ប្រទេសអឺរ៉ុបជាច្រើន ត្រូវបង្ខំចិត្តសម្លាប់មាន់រាប់ម៉ឺនក្បាល ដើម្បីទប់ស្កាត់ជំងឺផ្តាសាយបក្សី
កសិករចិញ្ចឹមបសុបក្សីនៅទូទាំងទ្វីបអឺរ៉ុប ត្រូវបានបង្ខំឱ្យសម្លាប់ហ្វូងសត្វរបស់ពួកគេចោល នៅក្នុងកិច្ចខិតខំប្រឹងប្រែងចុងក្រោយបង្អស់ ដើម្បីពន្យឺតការរីករាលដាលនៃជំងឺផ្តាសាយបក្សីដែលឆ្លងខ្លាំងនៅក្នុងទ្វីបនេះ។
ក្នុងថ្ងៃពុធសប្តាហ៍នេះ អាជ្ញាធរស៊ុយអែតបានប្រកាសថា ពួកគេនឹងសម្លាប់សត្វមាន់ប្រហែល ១៦៥,០០០ក្បាលនៅឯកសិដ្ឋានមួយកន្លែង ស្ថិតនៅភាគខាងត្បូងនៃប្រទេស បន្ទាប់ពីជំងឺឆ្លងបានផ្ទុះឡើង។ ចំណែកសាធារណរដ្ឋឆេកវិញ បានប្រកាសក្នុងសប្តាហ៍នេះថា មាន់ជាង ៧៥០,០០០ក្បាលនៅក្នុងចង្កោមកសិដ្ឋាននៅភាគខាងលិចនៃប្រទេស ត្រូវបានសម្លាប់ដោយហេតុផលស្រដៀងគ្នានេះដែរ។
ទន្ទឹមគ្នា បារាំងក៏ត្រូវបានគេរាយការណ៍ផងដែរថា កំពុងពិចារណាលើការចាក់វ៉ាក់សាំងការពារដល់សត្វមាន់នៅទូទាំងប្រទេស។
បើតាមមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺអឺរ៉ុប ការផ្ទុះឡើងនៃជំងឺផ្តាសាយបក្សី នៅចន្លោះខែតុលា ឆ្នាំ២០២១ ដល់ខែកញ្ញា ឆ្នាំ២០២២ គឺជា “ការបំផ្លិចបំផ្លាញដ៏ធ្ងន់ធ្ងរបំផុត” ដែលទ្វីបនេះមិនធ្លាប់កើតមាន ជាមួយនឹងការផ្ទុះឡើងរហូតដល់ ២,៥០០ករណីឯណោះនៅក្នុងបណ្តាប្រទេសអឺរ៉ុបចំនួន ៣៧។
ជំងឺនេះ ត្រូវបានគេស្គាល់តាមបែបវិទ្យាសាស្ត្រថា ជាជំងឺគ្រុនផ្តាសាយបក្សី H5N1ដែលត្រូវបានគេរកឃើញលើកដំបូងក្នុងឆ្នាំ១៨៧៩ ហើយបានឆ្លងរីករាលដាលចាប់តាំងពីពេលនោះមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។