រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ជួបប្រជុំ​ទ្វេភាគី​ជាមួយ​ភាគី អេ​មី​រ៉ា​ត​អារ៉ាប់​រួម អំឡុងពេល​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​២០២៣ របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក

​ប្រទេស​ស្វី​ស​៖ ក្នុងអំឡុងពេល​នៃ​ការអញ្ជើញ​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​២០២៣ របស់​វេទិកា​សេដ្ឋកិច្ចពិភពលោក ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ជួបប្រជុំ​ទ្វេភាគី​ជាមួយ​ភាគី​អេ​មី​រ៉ា​ត​អារ៉ាប់​រួម (UAE) ដើម្បី​ពិនិត្យ​លើ​វឌ្ឍនភាព នៃ​ការចរចា​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​កម្ពុជា​-​អេ​មី​រ៉ា​ត​អារ៉ាប់​រួម (CAM-UAE CEPA) និង​ជំរុញ​កិច្ច​ការដែល​នៅ​សេសសល់​ផ្សេងទៀត​។

​ក្នុងជំនួប​ទ្វេភាគី​នេះ ធ្វើឡើង​កាលពី ថ្ងៃទី​១៨ ខែមករា ឆ្នាំ​២០២៣ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ​ដែល​បាន​ជួប​ឯកឧត្តម​Thani Ahmed Al Zeyoudi រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម​ជាថ្មី​ម្តងទៀត និង ចំពោះ​ឱកាស​ដែល​ភាគី​ទាំងពីរ​អាច​ពិនិត្យ​លើ​វឌ្ឍនភាព​ដែល​សម្រេចបាន​ក្នុង​ការចរចា​កិច្ចព្រមព្រៀង CAM-UAE CEPA កន្លងមក​។

​ឆ្លៀត​ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បានលើកឡើង​ពី​លទ្ធផល​ជា​វិជ្ជមាន​នៃ​កិច្ចប្រជុំ​ចរចា​ជុំ​ទី​១​នៅ UAE ក្នុង​ខែតុលា ឆ្នាំ​២០២២ និង​ការវិវឌ្ឍ​ទៅមុខ​នៃ​ការចរចា​បើក​ច្រក​ទីផ្សារ​ទំនិញ និង​សេវាកម្ម នៅ​ជុំ​ទី​២​ក្នុង​ខែធ្នូ ឆ្នាំ​២០២២ នៅ​ប្រទេស​កម្ពុជា​។ ជាក់ស្តែង ភាគី​ទាំង​ពីរបាន​ខិតខំ​បំពេញ​តាម​សំណើសុំ និង​ការផ្តល់ឱ្យ (Request and Offer) រវាង​គ្នា​ទៅវិញទៅមក ដើម្បី​បង្កើត​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​ដ៏​ប្រសើរ​មួយ សម្រាប់​សហគមន៍​ធុរកិច្ច វិនិយោគិន ពាណិជ្ជករ និង​សាធារណៈជន​។

​នៅក្នុង​កិច្ចប្រជុំ​នេះដែរ ភាគី​ទាំង​ពីរបាន​ព្រមព្រៀង​ជាគោលការណ៍​បញ្ចប់​ការចរចា​នៅ​ជុំ​ទី​៣​ក្នុងប្រទេស​អារ៉ាប់​រួម​នៅ​ខែកុម្ភៈ ឆ្នាំ​២០២៣ និង​គម្រោង​បញ្ចប់​ជា​ផ្លូវការ​នៅ​ខែមីនា​នៅ​ភ្នំពេញ ដែល​ក្នុងពេល​ជាមួយគ្នា​នោះដែរ​ឯកឧត្តម​រដ្ឋមន្ត្រី​ពាណិជ្ជកម្ម​អន្តរជាតិ​នៃ​ប្រទេស​អេ​មី​រ៉ា​ត​អារ៉ាប់​រួម នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។

​បន្ថែម​ពីនេះ​ទៀត ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​សង្កត់ធ្ងន់ថា ការចូល​ជាធរ​មាននៃ​កិច្ចព្រមព្រៀង CAM-UAE CEPA នឹង​បង្កើន​កំណើនសេដ្ឋកិច្ច​តាមរយៈ​ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ ការបើក​ច្រក់​ទីផ្សារ​កាន់តែ​ទូលាយ សម្រាប់​ទំនិញ និង​សេវាកម្ម ការបង្កើន​លំហូរ​នៃ​ការ វិនិយោគ ការបង្កើត​ការងារ និង​ការពង្រីក​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​ស៊ីជម្រៅ​លើ​វិស័យ​ផ្សេងទៀត ព្រមទាំង​ផ្តល់​ប្រយោជន៍​ឱ្យ​គា្ន​ទៅវិញទៅមក​កាន់តែ​សម្បូរ​។​

ឯកឧត្តម​រដ្ឋមន្ត្រី បាន​អបអរសាទរ​ដល់​រដ្ឋា​ភិ​បាល UAE ដែល​ត្រូវបាន​ជ្រើសរើស​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​សន្និសីទ​ថ្នាក់​រដ្ឋមន្ត្រី​លើក​ទី​១៣ របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ក្នុង​ឆ្នាំ​២០២៤​ខាងមុខនេះ​។

​ឯកឧត្តម​រដ្ឋមន្ត្រី បានបង្ហាញ​ការគាំទ្រ​ចំពោះ​ការធ្វើជា​ម្ចាស់ផ្ទះ​នេះ និង​ជឿជាក់​យ៉ាង​មុតមាំ​ថា ក្នុងនាម​ជា​ម្ចាស់ផ្ទះ UAE នឹង​ជំរុញ​ការដឹកនាំ​ពាណិជ្ជ​កម្មស​កល​ឱ្យ​កាន់តែ​ប្រសើរ​តាមរយៈ​ការប្រើប្រាស់​តួនាទី​ដ៏​សំខាន់​នានា​ក្នុង​ប្រព័ន្ធ​ពាណិជ្ជកម្ម​ពហុភាគី​ដោយ​ផ្អែកលើ​វិធាន​ច្បា​ថាប់​ជា​មូលដ្ឋាន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close