កម្ពុជា​-​អូស្ត្រាលី ប្រកាស​ពី​ការបង្កើត​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច ដើម្បី​ជួយ​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំងពីរ​

​ភ្នំពេញ​៖ ដោយមាន​ការស្នើសុំ​ពី​ធុរជន​អូស្ត្រាលី និង​ទទួលបាន​លិខិត​របស់​ក្រសួងពាណិជ្ជកម្ម ស្តីពី​ការពិនិត្យ​លទ្ធភាព​បង្កើត ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​កម្ពុជា​-​អូស្ត្រាលី​, សភាពាណិជ្ជកម្ម​កម្ពុជា បាន​ឯកភាព​គាំទ្រ​ជាគោលការណ៍​ទៅលើ​ការបង្កើត ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​កម្ពុជា​-​អូស្ត្រាលី ក្នុង​គោលបំណង​ជួយ​ជំរុញ​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម​របស់​ប្រទេស​ទាំងពីរ​។

​នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន ដែល​បទ​ទួលបាន​នៅ​ថ្ងៃទី​៥ មករា ថា​ ​ក្រុមប្រឹក្សា​នេះ នឹង​ជួបប្រជុំគ្នា​ជា​ទៀងទាត់ ដើម្បី​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ និង​អនុវត្តន៍​សកម្មភាព​ជំរុញ​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី រួមមាន​ដូចជា រៀបចំ​សិក្ខាសាលា​ធុរកិច្ច បេសកកម្ម​ពាណិជ្ជកម្ម ទស្សនកិច្ច​ធុរកិច្ច និង​សកម្មភាព​ផ្សេងៗ​ទៀត​។​

​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ធុរកិច្ច​កម្ពុជា​-​អូស្ត្រាលី បំពេញភារកិច្ច​សំខាន់ៗ​ដូចខាងក្រោម​៖

*​ផ្តល់យោបល់​អំពី​ការទាក់ទាញ​ការវិនិយោគ​ដោយផ្ទាល់​ពី​បរទេស និង​ពាណិជ្ជកម្ម ដើម្បី​ពង្រឹង​និង​អភិវឌ្ឍន៍​ការតភ្ជាប់​ឧស្សាហកម្ម​និង​ធុរកិច្ច​រវាង​កម្ពុជា និង​អូស្ត្រាលី​

*​បង្កលក្ខណៈ​ងាយស្រួល និង​ត​ភ្ជាប់​ទំនាក់​ទំនងជា​មួយក្រុម​ហ៊ុន​អូស្ត្រាលី និង​ក្រុមហ៊ុន​អន្តរជាតិ ដើម្បី​ជំរុញ​ការវិនិយោគ ពាណិជ្ជកម្ម និង​ទេសចរណ៍​មកកាន់​កម្ពុជា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close