អ្នកកាសែតចំនួន៦នាក់ត្រូវ​បានចាប់ខ្លួន ក្រោយ​ផ្សព្វផ្សាយវីដេអូប្រធានាធិបតីស៊ូដង់ខាងត្បូង មានស្នាមប្រឡាក់ក្រោយចេញពីបន្ទប់ទឹក

គណៈកម្មាធិការ​ការពារ​អ្នក​កាសែត​ដែល​មាន​មូលដ្ឋាន​ក្នុង​ក្រុង​ញូយ៉ក សហរដ្ឋអាមេរិក​បានឲ្យដឹងថា មាន​អ្នកកាសែត​ចំនួន ៦នាក់​ត្រូវ​បាន​ចាប់​ខ្លួនកាលពី​ថ្ងៃ​អង្គារ ទី៣ មករា ក្រោយ​ពី​មាន​ការ​ផ្សព្វផ្សាយ​នូវ​វីដេអូ​មួយ​ដែល​បង្ហាញ​ខោ​នៅ​ជើង​ខាង​ឆ្វេង​ប្រធានាធិបតី​ស៊ូដង់ខាងត្បូង​លោក​សាលវ៉ា គៀរ​មាន​ស្នាម​ប្រឡាក់​ទឹកនោម។ វីដេអូ​នេះ​ត្រូវ​បាន​ថត​នៅ​ពេល​ដែល​លោក​សាលវ៉ា គៀរ​កំពុង​ចូលរួម​នៅ​ក្នុង​ពិធី​ផ្លូវការ​មួយ។

អ្នកកាសែតស៊ូដង់ខាងត្បូង​ចាប់​ខ្លួន​ទាំង ៦នាក់​ជា​អ្នកកាសែត​របស់​ទូរទស្សន៍​រដ្ឋ​ឈ្មោះ South Sudan Broadcasting Corporation ហៅ​កាត់ SSBC។

នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​ផ្សព្វផ្សាយ​នា​យប់​ថ្ងៃ​សុក្រ ទី៦ មករា គណៈកម្មាធិការ​ការពារ​អ្នក​កាសែត​ដែល​ដក​ស្រង់​ព័ត៌មាន​ពី​សារព័ត៌មាន​ក្នុង​ស្រុក​នៅ​ស៊ូដង់ខាងត្បូង និង​ប្រភព​ស្និទ្ធ​នឹង​រឿងរ៉ាវ​មួយ​នេះ​បាន​បញ្ជាក់​ថា អ្នកកាសែត SSBC ទាំង ៦នាក់​ត្រូវ​បាន​ទីភ្នាក់ងារ​សន្តិសុខជាតិ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​អង្គារ ទី៣ មករា។ ការ​ចាប់​ខ្លួន​នេះ​បាន​ធ្វើ​ឡើង ក្រោយ​ពី​មាន​ការ​ផ្សព្វផ្សាយ​វីដេអូ​មួយ​លើ​បណ្តាញ​សង្គម​កាល​ពី​ខែ​ធ្នូ ឆ្នាំ ២០២២ ស្តីពី​ប្រធានាធិបតី​ស៊ូដង់ខាងត្បូង​លោក​សាលវ៉ា គៀរ។

វីដេអូ​ដែល​ផ្សព្វផ្សាយ​លើ​យូធូប និង​ដែល​គេ​អាច​បន្ត​មើល​ឃើញ​ដល់​ថ្ងៃ​សៅរ៍ ទី៧ មករា​បាន​បង្ហាញ​ពី​ការ​ចូលរួម​របស់​លោក​សាលវ៉ា គៀរ​នៅ​ក្នុង​ពិធី​ផ្លូវការ​មួយ​ដោយ​មាន​ពាក់​មួក​ពណ៌ខ្មៅ និង​មាន​ពាក់អាវធំ​ពណ៌ប្រផេះស្រាល។ តែ​អ្វី​ដែល​គេ​បាន​ឃើញ​បន្ថែម និង​ដែល​ជា​ហេតុផល​នៃ​ការ​ចាប់​ខ្លួន​អ្នកកាសែត SSBC ៦នាក់ គឺ​ខោ​នៅ​ជើង​ខាង​ឆ្វេង​របស់​លោក​សាលវ៉ា គៀរ​មាន​ស្នាម​ប្រឡាក់​ទឹកនោម​។

តែ​អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​របស់​ទូរទស្សន៍ SSBC បាន​បញ្ជាក់​ថា ទូរទស្សន៍ SSBS មិន​បាន​ចាក់​ផ្សាយ​រូបភាព​ខោ​នៅ​ជើង​ខាង​ឆ្វេង​របស់​លោក​សាលវ៉ា គៀរ​មាន​ស្នាម​ប្រឡាក់​ទឹកនោម​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ លោក​មូថូកូ មូម៉ូ អ្នកតំណាង​គណៈកម្មាធិការ​ការពារ​អ្នក​កាសែត​ប្រចាំ​ទ្វីបអាហ្រ្វិក​សាហារ៉ា​បាន​អំពាវនាវ​ឲ្យ​រដ្ឋអំណាច​ស៊ូដង់ខាងត្បូង​ដោះលែង​អ្នកកាសែត SSBC ទាំង ៦នាក់​ជា​បន្ទាន់ និង​ដោយ​គ្មាន​ល័ក្ខខ័ណ្ឌ។ តាម​លោក​មូថូកូ មូម៉ូ រដ្ឋអំណាច​ស៊ូដង់ខាងត្បូង​ត្រូវ​ធានា​ថា អ្នកកាសែត​អាច​ធ្វើ​ការងារ​របស់​ខ្លួន​ដោយ​គ្មាន​ការ​បំភិតបំភ័យ ឬ​ការ​គំរាម​ចាប់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close