ជនសង្ស័យ ៨នាក់ ជាក្រុមចោរធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋ ក្នុងខេត្តសៀមរាប ត្រូវសមត្ថកិច្ចចាប់ខ្លួន!
សៀមរាប៖ យ៉ាងហោចណាស់ជនសង្ស័យមួយក្រុម មានចំនួន ៨នាក់ ដែលបានធ្វើសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋ នៅក្នុងខេត្តសៀមរាប ត្រូវសមត្ថកិច្ចចុះបង្ក្រាបបាន កាលពីពេលថ្មីៗនេះ។
នគរបាលខេត្តសៀមរាប បានឲ្យដឹងថា ក្រុមចោរទាំង ៨នាក់ ទី១.ឈ្មោះ ម៉ូវ សេងហ៊ាង ភេទប្រុស អាយុ ២៦ឆ្នាំ មានស្រុកកំណើតនៅខេត្តតាកែវ បច្ចុប្បន្ននៅស្រុកស្វាយលើ ខេត្តសៀមរាប, ទី២.ឈ្មោះ សូ លាក់ ភេទប្រុស អាយុ១៨ឆ្នាំ បច្ចុប្បន្នរស់នៅសង្កាត់សៀមរាប ក្រុងសៀមរាប, ទី៣.ឈ្មោះ រួន ចន្នីរ៉ូត ភេទប្រុស អាយុ២០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិមណ្ឌល៣ សង្កាត់ស្លក្រាម, ទី៤.ឈ្មោះ សេង រ៉ាឌី អាយុ២៥ឆ្នាំ ជនជាតិវៀតណាម បច្ចុប្បន្ននៅភូមិត្រៀក សង្កាត់សៀមរាប, ទី៥.ឈ្មោះសុង ចាន់សុភា ភេទប្រុស អាយុ៣៦ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម បច្ចុប្បន្នរស់នៅសង្កាត់ស្លក្រាម, ទី៦.ឈ្មោះហុង ម៉ិច ភេទប្រុស អាយុ៣៤ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង បច្ចុប្បន្នរស់នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប, ទី៧.ឈ្មោះ ឧត្តម រ៉ាឌី ភេទប្រុស អាយុ២៣ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិវត្តស្វាយ សង្កាត់សាលាកំរើក និងទី៨.ឈ្មោះ ឆាយ សុគន្ធ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តកណ្តាល។ អ្នកទាំង៨ គឺសុទ្ធតែជាមុខសញ្ញាធ្លាប់ជាប់ពន្ធនាគារ និងមណ្ឌលគ្រឿងញៀន។
បើតាមចម្លើយសារភាព ក្រុមជនសង្ស័យទាំង៨នាក់ ខ្លួនមានបក្ខពួកដែលជាអ្នកលក់ម៉ូតូ ហើយមានគ្នាជាអ្នកចាំជួយប្តូរគ្រឿងបន្លាស់ និងបាញ់ប្តូរពណ៌ដើម្បីឲ្យបក្សពួកផ្សេងទៀត បញ្ជូនបន្តទៅលក់នៅរាជធានីភ្នំពេញ ដោយពួកគេបានធ្វើសកម្មភាពលួច និងបញ្ជូនម៉ូតូទៅលក់បានជាច្រើនគ្រឿងហើយដែរ ហើយចំពោះម៉ូតូដែលពួកគេលួចបាន គឺភាគច្រើនជាម៉ូតូដែលជនរងគ្រោះទុកប្រហែស និងមានសោនៅជាប់នឹងម៉ូតូតែម្ដង។
បច្ចុប្បន្នជនសង្ស័យទាំង៨នាក់នេះ ត្រូវបានសមត្ថកិច្ចឃុំខ្លួននៅអធិការនគរបាលក្រុសៀមរាប ដើម្បីរៀបចំសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។