ក្រសួងទេសចរណ៍ ស្វាគមន៍យ៉ាងកក់ក្តៅចំពោះទេសចរចិន ចូលមកកម្ពុជា
ភ្នំពេញ៖ ក្រសួងទេសចរណ៍ នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២៣ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពីកម្ពុជាស្វាគមន៍យ៉ាងកក់ក្តៅចំពោះទេសចរចិន ដែលជាការបញ្ជាក់ថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលភ្ញៀវទេសចរចិន ប្រកបដោយបដិសណ្ឋាកិច្ច រួសរាយ រាក់ទាក់ដ៏កក់ក្តៅបំផុត ខណៈរដ្ឋាភិបាលចិន នឹងបើកប្រទេសឡើងវិញនាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ ពោលគឺបាំងតែ២ថ្ងៃទៀតប៉ុណ្ណោះ។
សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ថា ប្រទេសចិនជាប្រទេសធំ មានប្រជាជនច្រើន ជាទីផ្សារទេសចរណ៍ដ៏ធំបំផុតនៅក្នុងតំបន់ និងពិភពលោក និងជាប្រទេសមួយដែរនៅក្នុងតំបន់មិនឆ្ងាយពីកម្ពុជា និងមានទំនាក់ទំនងសហប្រតិបត្តិការ ការតភ្ជាប់ជើងហោះហើរ និងការដឹកជញ្ជូនល្អ ជាពិសេសគឺចំណងមិត្តភាពដ៏រឹងមាំជាយុទ្ធសាស្ត្រ សហគមន៍ជោគវាសនារួម ដែលបង្ហាញឱ្យឃើញកាន់តែច្បាស់ថាទីផ្សារទេសចរណ៍ចិន ជាទីផ្សារអាទិភាពខ្ពស់បំផុតសម្រាប់អាស៊ាន ក៏ដូចជាកម្ពុជា។
មុនវិបត្តិជំងឺកូវីដ-១៩នៅឆ្នាំ២០១៩ ទេសចរចិនបានចេញក្រៅប្រទេសមានប្រមាណ១៥៥លាននាក់ ស្មើនឹង១០%នៃទេសចរពិភពលោក (១៥០០លាននាក់) នាំមកនូវចំណាយទេសចរណ៍ប្រមាណ២៥៨ប៊ីលានដុល្លារ ស្នើនឹង១ភាគ៥នៃចំណាយទេសចរណ៍ពិភពលោក (១.៣ ទ្រីលានដុល្លារ)។ សម្រាប់តំបន់អាស៊ានក៏ទទួលបានទេសចរចិនចំនួន៣២.២លាននាក់ ស្មើនឹង២២.៥%នៃទេសចរពិភពលោក ដែលក្នុងនោះថៃទទួលបាន១១លាននាក់, សិង្ហបុរីទទួលបាន៣.៤លាននាក់ និងម៉ាឡេស៊ីទទួលបាន៣.១លាននាក់។ ដោយឡែក ទេសចរចិនមកកម្ពុជានៅឆ្នាំ២០១៩ មានជាង២.៣លាននាក់ ស្មើនឹង៣៥.៧%នៃទេសចរអន្តរជាតិសរុប (៦.៦លាននាក់) គិតជាចំណូលស្មើប្រមាណ១៨០០លានដុល្លារអាមេរិក លើចំណូលទេសចរណ៍សរុបប្រមាណ៥ប៊ីលានដុល្លាររបស់កម្ពុជា ខណៈដែលឆ្នាំ២០១៩ កម្ពុជាក៏ទទួលបានវិនិយោគគិនចិនលើវិស័យពាក់ព័ន្ធនឹងទេសចរណ៍ប្រមាណជាង៥០%នៃទុនវិនិយោគបរទេស (FDI) សរុបរបស់កម្ពុជា។
ប៉ុន្តែក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ ឆ្នាំ២០២០-២០២២ ស្ថានភាពនៃទីផ្សារទេសចរណ៍ចិនមានការផ្លាស់ប្តូរយ៉ាងរហ័ស និងបានធ្លាក់ចុះយ៉ាងគំហុកទៅកាន់គ្រប់គោលដៅទេសចរណ៍ក្នុងពិភពលោកទាំងមូល ដោយសារការដាក់ចេញនូវរបាំងនៃការធ្វើដំណើរចេញក្រៅប្រទេសរបស់ចិន។ សម្រាប់ឆ្នាំ២០២៣ ក្រោយវិបត្តិជំងឺឆ្លងកូវីដ-១៩បានធូរស្រាល ស្របតាមនិន្នាការថ្មីៗ និងការណ៍ដែលរដ្ឋាភិបាលចិនបានការអនុញ្ញាតឱ្យមានសកម្មភាពទេសចរណ៍ចេញក្រៅប្រទេស និងការបើកទទួលទេសចរអន្តរជាតិឡើងវិញ បានផ្តល់នូវកាលានុវត្តភាពដល់បណ្តាប្រទេសជាគោលដៅទេសចរណ៍នៅលើពិភពលោក រួមទាំងកម្ពុជា ក្នុងការស្វាគមន៍ទទួលទេសចរចិនឡើងវិញ។
កម្ពុជាមានសេចក្តីរីករាយទទួលស្វាគមន៍ទេសចរចិនមកទស្សនាកម្ពុជាដោយឥតលក្ខខណ្ឌផ្នែកសុខាភិបាល ហើយកម្ពុជា ក៏បានត្រៀមរួចជាស្រេចក្នុងការទទួលទេសចរចិន ក៏ដូចជាទេសចរអន្តរជាតិផ្សេងទៀតដែរ ដូចដែលបានគូសបញ្ជាក់ និងយោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ កាលពីថ្ងៃទី២ ខែមករា កន្លងទៅនេះ។
សេចក្ដីប្រកាសបានបន្តថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវការសម្រួលការធ្វើដំណើរ ដោយបានដកចេញរបាំងសុខាភិបាលតាំងពីក្នុងឆ្នាំ២០២២កន្លងមក នៅពេលដែលកម្ពុជាប្រកាសបើកប្រទេសឡើងវិញ។ សូមប្រកាសបញ្ជាក់ជូនថា កម្ពុជាជាគោលដៅទេសចរណ៍ដ៏កក់ក្តៅបំផុត ដោយសារកម្ពុជាជាប្រទេសដែលបានទទួលនូវការវាយតម្លែពីអង្គការសុខភាពពិភពលោក ជាប្រទេសឈានមុខគេក្នុងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ទាំងដូសមូលដ្ឋាន និងដូសជំរុញច្រើនជាងគេ ដែលបង្កើតបាននូវភាពស៊ាំសហគមន៍យ៉ាងល្អហើយបើកប្រទេសឡើងវិញ បើកសកម្មភាពសេដ្ឋកិច្ច-សង្គមមុនគេក្នុងតំបន់ ដោយបានប្រកាន់ខ្ជាប់នូវគោលការណ៍ «រៀនរស់ជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី»។
ចំពោះទីផ្សារទេសចរចិន ដោយអនុវត្តន៏តាមយុទ្ធសាស្ត្ររបស់អង្គការទេសចរណ៍ពិភពលោក (UNWTO) កម្ពុជាតែងតែបានយកចិត្តទុកដាក់ជំរុញយុទ្ធសាស្ត្រ និងផែនការសកម្មភាពជាច្រើនក្នុងការទាក់ទាញទេសចរចិន ដូចជា យុទ្ធសាស្ត្រ សៀវភៅស China- Ready សម្រាប់ឧស្សាហកម្មទេសចរណ៍កម្ពុជា ក្នុងនោះមានបង្កើតក្រុមការងារមជ្ឈមណ្ឌល China-Ready Center ការបណ្តុះបណ្តាលភាសា និងវប្បធម៌ចិនដល់មន្ត្រី និងបុគ្គលិក ពង្រឹងមគ្គុទេ្ទសក៍ទេសចរណ៍ភាសាចិន ទាក់ទាញអ្នកវិនិយោគចិន ហេដ្ឋារចនាសម្ព័ន្ធគាំទ្រនានា និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍កម្ពុជាត្រៀមទទួលទេសចរចិនលើសេវាកម្មចំនួន៧ (សណ្ឋាគារនិងសេវាកម្មស្នាក់នៅទេសចរណ៍ ភោជនីយដ្ឋាន ការីទេសចរណ៍ និងភ្នាក់ងារទេសចរណ៍ សេវាដឹកជញ្ជូនទេសចរណ៍ រមណីយដ្ឋាន សេវាកម្សាន្តទេសចរណ៍និងផ្សារទំនើប និងហាងលក់វត្ថុអនុស្សាវរីយ៍) និងលក្ខណៈវិនិច្ឆ័យចំនួន៥ (បុគ្គលិកជួរមុខចេះចិន និងយល់ពី China-Ready មានការផ្សព្វផ្សាយតាមអនឡាញជាភាសាចិន មានឯកសារផលិតផល និងផ្លាកសញ្ញាបកប្រែចិន សេវាអតិថិជនឆ្លើយតបទីផ្សារចិន និងមានស្តង់ដាគុណភាពសេវាកម្ម)។
ស្របពេលជាមួយគ្នា ដោយឆ្នាំ២០២៣នេះក៏ជាឆ្នាំខួបអនុស្សាវរីយ៍លើកទី៦៥នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងជាឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023) ក្រោមពាក្យស្លោក «គ្រប់ថ្ងៃគឺជាអច្ឆរិយភាព Every Day Is A Wonder» ក្រសួងទេសចរណ៍បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធបន្តជំរុញការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ វប្បធម៌ កីឡា និងសកម្មភាពផ្សព្វផ្សាយទេសចរណ៍នានា ទាំងនៅកម្ពុជា និងនៅចិន រួមជាមួយនឹងការផ្តល់សេវាកម្មទេសចរណ៍ឱ្យបានកាន់តែល្អប្រសើរ និងបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្តៅដល់ទេសចរចិន។ ជាមួយគ្នានេះ ក្រសួងទេសចរណ៍នឹងដាក់ចេញយុទ្ធនាការមេត្រីភាពទេសចរចិន «កម្ពុជា-ចិនមិត្តល្អ» ដើម្បីទទួលទេសចរចិននៅឆ្នាំ២០២៣ផងដែរ។ សក្តានុពលយ៉ាងធំនៃវិនិយោគិន និងទេសចរចិនមកកម្ពុជានឹងរួមចំណែកដល់ការរីកចម្រើននៃវិស័យទេសចរណ៍ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជា។
ជាមួយការត្រឡប់មកវិញនៃទេសចរចិន កម្ពុជារំពឹងថានឹងទទួលបានទេសចរអន្តរជាតិប្រមាណ៧លាននាក់នៅឆ្នាំ២០២៥ ដូចការគ្រោងទុកក្នុងផែនទីចង្អុលផ្លូវស្តីពីផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុង និងក្រោយវិបត្តិជំងឺកូវីដ-១៩។ ក្រសួងទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍រីករាយនិងសូមស្វាគមន៍ និងបានត្រៀមខ្លួនរួចរាល់ជាស្រេចទទួលវិនិយោគិន និងទេសចរចិន ជាមួយនឹងបដិសណ្ឋាកិច្ច រួសរាយ រាក់ទាក់ដ៏កក់ក្តៅបំផុត។
គួរជម្រាបថា រដ្ឋាភិបាលចិនបានប្រកាសថានឹងបិទបញ្ចប់ការតម្រូវឱ្យធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរចូលមកក្នុងប្រទេស ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣ តទៅ ដែលនេះជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការបើកប្រទេសឡើងវិញ គិតចាប់តាំងពីបានបិទច្រកទ្វារអន្តរជាតិមួយផ្នែកធំកាលពីដើមឆ្នាំ២០២០កន្លមក៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។