ក្រសួង​ការងារ នឹង​ផ្តល់ប្រាក់​ឧបត្ថម្ភ​កម្មក​រ​និយោជិត ក្នុង​វិស័យ​ទេសចរណ៍​លើក​ទី​៨៨

​ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានចេញ​សេចក្តីជូនដំណឹង​មួយ​ស្តីពី​ការបើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជូន​បងប្អូន​កម្មករនិយោជិត​ក្នុង​វិស័យ​ទេសចរណ៍ ដែល​ត្រូវបាន​ព្យួរ កិច្ចសន្យាការងារ​ស្របតាម​ស្មារតី​នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល (​លើក​ទី​៨៨)​។​

​យោងតាម​សេចក្តីជូនដំណឹង​នៅ​ថ្ងៃទី ១៨ ខែមករា ឆ្នាំ​២០២៣ បានបញ្ជាក់​ប្រាប់ដ​ល់ប​ង​ប្អូន​កម្មករនិយោជិត​ចំនួន ៨៦៦​នាក់ នៃ សហគ្រាស​ទាំង​១២ នៃ​វិស័យ​ទេសចរណ៍ (​ដូច​មានភ្ជាប់​នៅក្នុង​ឧបសម្ព័ន្ធ​) ដែល​ទទួលបាន​ការអនុញ្ញាត​ព្យួរ​កិច្ចសន្យា ការងារ​ស្របតាម​ស្មារតី​ជុំ​ទី​៣​នៃ​កញ្ចប់​វិធានការ​របស់​រាជរដ្ឋាភិបាល​ជ្រាបថា ធនាគារ វី​ង នឹង​ផ្ញើ​សារ អំពី​ការបើកប្រាក់​ឧបត្ថម្ភរ​បស់​រាជរដ្ឋាភិបាល​ទៅ​លេខ​ទូរ​សព្ទ ដែល​បងប្អូន​បានផ្ដល់​មកឱ្យ​ក្រសួង​តាមរយៈ​រដ្ឋបាល សហគ្រាស​នាពេល​កន្លងមក​។​

​សម្រាប់​ប្រាក់ឧបត្ថម្ភ​នេះ​នឹងត្រូវ​បើក​ផ្ដល់​ជា​ប្រាក់រៀល និង​អាស្រ័យ​លើ​ចំនួន​ថ្ងៃ​នៃ​ការព្យួរ​កិច្ចសន្យាការងារ ក្នុងនោះ​ចំនួន​៖១២១ ៥០០​រៀល (៣០​ដុល្លារ​អាមេរិក​) សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ​រយៈពេល ១១​ថ្ងៃ ដល់ ២០​ថ្ងៃ​។ ១៦២ ០០០​រៀល (៤០​ដុល្លារ​អាមេរិក​) សម្រាប់​ការព្យួរ​កិច្ចសន្យាការងារ​រយៈពេល​ចាប់ពី ២១​ថ្ងៃ ដល់ ១​ខែ​។​

​ជាមួយគ្នានេះ​ក្រសួង​ការងារ​បាន រំ​ឮ​កថា ធនាគារ វី​ង នឹង​បង្វិល​ប្រាក់ឧបត្ថម្ភ​នេះ​ជូន​រាជរដ្ឋាភិបាល​វិញ ប្រសិនជា​បងប្អូន ខកខាន មិនបាន​ទៅ​បើកប្រាក់​ឧបត្ថម្ភ​នេះ ក្នុង​រយៈពេល ១០​ថ្ងៃ បន្ទាប់ពី​ទទួលបាន​សារ​តាម​ទូរ​សព្ទ​ពី​ធនាគារ វី​ង​រួចមក​។ ដើម្បី​បើកប្រាក់​ឧបត្ថម្ភ​នេះ បងប្អូន​ត្រូវយក​អត្តសញ្ញាណប័ណ្ណ​សញ្ញា​តិ​ខ្មែរ និង​ទូរ​សព្ទ​ដែល​ទទួលបាន​សារ​នោះ ទៅកាន់​ភ្នាក់ងារ​វី​ង​ដែល​នៅ​ជិត​បំផុត​។ សូមបញ្ជាក់ថា បងប្អូន​មិន​តម្រូវឱ្យ​បង់ថ្លៃ​សេវា​ទៅ​ភ្នាក់ងារ​វី​ង​ឡើយ​ពេល​បើកប្រាក់ ឧបត្ថម្ភ​នេះ​។​

​ក្នុងករណី​បងប្អូន​កម្មករនិយោជិត ដែល​បម្រើ​ការងារ​នៅ​សហគ្រាស​ទាំង​១២​នេះ មិនបាន​ទទួល​សារ​ទូរ​សព្ទ ពី​ធនាគារ វី​ង នោះ​សូម​បងប្អូន​ទំនាក់ទំនង​សួរ​ព័ត៌មាន​បន្ថែម ឬ​ធ្វើ​បច្ចុប្បន្នភាព​លេខ​ទូរ​សព្ទ​របស់ខ្លួន ទៅ​រដ្ឋបាល​សហគ្រាសរ​បស់​ខ្លួន ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close