ក្រសួងសុខាភិបាល ច្រានចោលការពន្យល់បែបមិនច្បាស់លាស់ ទាក់ទងជំងឺកូវីដ១៩ ប្រភេទ XBB
ភ្នំពេញ៖ ថ្មីៗនេះ មានការចែកចាយនូវព័ត៌មានមួយចំនួន ពាក់ព័ន្ធការរកឃើញវីរុសកូវីដ១៩ ប្រភេទថ្មី XBB នៅក្រៅប្រទេស ហើយក៏មានការពន្យល់មួយចំនួនផងដែរ ជុំវិញរោគសញ្ញា និងស្ថានភាពរបស់អ្នកជំងឺក្រោយឆ្លងវីរុសប្រភេទថ្មីនេះ។
ប៉ុន្ដែជុំវិញការចែកចាយខ្លឹមសារពន្យល់បែបមិនច្បាស់លាស់នោះ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣នេះ បានចេញមកច្រានចោលទាំងស្រុង ហើយអំពាវនាវឲ្យប្រជាពលរដ្ឋបញ្ឈប់ការចែកចាយ និងផ្សព្វផ្សាយខ្លឹមសារព័ត៌មានទាំងនោះ។
ក្រៅពីការច្រានចោលនេះ លោកស្រី ឱ វណ្ណឌីន បានអះអាងថា XBB variant មានរោគសញ្ញាប្រហាក់ប្រហែលនឹងជំងឺផ្តាសាយធំដូចយេីងបានដឹងរួចមកហេីយ។ គ្រប់តែប្រភេទវីរុស ទោះជាអូមីក្រុងក្តី ដែលតាក្តី ឬប្រភេទផ្សេងៗទៀតក្តី បេីខ្វះនូវការការពារវាអាចឆ្លងគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង ហេីយក៏អាចវិវត្តន៍ទៅធ្ងន់ធ្ងរបានដែរ ជាពិសេសអ្នកមានជំងឺប្រចាំកាយ និងមនុស្សវ័យចាស់ជាដេីម។
អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្របខ័ណ្ឌទូទាំងប្រទេសរូបនេះ បានគូសបញ្ជាក់ថា វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ បន្តបន្ទាប់ នៅតែជួយកាត់បន្ថយបានជាអតិប្បរិមារនូវអត្រាឈឺធ្ងន់ធ្ងរ អត្រាស្លាប់ និងអត្រាចូលសម្រាកពេទ្យ។ ដូច្នេះសូមចូលរួមចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញបន្តបន្ទាប់ទៀត និងបន្តប្រុងប្រយ័ត្នដោយអនុវត្តន៍វិធានការ ៣ការពារ និង៣កុំ។
សូមជម្រាបថា កន្លងទៅថ្មីៗនេះ មានការចែកចាយព័ត៌មាន ពាក់ព័ន្ធការរកឃើញវីរុសកូវីដ១៩ ប្រភេទថ្មី XBB ហើយគេអះអាងថា មានជាតិពុល៥ដងច្រើនជាងប្រភេទ Delta ហើយមានអត្រាមរណភាពខ្ពស់ជាង។ វាត្រូវការពេលវេលាខ្លីជាងសម្រាប់ស្ថានភាពនេះឈានដល់ភាពធ្ងន់ធ្ងរខ្លាំង ហើយជួនកាលមិនមានរោគសញ្ញាច្បាស់លាស់ទេ។ ដូច្នេះហើយទើបក្រសួងសុខាភិបាលចេញមកច្រានចោលតែម្ដង៕
ប្រភព៖ Fresh News
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។