ពលរដ្ឋ ៨​គ្រួសារ ដែល​បាក់​ផ្ទះ ចូល​ទឹកស្ទឹង​ព្រែក​ត្នោត ត្រូវ​ទទួល​អំណោយ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​

​ភ្នំពេញ​៖ កាលពី​រសៀល​ថ្ងៃទី​១៨ មករា ឆ្នាំ​២០២៣​នេះ ឯកឧត្តម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​ល​ឯកឧត្តម លី ឆេង តំណាងរាស្ត្រ​មណ្ឌល​ភ្នំពេញ នាំយក​អំណោយ​របស់​ស​ម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទៅ​ប្រគល់ជូន​ប្រជាពលរដ្ឋ ៨​គ្រួសារ ដែល​នៅជាប់​សណ្តរ​ស្ទឹង​ព្រែក​ត្នោត ស្មើ ០៥​ខ្នង​ផ្ទះ បាន​លិច​ចូលក្នុង​ទឹកស្ទឹង ដោយ​ការ​ស្រុតដី ដើម្បី​ដោះស្រាយ​ការលំបាក​មួយចំនួន ។​

​ផ្ទះ​ចំនួន ០៥​ខ្នង​នេះ មាន​ប្រជាពលរដ្ឋ​រស់នៅ​ទាំង​ម្ចាស់ផ្ទះ​ពិត និង​ផ្ទះជួល​ចំនួន ៨​គ្រួសារ ហើយ​ក្នុង​ចំនួន ៨​គ្រួសា​នេះ មួយ​គ្រួសារ​ទទួលបាន​អង្ករ ១​បាវ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកបរិសុទ្ធ ភួយ ខ្នើយ តង់ កន្ទេល សម្ភារៈ​ផ្ទះបាយ​មួយឈុត​និង​ថវិកា​ចំនួន​៥០​ម៉ឺន​រៀល ។

​នេះ​ជាការ​យកចិត្តទុកដាក់​ខ្ពស់​របស់​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ខណ្ឌ ទៅតាម​ការណែនាំ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ពោលគឺ​ខណៈ​ទទួលបាន ព័ត៌មាន​ថា មាន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ផ្ទះ​របស់​ពួកគាត់​បាក់​ចូល​ទឹកស្ទឹង​នោះ ឯកឧត្តម ឃួ​ង ស្រេង ក៏បាន​ចុះមក​សួរសុខទុក្ខ​និង​នាំយក​អំណោយ​របស់​សម្តេច​ទាំង​ទ្វេ​មក​ប្រគល់ជូន​ភ្លាមៗ​តែម្តង ។

​គួរ​បញ្ជាក់ថា​៖ កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់​ទី​១៨ មករា ឆ្នាំ​២០២៣​នេះ ស្ថិតក្នុង​ភូមិ​ស្វាយ​មាន​លក្ខណ៍ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ មានផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ៥​ខ្នង​ស្មើនឹង ៨​គ្រួសារ បាន​លិច​ចូលក្នុង​ស្ទឹង​ព្រែក​ត្នោត ដោយ​ការបាក់​ស្រុតដី នៅ​ច្រាំង​ស្ទឹង ហើយ​អ្វីដែល​សំខាន់​ពួកគាត់​មិនអាច​ប្រមូល​អីវ៉ាន់ និង​សម្ភារៈ​ចំ​បាច់ បាន​ទាន់ពេល​នោះទេ ពោលគឺ​សម្ភារៈ និង​របស់របរ នៅជាប់​ក្នុងផ្ទះ ត្រូវ​លិច​ចូលទៅក្នុង​ស្ទឹង​បាត់​ទាំងអស់ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close