កម្ពុជា និងបារាំង សម្រេចបានទំហំពាណិជ្ជកម្មប្រមាណ ៥០០លានដុល្លារអាម៉េរិក ជាមួយនឹងកំណើនប្រមាណ ១៦.៣១% ក្នុងឆ្នាំ២០២២
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នៅស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្ដម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូអញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្ដម អូលីវ្យេ បិច (Olivier Becht) រដ្ឋមន្ត្រីប្រតិភូនៃក្រសួងអឺរ៉ុប និងការបរទេសបារាំង ទទួលបន្ទុកពាណិជ្ជកម្មក្រៅប្រទេស ការទាក់ទាញវិនិយោគិន និងជនជាតិបារាំងនៅបរទេស អមដោយឯកឧត្ដមឯកអគ្គរដ្ឋទូត និងសហការី ដើម្បីពិភាក្សាលើវឌ្ឍនភាព និងកាលានុវត្តភាពនៃកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ថ្លែងក្នុងប្រសាសន៍ស្វាគមន៍ ឯកឧត្ដមរដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានជម្រាបជូនពីវឌ្ឍនភាពនានា ដែលក្រសួងពាណិជ្ជកម្មបាននិងកំពុងអនុវត្តក្នុងកិច្ចសម្របសម្រួលពាណិជ្ជកម្ម និងទិសដៅអាទិភាពពាណិជ្ជកម្មកម្ពុជា ក្នុងការធ្វើសមាហរណកម្មសេដ្ឋកិច្ចរបស់ខ្លួនចូលទៅក្នុងសេដ្ឋកិច្ចតំបន់និងពិភពលោក ព្រមទាំងការធ្វើពិពិធកម្មទីផ្សារនាំចេញឱ្យកាន់តែធំទូលាយថែមទៀត សំដៅស្តារឡើងវិញ និងបង្កើនភាពធន់នៃសេដ្ឋកិច្ចក្រោយវិបត្តិជម្ងឺរាតត្បាតជាសកលកូវីដ-១៩។
បន្ថែមពីនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានសំណូមពរឱ្យភាគីបារាំងពិចារណាទាក់ទាញអ្នកវិនិយោគិនបារាំងមកកម្ពុជាឱ្យបានកាន់តែច្រើន និងជំរុញទំហំពាណិជ្ជកម្មឱ្យកើនឡើងបន្ថែមទៀត តាមរយៈការប្រើប្រាស់អត្ថប្រយោជន៍នៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជាបានចរចាបង្កើតឡើង ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងកម្រិតទ្វេភាគីជាមួយចិននិងកូរ៉េខាងត្បូង ដើម្បីផ្ដល់ឱកាសឱ្យវិនិយោគិនបារាំង និងកម្ពុជា មានលទ្ធភាពពង្រីកទីផ្សារនាំចេញផលិតផលសក្ដានុពលទៅកាន់ទីផ្សាអឺរ៉ុបបន្ថែមទៀត ដែលក្នុងនោះរួមមាន៖ ផលិតផលកសិកម្ម ផ្លែឈើ ម្ហូបអាហារ ផលិតផលកែច្នៃ សម្លៀកបំពាក់ រួមទាំងជ័រកៅស៊ូជាដើម។
ជាកិច្ចឆ្លើយតប ឯកឧត្ដមរដ្ឋមន្ត្រីប្រតិភូ បានកោតសរសើរចំពោះកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់របស់កម្ពុជា និងបានសន្យាទាក់ទាញអ្នកវិនិយោគិន ព្រមទាំងភ្ញៀវទេសចរបារាំងមកកាន់ប្រទេសកម្ពុជាបន្ថែមទៀត និងសង្ឃឹមថាភាគីទាំងពីរនឹងបន្តកិច្ចសន្ទនាជាដៃគូល្អ ក៏ដូចជាដៃគូអភិវឌ្ឍន៍ ទាំងក្នុងកម្រិតទ្វេភាគី និងកម្រិតតំបន់ ជាពិសេសគឺការចូលរួមឱ្យបានសកម្មក្នុងការរឹតចំណងទំនាក់ទំនងនៃតំបន់អាស៊ាន និងតំបន់អឺរ៉ុប។
ជាមួយគ្នានេះដែរ ភាគីបារាំងក៏បានលើកឡើងអំពីចំណាប់អារម្មណ៍របស់វិនិយោគិនបារាំង ក្នុងការវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅកម្ពុជា ជាពិសេសការអភិវឌ្ឍវិស័យសំណង់ស៊ីវិល និងវិស័យដឹកជញ្ជូន រួមមានរថភ្លើងល្បឿនលឿន និងកំពង់ផែស្វយ័តជាដើម។
នៅកិច្ចបញ្ចប់ ឯកឧត្ដមរដ្ឋមន្ត្រីទាំងពីរ ក៏បានបង្ហាញឆន្ទៈ និងពិភាក្សាអំពីលទ្ធភាពក្នុងការបង្កើតអនុស្សរណៈនៃការយោគយល់គ្នារវាងភាគីកម្ពុជា-បារាំង ទាំងក្នុងវិស័យឯកជន និងស្ថាប័នរដ្ឋ ដើម្បីពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត ជាពិសេសគឺសក្ដានុពលវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធ។
គួរបញ្ជាក់ថា៖ សាធារណរដ្ឋបារាំង គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជានៅក្នុងសហគមន៍អឺរ៉ុប ជាក់ស្ដែងនៅឆ្នាំ២០២២ ភាគីទាំងពីរសម្រេចបានទំហំពាណិជ្ជកម្មប្រមាណ ៥០០ លានដុល្លារអាម៉េរិក ជាមួយនឹងកំណើនប្រមាណ ១៦.៣១% បើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលសម្រេចបាន ៤៣០ លានដុល្លារអាម៉េរិក។ ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅបារាំង រួមមាន៖ អង្ករ ផលិតផលកសិកម្ម សំលៀកបំពាក់ និងស្បែកជើង ជាដើម រីឯទំនិញនាំចូលសក្តានុពលពីបារាំងមកកម្ពុជាវិញ រួមមាន៖ ឱសថ បន្ទះក្តារ និងភេសជ្ជៈ។ល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។