សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​អបអរសាទរ​ខួប​១០០​ឆ្នាំ នៃ​វត្តមាន​សាសនា​គ្រិស្ត​នៅ​កម្ពុជា​

​នៅ​ព្រឹក​ថ្ងៃ​សុក្រ ៦​កើត ខែមាឃ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២៣​នេះ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​អបអរសាទរ​ខួប​១០០​ឆ្នាំ នៃ​សាសនា​គ្រិស្ត​នៅ​កម្ពុជា ដែល​ពិធី​នេះ បានរៀបចំ​ធ្វើឡើង​នៅ​បរិវេណ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ដោយ​ហៅ​ព្រឹត្តិការណ៍​នោះ​ថា «​មរតក​ដំណឹង​ល្អ ១០០​ឆ្នាំ​(១៩២៣-២០២៣)»​។​ ​ជាការ​ចាប់ផ្ដើម​ថ្លែង​នូវ​សុន្ទរកថា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អបអរសាទរ​ខួប​១០០​ឆ្នាំ នៃ​វត្តមាន​សាសនា​គ្រិស្ត​នៅ​កម្ពុជា​។

​សម្តេច​តេ​ជោ​បានប្រកាសថា នៅ​ថ្ងៃទី​២៧ ខែមករា​នេះ សល់​តែ​៩៨​ថ្ងៃ​ទៀត​ប៉ុណ្ណោះ ដល់ពេល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​ប្រកួត​ស៊ី​ហ្គេម​ហើយ​។ សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា ការជួប​ជុំគ្នា​នៅ​ព្រឹក​ថ្ងៃនេះ គឺជា​ជំនួប​លើក​ទី​៥​ហើយ រវាង​សម្តេច និង​គ្រិស្តបរិស័ទ ដែល​កន្លងមក​តែងតែមាន​ការជួប​ជាប្រចាំ​ឆ្នាំ ក៏ប៉ុន្តែ​ត្រូវបាន​អាក់ខាន​រយៈពេល​៣​ឆ្នាំ​កន្លងមកនេះ​ដោយសារ​កូ​វីដ​១៩ ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ទៀតថា ពិធី​អបអរសាទរ​ខួប​១០០​ឆ្នាំ​នៃ​វត្តមាន​គ្រិស្តសាសនា​នៅ​កម្ពុជា គឺជា​ការ​អរគុណ​ដល់​ព្រះ​យេស៊ូ​។ ការជួបជុំ​អបអរសាទរ​នេះ​១០០​ឆ្នាំនេះ ក៏​ជាការ​បង្ហាញ​ឱ្យ​ពី​ការរីកចម្រើន​លើ​ផ្នែក​ជំនឿ​សាសនា​នៅ​កម្ពុជា​ផងដែរ​។​ ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្តទៀតថា គ្រិស្តបរិស័ទ​បាន​ចូលរួមចំណែក​យ៉ាងសំខាន់​លើ​កិច្ចការ​សង្គម​នៅ​កម្ពុជា ដូចជា​បញ្ហា​សង្គម​ការអភិវឌ្ឍន៍​ធនធានមនុស្ស​វិស័យ​មនុស្សធម៌ និង​សកម្មភាព​ផ្សេងៗ​ជាច្រើន​ទៀត​។

​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍​បញ្ជាក់ថា ដើម្បី​បុព្វហេតុ​ជាតិ និង​ប្រជាជន រាជរដ្ឋាភិបាល បាន​គាំពារ​គ្រប់​សាសនា​ទាំងអស់​នៅ​កម្ពុជា ហើយ​បានផ្តល់​សិទ្ធិសេរីភាព​យ៉ាង​ទូលំទូលាយ​ដល់​គ្រប់​សាសនា ទាំងអស់​ដែល​បាន​នឹង​កំពុងមាន​វត្តមាន​នៅលើ​ទឹកដី​កម្ពុជា​។ កម្ពុ​ជាមាន​មោទនភាព​ចំពោះ​ប្រជាពលរដ្ឋ ទោះបី​មាន​ជំនឿ​សាសនា​ខុសគ្នា តែ​បាន​រួមរស់​ជាមួយគ្នា​យ៉ាង​សុខសាន្ត​មិនមាន​ជម្លោះសាសនា​អ្វី​ឡើយ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ដល់​គ្រិស្តបរិស័ទ​ទាំងអស់ ដែល​បាន​ប្រឹងប្រែង​រួមគ្នា​ថែរក្សា​សុខសន្តិភាព និង​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ នាពេល​កន្លងមកនេះ​។ សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា ថ្ងៃជ័យ​ជម្នះ​៧​មករា មិន​ត្រឹមតែ​ជួយ​ឱ្យ​ជីវិត​ពលរដ្ឋ​ខ្មែរ​បាន​រស់​ឡើងវិញ​ប៉ុណ្ណោះ​ទេ តែ​ក៏បាន​ជួយ​ឱ្យ​សាសនា​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​រស់​ឡើងវិញ​ផងដែរ​។​ ​សម្តេច​តេ​ជោ​បាន​សង្កត់ធ្ងន់ថា ជម្លោះសាសនា គឺជា​មហន្តរាយ​មួយ​ដ៏​ធំធេង ដែល​មិន​អាចឱ្យ​កើតមាន​ឡើយ​នៅក្នុង​ប្រទេស​កម្ពុជា​។

សម្តេច​តេ​ជោ​ក៏បាន​ថ្លែង​នូវ​ការអំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​គ្រិស្ត​ត្រូវ​សាមគ្គី​គ្នា​ទាំង​ផ្ទៃក្នុង និង​ជាមួយ​សាសនា​ដទៃ ដោយ​ឈរលើ​គោលការណ៍​សុខដុម​នីយកម្ម ហើយ​សង្ឃឹមថា ថ្នាក់ដឹកនាំ​គ្រិស្ត​នៅ​កម្ពុជា នឹង​ជ្រើស​តំណាង​មួយ ដើម្បី​ជជែក​ជាមួយ​សាសនា​ដទៃ ក៏ដូចជា​អាជ្ញាធរ ដើម្បី​ចូលរួម​ថែរក្សា​ការពារ​សុខសន្តិភាព សន្តិសុខ​សណ្តាប់ធ្នាប់​នៅក្នុង​សង្គម​។​មុននឹង​បញ្ចប់ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏បាន​ជូនពរ​ឲ្យ​បងប្អូន​គ្រិស្តសាសនា​ទាំងអស់​ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន គ្រប់ៗ​គ្នា​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close