ដកបញ្ឈរជើងប៉ូលិសចរាចរណ៍ជាង ១០នាក់ ជាបណ្តោះអាសន្ន រឿងជម្លោះផាកពិន័យជាមួយជនជាតិចិន

ស្នងការនគរបាលខេត្តតាកែវ បានដកបញ្ឈរជើងប៉ូលិសចរាចរណ៍បណ្តោះអាសន្នជាង ១០នាក់ ដោយ​រង់ចាំលទ្ធផល​នៃការ​ស៊ើបអង្កេតជាក់លាក់ ដើម្បីមានមូលដ្ឋានរាយការណ៍ជូនថ្នាក់ដឹកនាំ និងមានវិធានការ ឬអនុវត្តវិន័យកងកម្លាំង ក្នុងករណីរកឃើញមានការអនុវត្តខុសគោលការណ៍។

ការដកបញ្ឈរជើងនេះ បន្ទាប់ពីមានរឿងជម្លោះផាកពិន័យជាមួយជនជាតិចិនម្នាក់។ ក្រុមការងារ​ប្រតិ​កម្មរហ័ស នៃស្នង​ការ​ដ្ឋាននគរបាលខេត្តតាកែវ បានឱ្យដឹងថា កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣ មានគណនីហ្វេសប៊ុក របស់ជនជាតិចិន បានផុសផ្សាយដោយចោទប្រកាន់ថា ប៉ូលិស​ចរាចរណ៍នៅតាមផ្លូវជាតិលេខ៣ ប្រើប្រាស់អំពើហិង្សាលើរូបគេ និង​ផាក​ពិ​ន័យ គ្មានវិក័យ​បត្រ​ចំនួន៥០$ ខណៈរូបគេបើកបរលើសល្បឿនកំណត់។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាល​ខេត្ត​តាកែវ បាន​បញ្ជា​ឱ្យ​បង្កើតក្រុមការងារមួយ ធ្វើការស្រាវជ្រាវបន្ទាន់ដើម្បីស្វែងរកការពិត និងបំភ្លឺជូនសាធារណជន ចំពោះ​ករណីនេះ។ ក្នុងរ​បាយ​​ការណ៍បឋមបានឱ្យដឹងថា កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ ខណៈពេលកម្លាំងចរាចរណ៍​ផ្លូវគោកគោលដៅ​ផ្លូវ​ជាតិលេខ៣ ក្រុមទី២ ដឹកនាំដោយលោកវរសេនីយ៍ត្រី ជា ហាក់ ជាប្រធានក្រុម និងសមាជិកចំនួន ១៣នាក់ ចុះត្រួត​ពិ​និត្យ​រឹតបណ្តឹងការអនុវត្តច្បាប់ស្ដីចរាចរណ៍ផ្លូវគោក និងត្រួតពិនិត្យការបើកបរលើសល្បឿនកំណត់ នៅចន្លោះគីឡូម៉ែត្រលេខ៦៨-៦៩ ស្ថិតក្នុងភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

ក្នុងពេលអនុវត្តកម្លាំងជំនាញបានពិនិត្យឃើញរថយន្តមួយគ្រឿងម៉ាកស្ដារិច ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AW-77​01 ជិះម្នាក់ឯង បើកបរពីជើងទៅត្បូង ក្នុងល្បឿន ១០៦គីឡូម៉ែត ក្នុងមួយម៉ោង ខណៈដែលល្បឿនអតិប្បរមា​នៅទីតាំង​បានកំណត់ត្រឹមតែ៨០គីឡូម៉ែត្រក្នុងមួយម៉ោងប៉ុណ្ណោះ(លើសល្បឿន២៦គីឡូម៉ែត្រក្នុងមួយម៉ោង) ត្រូវធ្វើការផាក​ពិន័យ​ជាទឹកប្រាក់ចំនួន ១៥០,០០០៛។ ខណៈពេលដែលកម្លាំងជំនាញកំពុងបង្ហាញឱ្យអ្នកបើកបរជាជនជាតិចិន ស្រាប់​តែ ជនជាតិចិនខាងលើ បានស្រែកឡូឡា បញ្ចេញអាកប្បកិរិយាមិនសមរម្យដាក់នគរបាល មានចរឹកច្រង៉េងច្រង៉ាង ក្នុងន័យ​ប្រកែកមិនទទួលស្គាល់កំហុស បើទោះជាសមត្ថកិច្ចបានបង្ហាញរូបភាពរថយន្ត ផ្លាកលេខរថយន្ត នៅក្នុងម៉ាស៊ីន​ចាប់ល្បឿន​ក៏ដោយ។

ដោយសារជនជាតិចិនមិនចេះខ្មែរ នគរបាលបានពន្យល់ណែនាំឱ្យហៅទូរសព្ទ(ខល)ទៅអ្នកបកប្រែ តែជនជាតិចិន​នោះ​មិន​បាន​បានធ្វើតាមទេ ដោយយកទូរសព្ទមកថតនគរបាលតែម្ដង ទោះនគរបាលបានណែនាំកុំឱ្យថតក៏ដោយ ទើបនគរ​បាល​នៅគោលដៅ បានព្យាយាមឃាត់សកម្មភាព តែយ៉ាងណាក្ដីជនជាតិចិននៅតែចចេស និងបានទាញទូរសព្ទពីនគរបាលវិញ ព្រមទាំងទះតុ និងចង្អុលមុខនគរបាលនារី ដែលនៅអង្គុយតុ ចេញវិក័យបត្រ រហូតដល់នគរបាលជាបុរសមកអន្តរាគមន៍ ទើបមានការរុញច្រានគ្នាឱ្យចេញពីតុធ្វើការនៅគោលដៅ មិនមែនជាករណីប្រើអំពើហិង្សានោះទេ។ មួយសន្ទុះក្រោយមក ដោយសារតែនិយាយគ្នាស្តាប់មិនបានផង មិនចង់ឱ្យមានបញ្ហាកាន់តែធំ នគរបាលគោលដៅ​ក៏បានអនុញ្ញា​តឱ្យជ​ន​ជាតិ​ចិន​បើក​រថយន្តចេញទៅ ដោយមិនបានទាមទារការពិន័យទឹកប្រាក់១០០ដុល្លារ និងមានការឱ្យប្រាក់៥០ដុល្លារ​ដូចការលើក​ឡើង​នោះទេ ទាំងដែលនគរបាលគ្រាន់តែបានបង្ហាញនូវចំនួនទឹកប្រាក់តាមវិក័យបត្រប៉ុណ្ណោះ។

ទន្ទឹមនឹងនេះ មន្ត្រីនគរបាលគោលដៅ ដែលមានបញ្ហាជាជនជាតិចិនខាងលើ បច្ចុប្បន្នការិយាល័យជំនាញ បានកំពុង​ធ្វើការ​សាក​សួរបន្ថែម និងបញ្ឈរជើងជាបណ្តោះអាសន្ន រង់ចាំលទ្ធផលនៃការស៊ើបអង្កេតជាក់លាក់ ដើម្បីមានមូល​ដ្ឋាន​រាយ​ការ​ណ៍​ជូនថ្នាក់ដឹកនាំ និងមានវិធានការ ឬអនុវត្តវិន័យកងកម្លាំង ក្នុងករណីរកឃើញមានការអនុវត្តខុសគោលការណ៍ និងរង់ចាំ​ជួបបំភ្លឺជានិច្ចពីសំណាក់ជនជាតិចិន ខាងលើ ដើម្បីស្រាយបន្ទិលជូនសាធារណៈ និងជៀសវាងនូវការថ្នាំង​ថ្នាក់ពីប្រ​ជាព​ល​រដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close