង ក្រុមកីឡា​គុន​ល្បុក្កតោ សុវណ្ណ​អង្គរ​នាគរាជ​ខេត្តសៀមរាប ឈ្នះ​មេដាយមាស ៤ គ្រឿង និង​ប្រាក់ ២ គ្រឿង ក្រុមកីឡា​គុន​ល្បុក្កតោ​ខេត្តតាកែវ (​គោកធ្លក​) ឈ្នះ​មេដាយមាស ៣ គ្រឿង ប្រាក់ ៣ គ្រឿង និង​សំរិទ្ធ ២ គ្រឿង និង​ក្រុមកីឡា​គុន​ល្បុក្កតោ​ខេត្តតាកែវ ឈ្នះ​មេដាយមាស ២ គ្រឿង ប្រាក់ ២ គ្រឿង និង​សំរិទ្ធ ១ គ្រឿង ក្រុមកីឡា​គុន​ល្បុក្កតោ អង្គរ​មាន​ឫទ្ធិ ឈ្នះ​មេដាយមាស ២ គ្រឿង ប្រាក់ ១ គ្រឿង និង​សំរិទ្ធ ២ គ្រឿង ក្រុមកីឡា​គុន​ល្បុក្កតោ​ខេត្តកំពង់ឆ្នាំង ឈ្នះ​មេដាយមាស ២ គ្រឿង និង​សំរិទ្ធ ៣ គ្រឿង ក្រុមកីឡា​គុន​ល្បុក្កតោ​ខេត្តរតនគិរី ឈ្នះ​មេដាយមាស ១ គ្រឿង ប្រាក់ ៣ គ្រឿង និង​សំរិទ្ធ ២ គ្រឿង ក្រុមកីឡា​គុន​ល្បុក្កតោ កងពលតូច ថ្មើរជើង​លេខ​៥១ ឈ្នះ​មេដាយមាស ១​គ្រឿង និង​ប្រាក់ ១​គ្រឿង និង​ក្រុមកីឡា គុន​ល្បុក្កតោ​ដំរី​ស ឈ្នះ​មេដាយមាស ១ គ្រឿង និង​សំរិទ្ធ ១ គ្រឿង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close