រុ​ស្ស៉ី​ព្រមាន​ថា រថក្រោះ​ទំនើប​របស់​អាមេរិក និង​អាល្លឺម៉ង់​នឹងត្រូវ «​កម្ទេច​» នៅ​អ៊ុយ​ក្រែ​ន​

​សារព័ត៌មាន AFP នៅ​ថ្ងៃ​ពុធ ទី​២៥ ខែមករា ឆ្នាំ​២០២៣ បាន​ផ្សាយ​ថា រដ្ឋាភិបាល​ទីក្រុង​បែរ​ឡាំង នា​ថ្ងៃ​២៥​ខែមករា បានប្រកាស​ជា​ផ្លូវការ​ហើយ​ថា អាល្លឺម៉ង់​នឹង​ផ្គត់ផ្គង់​រថក្រោះ Leopard 2 របស់ខ្លួន​ឱ្យទៅ​អ៊ុយ​ក្រែ​ន ក្រោយ​រង​សម្ពាធ​ពី​សម្ព័ន្ធមិត្ត​ឱ្យធ្វើ​យ៉ាង​ដូច្នោះ​។​

​សេចក្តីថ្លែងការណ៍​រប​ស់​រដ្ឋាភិបាល​អាល្លឺម៉ង់ បាន​និយាយថា គោលដៅ​ចម្បង​គឺ​ឆ្ពោះទៅ​បង្កើត​រថក្រោះ Leopard 2 ចំនួន​២​ក្រុម​សម្រាប់​អ៊ុយ​ក្រែ​ន ដោយនៅ​ជំហាន​ដំបូង​ទីក្រុង​បែរ​ឡាំង នឹង​ផ្តល់​រថក្រោះ​នេះ​ចំនួន​១៤​គ្រឿង ពី​ក្នុង​ឃ្លាំង​របស់​យោធា​ខ្លួន​ផ្ទាល់​។ រីឯ​ការហ្វឹកហាត់​ដល់​កងទ័ព​អ៊ុយ​ក្រែ​ន ស្តីពី​ការប្រើប្រាស់​រថក្រោះ Leopard នឹង​ចាប់ផ្តើម​ក្នុងពេល​ឆាប់ៗ​។ មិនតែប៉ុណ្ណោះ អាល្លឺម៉ង់​ក៏​នឹង​ផ្តល់​ការអនុញ្ញាត​ដល់ បណ្តា​ប្រទេស​ជា​ដៃគូ ដែលមាន​បំណង​ចង់​បញ្ជូន​រថក្រោះ Leopard 2 របស់​ពួកគេ​ឱ្យ​អ៊ុយ​ក្រែ​ន​ផងដែរ​។​

​នៅពេល​នេះដែរ ឯកអគ្គរដ្ឋទូត​រុ​ស្ស៉ី​ប្រចាំ​នៅ​ទីក្រុង​វ៉ា​ស៉ី​ន​តោន លោក Anatoly Antonov បាន​ព្រមាន​ថា រាល់​រថក្រោះ​របស់​សហ​រដ្ឋ​អាមេរិក​ដែល​បញ្ជូនទៅ​អ៊ុយ​ក្រែ​ន នឹងត្រូវ​កម្ទេច​ដោយ​ក​ង​កម្លាំង​ទីក្រុង​មូ​ស្គូ ក្រោយពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​រាយការណ៍​ថា​សេត​វិមាន មាន​ផែនការ​ផ្គត់ផ្គង់​រថក្រោះ​ប្រយុទ្ធ​សម្រាប់​ទីក្រុង​កៀវ​។​

​នៅពេល​សួរ​អំពី​ផែនការ​បញ្ជូន​រថក្រោះ​ប្រយុទ្ធ M1 Abrams ទៅកាន់​អ៊ុយ​ក្រែ​ន លោក អាន់​តូ​នូវ បាន​និយាយថា វិធានការ​នេះ​នឹងធ្វើ​ឲ្យ​មានការ​កើនឡើង នូវ​ការចូលរួម​របស់​អាមេរិក​នៅក្នុង​ជម្លោះ ហើយ​លើសពី​អំណះអំណាង​ផ្តល់ ដែលថា​ត្រឹម​ផ្តល់ «​អាវុធ​ការពារ​ខ្លួន​»​។ ឯកអគ្គរដ្ឋទូត​រុ​ស្ស៉ី​រូបនេះ បាន​គូសបញ្ជាក់ថា «​ប្រសិនបើ​ការសម្រេចចិត្ត​ផ្តល់​រថក្រោះ M1 Abrams ត្រូវបាន​ធ្វើឡើង​មែន​នោះ រថក្រោះ​នោះ​នឹងត្រូវ​បំផ្លាញចោល​ដោយ​គ្មាន​ការសង្ស័យ​ឡើយ ដូចជា​ការបំផ្លាញ​អាវុធ របស់​ប្រទេស​ជា​សមាជិក​អង្គការ​ណា​តូ ផ្សេងទៀត​ដែរ​»​។​

​លោក អាន់​តូ​នូវ បាន​បន្ថែមថា «​សកម្មភាព​នេះ​នឹង​ក្លាយ​ជាការ​បង្កហេតុ​ដ៏​អាក្រក់​មួយទៀត​ប្រឆាំងនឹង​រុស្ស៊ី​។ ហើយ​នៅពេលនោះ​យើង​នឹង​ដឹងថា នរណា​ជា​អ្នក​ឈ្លានពាន​ពិតប្រាកដ​នៅក្នុង​ជម្លោះ​បច្ចុប្បន្ន​»​។​

​គួរ​បញ្ជាក់ថា បើតាម​មន្ទីរ​បញ្ច​កោណ រថក្រោះ​ប្រយុទ្ធ Abrams គឺមាន​តម្លៃ​ថ្លៃ​ហើយ​អាច​ចំណាយពេល​ច្រើន​ឆ្នាំ​ឯណោះ ដើម្បី​ទៅដល់​សមរភូមិ​។ ពេលនេះ​ក្រុមមន្ត្រី​ជឿថា ការឯកភាព​លើ​ការបញ្ជូន​រថក្រោះ​ប្រភេទ​នេះ​ទៅ​អ៊ុយ​ក្រែ​ន គឺ​ចាំបាច់​ដើម្បី​បញ្ចុះបញ្ចូល​ប្រទេស​អាល្លឺម៉ង់​អនុញ្ញាត​ឲ្យ​មានការ​ដឹកជញ្ជូន Leopard 2 របស់ខ្លួន ទៅ​ឲ្យ​អ៊ុយ​ក្រែ​ន​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close