ឆ្នាំ​២០២២! កម្ពុជា រក​ចំណូល​ជាង ១១​លាន​ដុល្លារ ពី​ការលក់​បណ្ណ​ចូល​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ

​សៀមរាប​៖ ពេញ​មួយឆ្នាំ​២០២២ ចំណូល​ដែល​ទទួលបាន​ពី​ការលក់​បណ្ណ ជូន​ភ្ញៀវទេសចរ​បរទេស ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​បាន​ចំនួន ១១ ៥២៨ ១៥៨​ដុល្លារ កើនឡើង​២០៨២% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា ឆ្នាំ​២០២១ ហើយ​សម្រាប់​ភ្ញៀវទេសចរ​វិញ មាន​ចំនួន ២៨៧ ៤៥៤​នាក់ កើនឡើង ២១៣៣%​។

​តាម​សេចក្តីប្រកាស​ព័ត៌មាន របស់​គ្រឹះស្ថាន​អង្គរ ដែល​
​ទទួលបាន​នៅ​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២៣​នេះ បញ្ជាក់ថា ចំណូល​ដែល​បាន​ពី​ការលក់​សំបុត្រ ចូល​ទស្សនា​អង្គរ​ក្នុង​ឆ្នាំ​២០២២ ត្រូវបាន​ឧបត្ថម្ភ​ចូល​មូលនិធិ​គន្ធបុប្ផា​កម្ពុជា ចំនួន​៥៧៤ ៩០៨​ដុល្លារ​។​

​ដោយឡែក​ចំណូល​ពី​ការលក់​បណ្ណ ចូល​ទស្សនា​ប្រាសាទ​កោះកែរ សម្រាប់​រយៈពេល​ពេញ​មួយឆ្នាំ​២០២២ មាន​ភ្ញៀវទេសចរ​ចូល​ទស្សនា​ចំនួន ៦០៣០​នាក់ ទទួលបាន​ទឹកប្រាក់ ៩០៤៥០​ដុល្លារ​។​

​ចំពោះ​ការលក់​សំបុត្រ​ជិះទូក ទស្សនា​បឹង​ទន្លេសាប នៅ​កំពង់ផែ​ទេសចរណ៍​ចុង​ឃ្នៀ​ស ដែល​ចាប់ផ្តើម​អនុវត្តន៍​ចាប់ពី​ខែកុម្ភៈ រហូតដល់​ដំណាច់ឆ្នាំ​២០២២ ទទួលបាន​ចំណូល ១៦៥ ៣០៨​ដុល្លារ​។​

​យោងតាម​ទិន្នន័យ​របស់​ដោយ​គ្រឹះស្ថាន​អង្គរ បង្ហាញ​ពីស​ញ្ញា​មួយ​បញ្ជាក់ថា និន្នាការ​ភ្ញៀវទេសចរ​ចាប់ផ្តើម កម្រើក​ឡើងវិញ​បន្តិច​ម្តងៗ បន្ទាប់ពី​រាជរដ្ឋាភិបាល បើក​ប្រទេស​ឡើងវិញ​ពេញលេញ ចាប់តាំងពី​ចុងឆ្នាំ​២០២១​មក និង​ការគ្រប់គ្រង​ជំងឺ​កូ​វីដ​១៩ បាន​ដោយ​ជោគជ័យ បង្កើតបាន​នូវ​ជំនឿ​ចិត្ត​ដល់​ភ្ញៀវទេសចរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close