សង្គមរដ្ឋមន្រ្តី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​អះអាង​ថា​ ​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ទៅ​បាវិត​ ​សិក្សា​ចប់​រួចរាល់​ហើយ​ ​គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ជិត៤ពាន់​លាន​ដុល្លារ​

រដ្ឋ​មន្រ្ដី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​បាន​អះអាង​ថា​ ​រហូតមកដល់​ពេលនេះ​ ​ការសិក្សា​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ ​ទៅ​បាវិត​ ​ព្រំដែន​កម្ពុជា​-​វៀតណាម​ ​គឺ​បាន​សិក្សា​ ​រួចរាល់​ចប់​សព្វគ្រប់​អស់ហើយ​ ​ដែល​ត្រូវ​ចំណាយ​ថវិកា​អស់​ប្រមាណ​ ​៣៨០០លាន​ដុល្លារ​។

ឯកឧត្តម​ ​ស៊ុន​ ​ចាន់​ថុល​ ​ទេស​រដ្ឋ​មន្រ្ដី​ ​រដ្ឋ​មន្រ្ដី​ក្រសួងសាធារណការ​ ​និង​ដឹកជញ្ជូន​ ​បាន​បញ្ជាក់​ថា​ ​រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឲ្យ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្ដរ​ជាតិ​នៃ​ប្រទេស​ជប៉ុន​(​JICA​)​ ​ធ្វើការ​សិក្សា​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី​ភ្នំពេញ​ទៅ​បាវិត​ ​ដែល​មាន​ចម្ងាយផ្លូវ​ប្រវែង១៦០គីឡូម៉ែត្រ​ ​ដើម្បី​ធ្វើការ​សាងសង់​ផ្លូវ​នេះ​។​ ​ឯកឧត្តម​បាន​គូសបញ្ជាក់​ថា​ ​បន្ទាប់ពី​ធ្វើការ​សិក្សា​រួច​ ​ផ្លូវ​នេះ​ ​នឹង​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ ​៣៨០០​ ​លាន​ដុល្លារ​។

តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​រដ្ឋមន្រ្តី​ថា​ ​ការ​ចំណាយ​យ៉ាងច្រើន​សម្រាប់​សាងសង់​ផ្លូវ​ល្បឿន​លឿន​នេះ​ ​គឺ​ដោយសារតែ​ផ្លូវ​ដែល​ត្រូវ​សាងសង់​គឺ​មាន​លិចទឹក​ ​ហើយ​កាត់តាម​បឹង​ ​ឬ​តំបន់​លិចទឹក​ច្រើន​ ​ដែល​មាន​ប្រវែង​រហូតដល់៨០គីឡូម៉ែត្រ​ ​ធ្វើឲ្យ​តម្លៃ​ក្នុង​ការ​ចំណាយ​សាងសង់​ច្រើន​។

ឯកឧត្តម​បាន​លើកឡើង​ថា​ ​បើ​ប្រៀបធៀប​ទៅ​នឹង​ការសាងសង់​ផ្លូវ​ល្បឿន​លឿន​ ​ពី​រាជធានី​ភ្នំពេញ​ ​ទៅ​ខេ​ត្ដ​ព្រះសីហនុ​ ​ដែល​មាន​ប្រវែង១៩០គីឡូម៉ែត្រ​នោះ​ ​គឺ​ចំណាយ​ថវិកា​ ​ប្រមាណ​តែ​ ​២០០០លាន​ដុល្លារ​ប៉ុណ្ណោះ​ ​ដោយសារ​ផ្លូវ​នេះ​ ​មិន​មានការ​សាងសង់​ឆ្លងកាត់​បឹង​ ​ឬ​តំបន់​លិចទឹក​ ​ដូច​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​ ​ទៅ​បាវិត​។

តាម​ការ​បញ្ជាក់​របស់​ឯកឧត្តម​រដ្ឋមន្រ្តី​ថា​ ​ដោយសារតែ​ទំហំ​ទឹកប្រាក់​ក្នុង​ការ​ចំណាយ​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​ភ្នំពេញ​ ​ទៅ​បាវិត​នេះ​ ​គឺ​មាន​ចំនួន​ច្រើនពេក​នោះ​ ​រាជរដ្ឋាភិបាល​មិនទាន់​សម្រេច​ធ្វើការ​សាងសង់​ ​ឬ​យ៉ាងណា​ទេ​ ​ដោយ​កំពុងតែ​ស្វែងរក​ដៃគូ​វិនិយោគ​ពី​វិស័យ​ឯកជន​ ​ដើម្បី​កសាង​ផ្លូវ​នេះ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close