តំបន់ខ្លះនៅកម្ពុជា នឹងចុះត្រជាក់ដល់១៤°C, ចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមករា
ភ្នំពេញ៖ យោងតាមសេចក្ដីជូនដំណឹងពីស្ថានភាពអាកាសធាតុ របស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា តាមការវិវត្តជាក់ស្តែងជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ នៅថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ទ្រនុងសម្ពាធខ្ពស់ពីចិន និងខ្យល់មូសុងឦសាន្ត បន្តបង្កើនឥទ្ធិពលក្នុងកម្រិតពីបង្គួរ ទៅខ្លាំងមកលើកម្ពុជា។
ក្រសួងធនធានទឹក និងឧតុនិយម បានអះអាងថា ស្ថានភាពបែបនេះ នឹងធ្វើឲ្យអាកាសធាតុបន្តចុះត្រជាក់បន្ថែម ជាពិសេស នៅថ្ងៃទី ២៩-៣០ ខែមករា ដែលនឹងធ្វើឲ្យបណ្តាខេត្តនៅតំបន់ខ្ពង់រាប និងតំបន់ភាគពាយព្យ ធាតុអាកាសនឹងចុះត្រជាក់ខ្លាំងជាងសព្វមួយដង ដោយស៊ីតណ្ហភាពអប្បបរមានៅបណ្តាខេត្តទាំងនោះ អាចធ្លាក់ចុះដល់១៤-១៦°C ។ រីឯបណ្តាខេត្តដទៃទៀត ស៊ីតណ្ហភាពអប្បបរមាមានពី ១៧-២១°C។
ចំណែកនៅរាជធានីភ្នំពេញ ស៊ីតណ្ហភាពអប្បបរមាអាចធ្លាក់ចុះដល់ ២0°C។ បន្ទាប់ពីនោះរហូតដល់ថ្ងៃទី ៥ ខែកុម្ភៈ ស៊ីតណ្ហភាពនឹងវិលមកជាធម្មតាវិញ។ ជាមួយគ្នានេះ ក្រសួងក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះស្ថានភាពធាតុអាកាសចុះត្រជាក់នេះផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។