រុស្ស៊ី និង​តួ​ក​គី ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិការ​ថា​ម​ពល និង​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​

​មូ​ស្គូ​៖ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ពិភាក្សា​អំពី​ការអភិវឌ្ឍន៍​កិច្ចសហប្រតិបត្តិការ​ថា​ម​ពល និង​ស្ថានភាព​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន ក្នុងអំឡុង​ការសន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​ប្រធានាធិបតី​តួ​ក​គី លោក តា​យ​យី​ប អឺ​ដូ​ហ្កា​ន់ នៅ​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ​។​

​វិមាន​ក្រឹម​ឡាំង​បានបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា មេដឹកនាំ​ទាំងពីរ​បាន​ពិភាក្សា​អំពី​បញ្ហា​នៃ​ការពង្រីក​បន្ថែមទៀត នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​សេដ្ឋកិច្ច ជា​ចម្បង​នៅក្នុង​វិស័យ​ថាមពល​។ លោក ពូ​ទីន និង​លោក អឺ​ដូ​ហ្កា​ន់ ក៏បាន​ផ្លាស់ប្តូរ​ទស្សនៈ​គ្នា​ស្តីពី​ស្ថានភាព​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​ផងដែរ​។

​បន្ថែម​លើ​នេះ មេដឹកនាំ​ទាំងពីរ​បានកត់សម្គាល់​ពី​អាទិភាព នៃ​ការអនុវត្ត​គម្រោង​រួម​សំខាន់ៗ​ជា​យុទ្ធសាស្ត្រ ដូចជា​ការបង្កើត​មជ្ឈមណ្ឌល​ឧស្ម័ន​ក្នុង​តំបន់​នៅ​ប្រទេស​តួ​ក​គី និង​ការសាងសង់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Akkuyu ។

​នាឱកាស​នោះដែរ លោក ពូ​ទីន បានកត់សម្គាល់​ពី​ការ​ដើរតួ​បំផ្លិចបំផ្លាញ​របស់​បណ្តា​ប្រទេស​លោកខាងលិច ដែល​ផ្គត់ផ្គង់​អាវុធ​ដល់​អ៊ុយ​ក្រែ​ន និង​បាន​ផ្តល់ព័ត៌មាន​អំពី​ស្ថានភាព​នៅលើ​សមរភូមិ​ជើងគោក និង​គោលដៅ​សក្តានុពល​។

​បើតាម​វិមាន​ក្រឹម​ឡាំង លោក ពូ​ទីន ក៏បាន​បញ្ជាក់​ពី​ការបើកចំហរ​របស់​រុស្ស៊ី​ចំពោះ​កិច្ចសន្ទនា​ដ៏​ប្រាកដនិយម​ស្តីពី​អ៊ុយ​ក្រែ​ន និង​ថា អាជ្ញាធរ​ក្រុង​កៀវ​ដឹង​យ៉ាងច្បាស់ អំពី​តម្រូវការ និង​ការទទួលស្គាល់​ទឹកដី​ថ្មី​ដែល​ទើប​កាត់​បញ្ចូល​ជា​របស់​ប្រទេស​រុស្ស៊ី​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close