បុណ្យចូលឆ្នាំ​ចិន​៤​ថ្ងៃ ភ្ញៀវទេសចរ ១​លាន​នាក់ ចេញ​ដើរ​កម្សាន្ត​នៅ​ទូទាំងប្រទេស

​ភ្នំពេញ​៖ នាឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ចិន រយៈពេល​៤​ថ្ងៃ (២១-២៤ ខែមករា ២០២៣) ភ្ញៀវទេសចរ​បានចេញ​ដើរ​កម្សាន្ត​ទូទាំងប្រទេស​សរុប​១,០៤៩,២២២​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​១,០០៧,១៦៦​នាក់ និង​ភ្ញៀវ​បរទេស​៤២,០៥៦​នាក់​។​
​គោលដៅ​ទេសចរណ៍​សំខាន់ៗ​រយៈពេល​៤​ថ្ងៃនេះ រួមមាន​៖
* ខេត្ត​ព្រះសីហនុ ២៩៦,០២៨​នាក់​
* ខេត្តសៀមរាប ១០៥,៤៨១​នាក់​
* ខេត្តបាត់ដំបង ១០២,៧៧៨​នាក់​
* ខេត្តកំពត ៨២,១៩៩​នាក់​
* ខេត្ត​ប៉ៃលិន ៨១,៥០០​នាក់​
* ខេត្តកំពង់ចាម ៦៧,៩១៤​នាក់​
* ខេត្ត​កែប ៦៧,០៣០​នាក់​។​

​ដោយសារ​ចូលឆ្នាំ​ចិន​ឆ្នាំនេះ​ប៉ះចំ​ចុង​សប្តាហ៍ ដូច្នេះ​យើង​សង្កេតឃើញថា​ចរន្ត​ភ្ញៀវទេសចរ និង​ការធ្វើដំណើរ​កម្សាន្ត​រប​ស់​ប្រជាពលរដ្ឋ​ទៅកាន់​គោលដៅ​ទេសចរណ៍​នានា​មាន​សភាព​ផុសផុល​ច្រើន ខណៈដែល​ប្រជាពលរដ្ឋ​មួយចំនួន​បានចាប់ផ្តើម​ធ្វើដំណើរ​ទៅ​ស្រុកកំណើត​តាំងពី​ល្ងាច​ថ្ងៃ​សុក្រ​ដើម្បី​រៀបចំ​សែន​តាម​ប្រពៃណី​ចិន​។​

ប្រជាជន​មួយចំនួន​បាន​ត្រឡប់​ចូល​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃ​ចន្ទ ហើយ​ខ្លះទៀត​បាន​ត្រលប់​ចូល​វិញ​នា​ល្ងាច​ម្សិល​ម៉ិ​ញ ខណៈដែល​អាជីវករ​នៅតាម​ផ្សារ និង​លក់ដូរ​នៅតាម​ផ្ទះ​បាន​បិទតូប និង​ហាង​ជា​បណ្តោះអាសន្ន​ក្នុង​រយៈពេល​ចូលឆ្នាំ​នេះ ដើម្បី​ជួបជុំ​គ្រួសារ និង​ដើរ​កម្សាន្ត ស្របពេល​អង្គភាព និង​ស្ថាប័ន​មួយចំនួន​បានអនុញ្ញាត​ឱ្យ​បុគ្គលិក​ឈប់សម្រាក ដោយ​ដាក់​ជា​កម្មវិធី​ប្រជុំ​បូកសរុប​ប្រចាំឆ្នាំ​ជាដើម​។

គោលដៅ​ទេសចរណ៍​ទូទាំងប្រទេស​សុទ្ធតែ​ទទួលបាន​ចំនួន​ភ្ញៀវទេសចរ​កកកុញ ខណៈ​ប្រជាពលរដ្ឋ​ភាគច្រើន​ដើរ​កម្សាន្ត​ជា​លក្ខណៈ​ក្រុមគ្រួសារ ហើយ​ខ្លះទៀត​ដើរ​កម្សាន្ត​ច្រើន​គោលដៅ​។​ ដោយឡែក សម្រាប់​ខេត្ត​ព្រះសីហនុ​ភ្ញៀវទេសចរ​ភាគច្រើន​ទៅ​ព្រឹក​មកវិញ​ល្ងាច​ជាមួយ​ការធ្វើដំណើរ​តាមផ្លូវ​ល្បឿន​លឿន​។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ​មួយចំនួន​បាន​យកតាម​ខ្លួន​នូវ​ម្ហូបអាហារ​ដែល​បាន​សែន​រួច ទៅ​បរិភោគ​ដើម្បី​កាត់បន្ថយ​ចំណាយ​មួយចំនួន​ផងដែរ​។​

​ចំពោះ​ការគ្រប់គ្រង​សន្តិសុខ សុវត្ថិភាព និង​សណ្ដាប់ធ្នាប់​ជាទូទៅ​មាន​ភាពល្អប្រសើរ​មិនមាន​បញ្ហា ឬ​ការរំខាន​ណាមួយ​កើតឡើង​គួរកត់សម្គាល់​។ គណៈបញ្ជាការ​ឯកភាព​គ្រប់​រាជធានី​-​ខេត្ត មន្ទីរ​ទេសចរណ៍ បាន​ចាត់​កម្លាំង​ប្រចាំការ​នៅតាម​គោលដៅ​សំខាន់ៗ និង​គោល​ដោ​ទេសចរណ៍​នានា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close