កម្ពុជា បើ​កកិច្ចប្រជុំ​ដល់​ការសម្រួល​ការធ្វើដំណើរ និង​ការដឹកជញ្ជូន​ទេសចរ និង​អ្នកដំណើរ នៅ​តំបន់​ច្រកទ្វារព្រំដែន​អន្តរជាតិ និង​ច្រកទ្វារ​អន្តរជាតិ​ទូទាំងប្រទេស

​ភ្នំពេញ​៖ នា​រសៀល​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២៣ នៅ​ទីស្តីការ​ក្រសួងទេសចរណ៍ មាន​រៀបចំ​កិច្ចប្រជុំពេញអង្គ​លើក​ទី​០១ របស់​គណៈកម្មការ​អន្តរក្រសួង​ដើម្បី​សម្រួលការ​ធ្វើដំណើរ និង​ការដឹកជញ្ជូន​ភ្ញៀវទេសចរ និង​អ្នកដំណើរ​នៅ​តំបន់​ច្រកទ្វារព្រំដែន​អន្តរជាតិ និង​ច្រកទ្វារ​អន្តរជាតិ​ទូទាំងប្រទេស (​គ​.​អ​.​ច​.​ទ​) ក្រោម​អធិបតីភាព​ឯកឧត្តម​បណ្ឌិត ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មការ​អន្តរក្រសួង និង​មានការ​ចូលរួម​ពី​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នៅ​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដែលជា​អនុប្រធាន និង​សមាជិក​គណៈកម្មការ​អន្តរក្រសួង សរុប​ប្រមាណ​ជិត ៩០​នាក់​។​

​កិច្ចប្រជុំពេញអង្គ​លើក​ទី​០១​នេះ បាន​ផ្តោតលើ​របៀបវារៈ​សំខាន់ៗ មានដូចជា​៖
-​ការអាន​សេចក្តីសម្រេច​ថ្មី​របស់​រាជរដ្ឋាភិបាល លេខ ០១ សសរ ចុះ​ថ្ងៃទី ០៤ ខែមករា ឆ្នាំ​២០២៣ ស្តីពី​ការតែងតាំង​សមាសភាព​គណៈកម្មការ​អន្តរក្រសួង​
-​របាយការណ៍​បូកសរុប​លទ្ធផល​នៃ​ការអនុវត្ត​ឆ្នាំ​២០២២ និង​ទិសដៅ​អនុវត្ត​បន្ត​ឆ្នាំ​២០២៣ របស់​គណៈកម្មការ​អន្តរក្រសួង​
-​របាយការណ៍​វឌ្ឍនភាព​នៃ​ការសាងសង់​កំពង់ផែ​ទេសចរណ៍​អន្តរជាតិ​ខេត្តកំពត​
-​ការងារ​ទិដ្ឋាការ (Single Visa) រវាង​កម្ពុជា​-​ម៉ា​ល់​ឌី​វ​។​

​បន្ទាប់ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ក្រសួងទេសចរណ៍ អាន​សេចក្តីសម្រេច និង​រាយការណ៍​លទ្ធផល​ការងារ​តាមរបៀប​វារៈ​រួចមក ឯកឧត្តម ថោង ខុន ប្រធាន​អង្គប្រជុំ បានដាក់​ចេញ​នូវ​អនុសាសន៍​ណែនាំ​ចំនួន ០៥​ចំនុច សម្រាប់​គណៈកម្មការ​អន្តរក្រសួង​អនុវត្ត​បន្ត រួមមាន​៖
១-​អនុវត្ត​តួនាទី​ភារកិច្ច​គណៈកម្មការ​អន្តរក្រសួង​នេះ​តាម​សេចក្តីសម្រេច​ដើម្បី​សម្រួលការ​ធ្វើដំណើរ និង​ដឹកជញ្ជូន​ភ្ញៀវទេសចរ និង​អ្នកដំណើរ​ឲ្យ​កាន់តែ​ប្រសើរ​។ គណៈកម្មការ​អន្តរក្រសួង​នេះ​គឺជា​យន្ត​ការល្អ និង​អនុវត្ត​ការងារ​បាន​ប្រសិទ្ធភាព​ខ្ពស់ ដែល​ប្រទេស​ខ្លះ​នៅ​អឺរ៉ុប​ក៏បាន​សិក្សា​យក​គំរូ​តាម​យន្តការ​អន្តរក្រសួង​ដែល​កម្ពុជា​កំពុង​អនុវត្ត​ផងដែរ​
២-​យកចិត្តទុកដាក់​ដោះស្រាយ​ពាក្យបណ្តឹង​របស់​ភ្ញៀវទេសចរ ក៏ដូចជា​កាត់បន្ថយរ​បាំង​មិនចាំបាច់ លុបបំបាត់​ភាព​អសកម្ម ដែល​ធ្វើ​ឲ្យ​ប៉ះពាល់ និង​រំខាន​ដល់​ការធ្វើដំណើរ និង​ដឹកជញ្ជូន​ភ្ញៀវទេសចរ​
៣-​បន្ត​ផ្សព្វផ្សាយ​នីតិវិធី​ប្រតិបត្តិ​ស្តង់ដា​អប្បបរមា​ស្តីពី​ដំណើរ​ទេសចរណ៍​បើកបរ​ដោយ​ខ្លួនឯង​តាមផ្លូវ​គោក ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​បើកបរ​ដោយ​ខ្លួនឯង​ពី​បណ្តា​ប្រទេសជិតខាង ជាពិសេស​ភ្ញៀវទេសចរ​ចិន​ដែល​មក​តាម​ព្រំដែន​កម្ពុជា​-​ឡាវ​
៤-​ណែនាំ​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ​គ្រប់​ស្ថាប័ន​ដូចជា​អន្តោប្រវេសន៍ គយ​និង​រដ្ឋាករ និង​ច​ត្តា​ឡី​ស័ក​ដែល​ត្រូវ​បម្រើការ​នៅតាម​ច្រកទ្វារ​អន្តរជាតិ​ត្រៀមលក្ខណៈ​សម្បត្តិ សម្រាប់​កំពង់ផែ​ទេសចរណ៍​ខេត្តកំពត​ដែល​នឹង​បើក​ដំណើរ​ឆាប់ៗ​ខាងមុខនេះ​
៥-​គណៈកម្មការ​អន្តរក្រសួង​ត្រូវ​ជួបប្រជុំ​រៀងរាល់​ត្រីមាស (៣​ខែ​) ម្តង ដើម្បី​ត្រួតពិនិត្យ និង​ពង្រឹងគុណភាព​ការងារ​ចំពោះមុខ​ក៏ដូចជា​ដោះស្រាយ​បន្ទាន់​បញ្ហា​អវិជ្ជមាន​នានា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close