ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​តួ​ក​គី សម្រេចបាន ៤៦២,៦៣​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល​៥​ឆ្នាំ​

​ភ្នំពេញ​៖ កាលពី​ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០២៣ នៅ​ទីស្តីការ​ក្រសួងពាណិជ្ជកម្ម លោកជំទាវ តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម បាន​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ពិភាក្សា​លើ​កំណត់ហេតុ​រួម​នៃ​កិច្ចប្រជុំ ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​លើក​ទី​៣ គណៈកម្មការ​សេដ្ឋកិច្ច​ចម្រុះ​កម្ពុជា​-​តួ​ក​គី​ដែល​គ្រោង​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី​១០-១១ ខែមករា ឆ្នាំ​២០២៣ នៅ​រាជធានី​ភ្នំពេញ​។ កិច្ចប្រជុំ​អន្តរក្រសួង​នេះ មានការ​ចូលរួម​ពី ឯកឧត្តម លោក​លោកស្រី ថ្នាក់ដឹកនាំ​-​មន្ត្រី​ជំនាញ​នៃ​ក្រសួងពាណិជ្ជកម្ម និង​អន្តរក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​១៤​ស្ថាប័ន​។

​ជា​កិច្ច​ចាប់ផ្ដើម លោកជំទាវ​ប្រធាន​អង្គប្រជុំ បាន​ថ្លែងអំណរគុណ​ជូន​ដល់​តំណាង​អន្តរក្រសួង​ចំពោះ​ការចំណាយ ពេលវេលា​ដ៏​មានតម្លៃ​ចូលរួម​កិច្ចប្រជុំ​នេះ​។ ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ​ផងដែរ លោកជំទាវ​ប្រធាន បានស្នើ​ដល់​តំណាង​អន្តរក្រសួង​ទាំង​១៤​ស្ថាប័ន ចូលរួម​ពិភាក្សា​និង​ផ្តល់​ធាតុ​ចូល​ឱ្យបាន​ផុសផុល​លើ​សេចក្តីព្រាង​កំណត់ហេតុ​រួម ដើម្បី​ត្រៀម​រៀបចំ​កិច្ចប្រជុំ​លើក​ទី​៣ នៃ​គណៈកម្មការ​សេដ្ឋកិច្ច​ចម្រុះ​កម្ពុជា​-​តួ​ក​គី នាពេលខាងមុខ​ឱ្យទទួល​ជោគជ័យ​និង​ប្រកបដោយ​ប្រសិទ្ធភាព​។​

​ជា​លទ្ធផល អង្គ​ប្រជុំបាន​ពិភាក្សា និង​ផ្លាស់ប្តូរ​យោបល់​លើ​សេចក្តីព្រាង​កំណត់ហេតុ​រួម ដែល​គ្របដណ្ដប់​លើ​វិស័យ​អាទិភាព​រួមមាន​៖ ពាណិជ្ជកម្ម វិនិយោគ ធុរកិច្ច ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា​និង​នវានុវត្តន៍ ហា​ឡា​ល សហគ្រាស​ធុន​តូច​និង​មធ្យម កសិកម្ម ដឹកជញ្ជូន អាកាសចរ ស៊ីវិល សុខាភិបាល អប់រំ ទេសចរណ៍ និង​វិស័យ​ពាក់ព័ន្ធ​ដទៃទៀត ក្នុងន័យ​ជំរុញ​និង​ទាញ​អត្ថប្រយោជន៍​ឱ្យបាន​ជា​អតិបរមា​ពី​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​កម្ពុជា​-​តួ​ក​គី ស្របតាម​គោលនយោបាយ​ស្ដារ​និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច ឡើងវិញ បន្ទាប់ពី ការរង​វិបត្តិ​សកល​កូ​វីដ​១៩​។​

​គួរ​បញ្ជាក់ថា​៖ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​តួ​ក​គី សម្រេចបាន ៤៦២,៦៣​លាន​ដុល្លារ​អាមេរិក ក្នុង​រយៈពេល​៥​ឆ្នាំ​(២០១៧-២០២១)​។ ចំណែក ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ក្នុង​រយៈពេល ១១​ខែ នៃ​ឆ្នាំ​២០២២ សម្រេចបាន​រហូតដល់ ១៣៦.១៤៩ លាន​ដុល្លារ​អាមេរិក ដែល​កើនឡើង ៦៣.៦% បើ​ធៀប​នឹង​រយៈពេល ដូចគ្នា​ក្នុង​ឆ្នាំ ២០២១​។ ក្នុងនោះ កម្ពុជា​នាំចេញ​មុខទំនិញ ទៅ តួ​ក​គី ដូចជា​៖ សម្លៀកបំពាក់ វាយ​ន​ភណ្ឌ ស្បែកជើង សម្ភារៈ​ធ្វើដំណើរ អង្ករ ។​ល​។ ដោយឡែក​ការនាំ​ចូល​ទំនិញ​ពី​តួ​ក​គី មានដូចជា​៖ ម៉ាស៊ីន កប្បាស ផលិតផល​ឱសថ កញ្ចក់ ដែក ផលិតផល​ប្លា​ស្ទិ​ក និង​ទំនិញ​ដទៃទៀត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close