កម្ពុជា នាំចេញ​អង្ករ​ជិត ៦៤​ម៉ឺន​តោន និង​ស្រូវ​ជាង ៣.៤​លាន​តោន រកចំណូលបាន​ជាង ១ ២៥៥​លាន​ដុល្លារ ក្នុង​ឆ្នាំ​២០២២

ភ្នំពេញ៖ រយៈពេល​ពេញ​មួយឆ្នាំ​២០២២ កម្ពុជា​បាន​នាំចេញ​អង្ករ ទៅកាន់​ទីផ្សារ​អន្តរជាតិ​បាន​ចំនួន ៦៣៧ ០០៤ តោន និង​នាំចេញ​ស្រូវ​បាន​ចំនួន ៣ ៤៦៧ ៨៨៦​តោន ដែល​គិត​ជា​ទឹកប្រាក់​ប៉ាន់ស្មាន​បាន​ចំនួន​ជាង ១ ២៥៥​លាន​ដុល្លារ​សហរដ្ឋអាមេរិក​។

​បើតាម​សហព័ន្ធ​ស្រូវ​អង្ករ បញ្ជាក់ថា ក្នុង​រយៈពេល ១២​ខែ​នៃ​ឆ្នាំ​២០២២ ប្រទេស​កម្ពុជា តាមរយៈ​ក្រុមហ៊ុននាំចេញ​អង្ករ​ចំនួន​៦១ បាន​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ចំនួន ៥៩ ប្រទេស ដែល​ក្នុងនោះ ប្រទេស​ចិន​រួមទាំង​តំបន់​ស្វយ័ត​ហុងកុង ម៉ា​កាវ បាន​ចំនួន ២៨៨ ៨៣០ តោន ឬ​ស្មើនឹង ៤៥% ប្រទេស​នៅ​ទ្វីបអឺរ៉ុប​ចំនួន ២៥ បាន​បរិមាណ​សរុប​ចំនួន ២២១ ៥០៤ តោន ឬ​ស្មើនឹង ៣៥% ប្រទេស​សមាជិក​អាស៊ាន​ចំនួន​៤ បាន​បរិមាណ​សរុប​ចំនួន ៦៤ ៧៣៣ តោន ឬ​ស្មើនឹង ១០% និង​បណ្តា​គោលដៅ​ផ្សេងៗ នៅ​អាហ្វ្រិក អាមេរិក អូស្ត្រាលី រុស្សី អ៊ុយ​ក្រែ​ន ។​ល​។ ចំនួន ២៧ ប្រទេស និង​ដែន​កោះ​បាន​បរិមាណ​សរុប​ចំនួន ៦១ ៩៣៧ តោន ឬ​ស្មើនឹង ១០% នៃ​ការនាំចេញ​សរុប​ចំនួន ៦៣៧ ០០៤​តោន ដែលមាន​តម្លៃ​សរុប​ចំនួន ៤១៨.២៩ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។​

​កម្ពុជា​បាន​នាំចេញ​អង្ករ​ក្រអូប​ប្រណិត បាន​ចំនួន ២៧៧ ៧៣៩ តោន ឬ​ស្មើនឹង ៤៤% អង្ករ​សែន​ក្រអូប បាន​ចំនួន ១៧៩ ០៧០ តោន ឬ​ស្មើនឹង ២៨% អង្ករ​សបាន​ចំនួន ១៥៣ ៤២៨ តោន ឬ​ស្មើនឹង ២៤% អង្ករ​ចំហុយ​បាន​ចំនួន ១៥ ៧៨១ តោន ឬ​ស្មើនឹង ២% អង្ករ​សរីរាង្គ​បាន​ចំនួន ១០ ៩៦៣ តោន ឬ​ជិត ២% និង​អង្ករដំណើប​ចំនួន ២៣​តោន​។​

​សម្រាប់​ការនាំចេញ​ស្រូវ​ទៅកាន់​ប្រទេស​វៀតណាម​បាន​ចំនួន ៣ ៤៧៧ ៨៨៦ តោន​ដែល​គិត​ជា​ទឹកប្រាក់​ចំនួន​ប្រមាណ​ជា ៨៤១.០៩ លាន​ដុល្លារ​សហរដ្ឋអាមេរិក​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close