ភ្ញៀវទេសចរ​ជាង ៣៣​ម៉ឺន​នាក់ មក​ដើរ​កម្សាន្ត​នៅ​ខេត្ដ​សៀមរាប ក្នុង​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល ២០២៣

​យោងតាម​របាយការណ៍​របស់​មន្ទីរ​ទេសចរ​ណ៍​ខេត្ដ​សៀមរាប បានឱ្យដឹងថា អ្នកទេសចរ​ជាតិ និង​អន្តរជាតិ ប្រមាណ​ជាង ៣៣​ម៉ឺន​នាក់ បាន​ចូលមក​កម្សាន្ត​នៅ​ខេត្តសៀមរាប កំឡុង​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​សកល​ឆ្នាំ​២០២២ ចូលឆ្នាំ​២០២៣​។ តាម​របាយការណ៍​ដដែល​នេះ បានឱ្យដឹងថា អ្នកទេសចរ​ជាតិ និង​អន្ដរជាតិ បាន​ដើរ​កម្សាន្ត​តាម​រមណីយដ្ឋាន​នានា មានការ​កើនឡើង​ជាង​ឆ្នាំមុន​។

​ក្នុង​ចំនួន​ប្រមាណ ៣៣៧,៧៦៩​នាក់ ដែល​ក្នុងនោះ​អ្នកទេសចរ​ជាតិ និង​ប្រជាពលរដ្ឋ ក្នុង​ខេត្ត មាន​ចំនួន​ប្រមាណ ៣៣០,០០០​នាក់ ដែល​ធ្វើដំណើរ​កម្សាន្ត​ជា​លក្ខណ​:​គ្រួសារ​។ គោលដៅ​ដែល​បាន​ទៅ​ទស្សនា​នោះ រួមមាន រមណីយដ្ឋាន​អង្គរ​មាន​ចំនួន​ប្រមាណ ២២០,០០០​នាក់ , រមណីយដ្ឋាន​ឧទ្យាន​ជាតិ​ភ្នំ​គូ​លេន​មាន​ចំ​នួ​ប្រមាណ ៦,៥០០​នាក់​, តំបន់​ទន្លេសាប​មាន​ចំនួន​ប្រមាណ​៣,០០០​នាក់​, សហគមន៍​ទេសចរណ៍​អេកូ​ទេសចរណ៍ និង​តំបន់​ផ្សេងៗ​មាន​ចំនួន​ប្រមាណ ១០០,៥០០​នាក់​។ ទន្ទឹមនឹងនោះ ក៏មាន​ភ្ញៀវទេសចរ​បរទេស​ផ្ទៃក្នុង​មាន​ចំនួន ៧,៧៦៩​នាក់​ផងដែរ​។​

​ក្រោយពេល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ចាក់​ស្រោច​វ៉ាក់សាំង​ដោយ​ឥតគិតថ្លៃ ជូន​ប្រជាពលរដ្ឋ​កម្ពុជា បានធ្វើ​ឲ្យ​ស្ថានភាព​នៃ​ជម្ងឺ​កូ​វិដ​-១៩ មាន​ភាព​ធូរស្រាល ព្រមទាំង​ការប្រកាស​បើក​ប្រទេស ក្នុង​គោលដៅ​ស្តារ​សេដ្ឋកិច្ចជាតិ​ឡើងវិញ ធ្វើ​ឲ្យ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ មានការ​ចាប់អារម្មណ៍​ដើរ​កម្សាន្ត ដោយ​មិនមាន​ការព្រួយបារម្ភ​ឡើយ ។​

​ក្នុងឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល​២០២២-២០២៣​កន្លងមកនេះ រដ្ឋបាល​ខេត្តសៀមរាប បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ដឹកនាំ​ដោយ លោក ប្រាក់ សោ​ភ​ណ្ឌ័ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត បានរៀបចំ​តុបតែង​លម្អ​ភ្លើង​ព័រ​ណ៍ និង​រចនា​ហេដ្ឋារចនាសម្ព័ន្ធ​តាម​ដងផ្លូវ ដើម្បី​លេ​ី​ក​កម្ពស់​សោភ័ណភាព​ក្រុង​សៀមរាប ឲ្យ​កាន់​តែមាន​ភាពស្រស់​ត្រកាល រួមមាន បំពាក់​ភ្លើង​បំភ្លឺ​សាធារណ​: និង​បំពាក់​ភ្លើង​សញ្ញា​ចរាចរណ៍ ព្រមទាំង​រៀបចំ​តុបតែង​សួន​ស្ពាន​ព្រះរាជដំណាក់ ដេ​ី​ម្បី​ចូលរួម​អបអរ​ឆ្នាំ​ថ្មី ឆ្នាំ​សកល​ឆ្នាំ​២០២៣​ជាដើម ។

​លោក ប្រាក់ សោ​ភ័​ណ្ឌ បានលើកឡើង​នៅក្នុង​កិច្ចសម្ភាសន៍​ថា ការងារ​រៀបចំ​កែលម្អ​នេះ គឺជា​ការ​រំលេច​នូវ​សោភ័ណភាព បៃតង​នៅតាម​ដងស្ទឹង តាម​រុក្ខវិថី​នានា​ក្នុង​ក្រុង បរិវេណ​ព្រះអង្គ​ចេក ព្រះអង្គ​ចម ក៏ដូចជា​នៅតាម​សួនច្បារ ដេ​ី​ម្បី​រៀ​ចំ​ភ្លើងពណ៌​នាពេល​រាត្រី​ឲ្យ​កាន់តែ​មានការ​ទាក់ទាញ​អារម្មណ៍​ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ដេ​ី​ម្បី​មក​ទស្សនា​កម្សាន្ត ក្នុងឱកាស​ឆ្លង​ឆ្នាំ​ថ្មី ឆ្នាំ​សកល ២០២៣​នេះ ព្រមទាំង​មានការ​ជឹះ​ទូក​កម្សាន្ត​តាម​ដងស្ទឹង​ប្រវត្តិសាស្ត្រ និង​ទស្សនា​ការសម្តែង របាំ និង រាំវង់​ស្គរ​ដៃ​ផងដែរ​។

​ម្យ៉ាងទៀត​ក៏​ជាការ​រួមចំណែក​ក្នុងការ​ជម្រុញ​ការផ្សព្វផ្សាយ​ពី​សត្តា​នុព​ល​របស់​ខេត្តសៀមរាប ក្នុងការ​ស្តារឡើងវិញ​នូវ​រាល់​វិស័យសេដ្ឋកិច្ច​ក្នុង​ខេត្តសៀមរាប ជាពិសេស​លើ​វិស័យ​ទេសចរណ៍​។ តាម​ការកត់សម្គាល់ បណ្តា​ភ្ញៀវទេសចរ​ទាំងនោះ បាន​ជួបជុំគ្នា​កម្សាន្ត​ពេល​រាត្រី​ឆ្លង​ឆ្នាំនេះ ដូចជា​នៅ​តំបន់​ផាប់​ស្ទ្រី​ត​, តាម​បណ្តោយ​ដងស្ទឹង​, នៅមុខ​សួនច្បារ​ព្រះរាជដំណាក់ និង​តំបន់​ផ្សេងៗ​មួយចំនួនទៀត ក្នុង​ក្រុង​សៀមរាប​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close