រញ្ជួយដីកម្រិត ៦.២រ៉ិចទ័រ ក្នុងបាតសមុទ្រដ៏ខ្លាំងមួយ នៅភាគខាងលិចប្រទេសឥណ្ឌូណេស៊ី
ហ្សាកាតា៖ គ្រោះរញ្ជួយដីនៅបាតសមុទ្រដ៏ខ្លាំងមួយបានអង្រួនភាគខាងលិចប្រទេសឥណ្ឌូនេស៊ី កាលពីព្រឹកថ្ងៃចន្ទ ទី១៦ ខែមករានេះ ប៉ុន្តែ ភ្លាមៗនោះ មិនទាន់មានរបាយការណ៍អំពីការខូចខាតធ្ងន់ធ្ងរ ឬអ្នកស្លាប់និងរបួសនោះទេ។
ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រសហរដ្ឋអាមេរិក (USGS) បានឲ្យដឹងថា ការរញ្ជួយដីកម្រិត ៦.២ រ៉ិចទ័រ បានកើតឡើង នៅចម្ងាយ ៤៨គីឡូម៉ែត្រភាគអាគ្នេយ៍នៃទីក្រុង ស៊ីងគីល (Singkil) ដែលជាស្រុកឆ្នេរសមុទ្រ ក្នុងខេត្ត អាដចេះ (Aceh) ក្នុងជម្រៅ៣៧ គីឡូម៉ែត្រ។ រញ្ជួយដីនេះ បានកើតឡើងនៅម៉ោងប្រហែល ៦៖៣០ ព្រឹក ហើយ USGS បានកែប្រែវាពីការវាស់វែងដំបូងរបស់ខ្លួន នៅកម្រិត ៦.០ រ៉ិចទ័រ ជាមួយនឹងជម្រៅ ៤៨ គីឡូម៉ែត្រ។
ទីភ្នាក់ងារឧតុនិយម អាកាសធាតុ និងភូគព្ភសាស្ត្រ របស់ប្រទេសឥណ្ឌូនេស៊ី (BMKG) ក៏បានដាក់កម្រិត ៦.២ ហើយបាននិយាយថា មិនមានការគំរាមកំហែងនៃរលកយក្សស៊ូណាមិនោះទេ ខណៈដែលទីភ្នាក់ងារគ្រោះមហន្តរាយរបស់ប្រទេសនេះបាននិយាយថា មិនមានរបាយការណ៍ភ្លាមៗអំពីអ្នកស្លាប់ ឬការខូចខាតធំដុំនោះទេ។
អ្នកនាំពាក្យទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយឥណ្ឌូនេស៊ី លោក អេបឌុល មូហារី (Abdul Muhari) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការរញ្ជួយដីបានធ្វើឱ្យមនុស្សមានការភ័យស្លន់ស្លោ។
សូមរម្លឹកដែរថា ការរញ្ជួយដីកម្រិត ៥.៦ រ៉ិចទ័រ កាលពីថ្ងៃទី ២១ខែវិច្ឆិកា ឆ្នាំមុន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៣៣១នាក់ និងរបួសជិត៦០០ នាក់នៅក្នុងទីក្រុង ជីអានជើ (Cianjur) ភាគខាងលិចកោះជ្វា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។