កម្ពុជា និងឥណ្ឌា សហការគ្នាទល់ទ្រខ្លោងទ្វារខាងលិច នៃប្រាសាទតាព្រហ្ម
ក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា និងឥណ្ឌាសហការគ្នាទល់ទ្រខ្លោងទ្វារខាងលិចរបស់ប្រាសាទតាព្រហ្ម ដែលរហែកប្រេះធ្នឹមនៅចំពាក់កណ្តាល ដែលអាចនឹងមានហានិភ័យ ដើម្បីថែរក្សាការពារឱ្យមានសុវត្ថិភាពឡើងវិញ។
អស់រយៈពេលជាងពីរសប្ដាហ៍មកហើយដែលខ្លោងទ្វារខាងលិចនៃប្រាសាទតាព្រហ្ម បានបិទចរាចរជាបណ្ដោះអាសន្ន ដើម្បីទល់ទ្រថ្មធ្នឹមផ្នែកខាងកើត ក្នុងការជួយសង្គ្រោះខ្លោងទ្វារនេះ ព្រមទាំងការពារសុវត្ថិភាពចំពោះភ្ញៀវទេសចរផង។
អ្នកអនុវត្តគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជាដើម្បីអភិរក្សនិងជួសជុលប្រាសាទតាព្រហ្ម លោក Sing Sood មានប្រសាសន៍ថា តាមអនុសាសន៍អ្នកជំនាញអាយស៊ីស៊ី-អង្គរ ប្រជុំចុងក្រោយកាលពីនៅចុងឆ្នាំ២០២២កន្លងទៅ តម្រូវឱ្យមានការទល់ទ្រ ក្នុងនោះក្រុមការងារក៏បានប្រើដែកអ៊ីណុកចំនួនបីដើម យកមកដាក់ដើម្បីឱ្យធ្នឹមនេះមានលំនឹងឡើងវិញ។ ជាមួយគ្នានោះដែរ ក៏មានការរើថ្មដែលក្រៀកហែកមួយចំនួន រួចហើយរៀបដាក់ទៅកន្លែងដើមឡើងវិញ។
លោក Sing Sood បានបន្តថាបច្ចុប្បន្ន ខ្លោងទ្វាខាងលិចរបស់ប្រាសាទតាព្រហ្មនេះដោយសារតែអាយុកាលរបស់សំណង់ កំពុងមានការរហែកប្រេះធ្នឹម មានការស្រុតគ្រឹះតួខ្លោងទ្វារ ហើយមុខព្រហ្មទាំងបួននៅកំពូលខាងលើត្រូវបានក្រៀកហែក។ ករណីនេះ ក្រុមអ្នកជំនាញបានប្រើខ្សែកាបរឹតបន្ដឹងការពារការរលុះធ្លាក់ថ្មដោយយថាហេតុណាមួយ។ ក្រោយពីការងារនេះបានបញ្ចប់រួចរាល់ ក្រុមការងារនឹងពិនិត្យតាមដានស្ថានភាពខ្លោងទ្វារនេះ មុននឹងសម្រេចបើកឱ្យដំណើរការចរាចរធម្មតាឡើងវិញ។
ក្នុងអំឡុងពេលអនុវត្តការងារទល់ទ្រនេះ ក្រុមការងារបានរៀបចំរន្ទារធ្វើជណ្តើរបណ្តោះអាសន្នសម្រាប់ឆ្លងកាត់កំពែងថ្មបាយក្រៀម ដើម្បីឱ្យភ្ញៀវទេសចរបានចេញចូលបណ្ដោះអាសន្នជំនួសខ្លោងទ្វារដែលកំពុងបិទនោះមួយរយៈ។ ក្រុមអ្នកជំនាញក៏បានសុំការយោគយល់អធ្យាស្រ័យពីសាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទាំងអស់ដែលបានមកទស្សនាប្រាសាទតាព្រហ្ម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។