ក្រុមហ៊ុន​ផលិត​គ្រឿងអលង្ការ​ម៉ាក​ដ៏​ល្បី​មួយ នៅលើ​ពិភពលោក សម្រេច​ជ្រើស​រើសយក​កម្ពុជា ជា​គោលដៅ​វិនិយោគ

​កាលពី​រសៀល ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២៣ នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ឯកឧត្តម សុខ ចិន្តា​សោភា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី អគ្គលេខាធិការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានទទួល​ជួប​ប្រតិភូ​តំណាង​ក្រុមហ៊ុន​ផលិត​គ្រឿងអលង្ការ​សម្រាប់​ម៉ាក​ដ៏​ល្បី​មួយ ដែល​បានសម្រេច​ជ្រើស​រើសយក​កម្ពុជា ជា​គោលដៅ​វិនិយោគ សម្រាប់​បង្កើត​រោងចក្រ​ផលិត​នូវ​គ្រឿងអលង្ការ​លម្អ ដែល​នឹងត្រូវ​ផ្គត់ផ្គង់​ដល់​ក្រុមហ៊ុន​ដែលមាន​ម៉ាក​ល្បីៗ នៅលើ​ពិភពលោក​។

​ការសម្រេចចិត្ត​របស់​ក្រុមហ៊ុន​នេះ គឺ​ដោយបាន​សំឡឹង​ឃើញថា កម្ពុ​ជាមាន​វប្បធម៌ និង​អរិយធម៌​យូរអង្វែង ដែលជា​ចំណុច​សំខាន់​សម្រាប់​បន្ស៊ី​គ្នា​ជាមួយ​ផលិតផល​របស់ខ្លួន ដែល​គ្រោង​នឹង​ផលិត​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

​ក្រុមហ៊ុន បាន​សិក្សា​អំពី​សក្តានុពល​វិនិយោគ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា តាំងពី​ដើមឆ្នាំ​២០១៩ មកម្ល៉េះ មុននឹង​សម្រេច​បោះទុន​បង្កើត​រោងចក្រ​ផលិត​គ្រឿងអលង្ការ​នៅ​ប្រទេស​កម្ពុជា ដែល​គ្រោង​នឹង​ចាប់ផ្តើម​ប្រតិបត្តិ​ការវិនិយោគ​នៅ​ខែមករា ឆ្នាំ​២០២៤ ខាងមុខ ដោយ​ក្រុមហ៊ុន សូម​រក្សា​សិទ្ធិ​មិន​បញ្ចេញ​ឈ្មោះ​នាពេលនេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close