សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការសាងសង់​«​មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្ដិភាព​»

​នៅ​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ ១៣​រោច ខែបុស្ស ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​១៩ ខែមករា ឆ្នាំ​២០២៣ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ពិនិត្យមើល​វឌ្ឍនភាព​នៃ​ការសាងសង់​«​មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្ដិភាព​» ដែលមាន​ទីតាំង​ស្ថិតនៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​ព្រមទាំង​សំណេះសំណាល​ជាមួយ​កម្មករសំណង់​នៅក្នុង​ការដ្ឋាន​មន្ទីរពេទ្យ​នេះ​ប្រមាណ ១,២០០ នាក់​។​

​អគារ​«​មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្ដិភាព​»​មាន​ចំនួន​១១​អគារ​ដែលមាន​អគារ​ព្យាបាល និង​សង្គ្រោះបន្ទាន់​(E)​មាន​ទំហំ ៧,៤៨០ ម៉ែត្រការ៉េ​,​អគារ​ព្យាបាល​កម្រិតធ្ងន់​(H1​និង H2)​មាន​គ្រែ​សរុប​ចំនួន​៥២៧​គ្រែ​, អគារ​ព្យាបាល​កម្រិត​ស្រាល​(H3,H4,H5,H6​និង​H7)​មាន​គ្រែ​សរុប​៨,៩៦៩ គ្រែ​,​គ្រែ​បុគ្គលិក​ពេទ្យ​ប្រចាំការ​មាន​ចំនួន​៤៦​គ្រែ​និង​គ្រែ​បុគ្គលិក​ស្នាក់នៅ​ចំនួន​២០៦ គ្រែ​,​អគារ​បច្ចេកទេស​(T1),​អគារ​បច្ចេកទេស (T2),​អគារ​ផ្គត់ផ្គង់​និង​ព័ត៌មាន​(A)​មាន​ទំហំ​២,៨៣៥ ម៉ែត្រការ៉េ​,​អគារ​ស្នាក់នៅ​សម្រាប់​បុគ្គលិក (S)​មាន​គ្រែ​សរុប​ចំនួន ២៣៤ គ្រែ​។ ចំណតរថយន្ត​មាន​ផ្ទៃក្រឡា ៧,០២៦ ម៉ែត្រការ៉េ ដែល​អាច​ចត រថយន្ត​បាន​ចំនួន ២១០ គ្រឿង មាន​សួនច្បារ​ព័ណ៌​បៃតង​ទំហំ ៤,៤៩០ ម៉ែត្រការ៉េ ។​

​មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្ដិភាព​នេះ ស្ថាបនា​ដោយ​ក្រុមហ៊ុន ស៊ី​ជេ​អ៊ី​ស៊ី CJEC.co,Ltd សហការ​ជាមួយ​សាលា​រាជធានី​ភ្នំពេញ​។ មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្ដិភាព​នេះ ត្រូវបាន​រដ្ឋបាល​រាជធានី​ភ្នំពេញ​បើក​ការដ្ឋាន​សាងសង់​កាលពី​ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២២ ។​មន្ទីរពេទ្យ​ជាតិ​ដ៏​ធំ​មួយ​នេះ​គ្រោង​នឹង​បញ្ចប់​ការសាងសង់ រួច​ជា​ស្ថាពរ​និង​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​ខែមិថុនា​ឆ្នាំ​២០២៣​។

«​មន្ទីរពេទ្យ​ជាតិ តេ​ជោ​សន្ដិភាព​» នឹង​ក្លាយជា​មន្ទីរពេទ្យ​ជាតិ​ធំជាងគេ​នៅ​ប្រទេស កម្ពុជា​ដែល​នឹង​ផ្ដល់នូវ​សេវា​គ្រប់ផ្នែក​ទាំងអស់ ជូន​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ។ ក្នុងករណី​មាន​ជំងឺឆ្លង​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​មន្ទីរពេទ្យ​ជាតិ​ដ៏​ធំ​មួយ​នេះ​អាចមាន​លទ្ធភាព​ទទួល​អ្នកជំងឺ​ដោយ​មិន​មានការ​ព្រួយ​បារ​ម្ដ​នោះទេ​ដោយ​មន្ទីរពេទ្យ​នេះ​បំពាក់​សម្ភារៈ​បរិក្ខារ​វេ​ជ្ជ​សាស្ត្រ​ទំនើបៗ​ស្របតាម​លក្ខណៈ​ស្តង់ដារ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close