សប្ដាហ៍ចុងខែមករា! កម្ពុជា ទទួលបានភ្ញៀវទេសចរ ៦០ម៉ឺននាក់
ភ្នំពេញ៖ ចាប់ពីថ្ងៃទី២៣-២៩ ខែមករា ឆ្នាំ២០២៣ កម្ពុជាទទួលបានភ្ញៀវទេសចរសរុប៦០៦,១៧៥នាក់ និងភ្ញៀវបរទេស៤៩,៥៩២នាក់។
គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖
* ខេត្តព្រះសីហនុ ១៨៤,៩២៩នាក់
* ខេត្តកំពត ៦៥,៧៨៧នាក់
* ខេត្តបាត់ដំបង ៦១,៧៣៧នាក់
* ខេត្តសៀមរាប ៤៧,៦៧៦នាក់
* ខេត្តកំពង់ចាម ៤២,០៤០នាក់
* រាជធានីភ្នំពេញ ៣៩,០៧២នាក់
* ខេត្តប៉ៃលិន ៣៣,០៦៥នាក់
* ខេត្តកែប ៣២,៧៤៦នាក់។
ចំនួនភ្ញៀវទេសចរប្រមាណ៦០ម៉ឺននាក់ក្នុងសប្តាហ៍កន្លងមកនេះ គឺបានមកពីចរន្តភ្ញៀវទេសចរដែលបានដើរកម្សាន្តនារយៈពេល២ថ្ងៃចុងក្រោយនៃពិធីបុណ្យចូលឆ្នាំចិន (ថ្ងៃចន្ទ និងអង្គារ) ខណៈដែលសម្រាប់រយៈពេល៤ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិននេះ យើងទទួលភ្ញៀវសរុប្រមាណ១លាននាក់។
ជាមួយការបន្តកើនឡើងនៃចរន្តភ្ញៀវទេសចរក្នុងស្រុកនាដើមឆ្នាំ២០២៣នេះ ចរន្តភ្ញៀវទេសចរអន្តរជាតិក៏បាននិងកំពុងបង្ហាញសញ្ញាវិជ្ជមានជាមួយការមកដល់ជាបន្តបន្ទាប់នៃភ្ញៀវទេសចរអន្តរជាតិ។ ជាក់ស្តែង បន្ទាប់ពីរដ្ឋាភិបាលចិនអនុញ្ញាតឱ្យប្រជាជនចេញក្រៅប្រទេសឡើងវិញ អាកាសយានដ្ឋានអន្តរជាតិកងកេង ខេត្តព្រះសីហនុ បានទទួលជើងហោះហើរលើកដំបូងមកពីប្រទេសចិន នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ ជាមួយវត្តមានភ្ញៀវទេសចរចំនួន១០៤នាក់ និងក្រុមអ្នកបម្រើការលើយន្តហោះ៦នាក់ទៀត សរុប១២០នាក់។
រីឯនៅខេត្តសៀមរាប ចាប់ពីថ្ងៃទី១៦ និង១៧ កុម្ភៈ នឹងមានជើងហោះហើរពីទីក្រុងគួនមីង និងពីសៀងហៃ ប្រត្តិបត្តិការដោយក្រុមហ៊ុនអាកាសចរណ៍ China Eastern។ ចាប់ពីចុងខែមីនាទៅទើបមានកម្មវិធីហោះហើរទៀងទាត់។ យើងនឹងរៀបចំពីធីស្វាគមន៍ដ៏សមរម្យមួយដូចនៅក្រុងព្រះសីហនុផងដែរ។
នៅសៀមរាបបច្ចុប្បន្ន មានជើងហោះហើរចន្លោះពី១៦-១៩ជើងក្នុង១ថ្ងៃ ដែលភ្ញៀវចន្លោះ១៨០០-១៩០០នាក់។ រីឯភ្ញៀវទិញសំបុត្រចូលអង្គរយ៉ាងតិច២០០០នាក់ក្នុងមួយថ្ងៃផងដែរ។ ភ្ញៀវប្រចាំថ្ងៃ បច្ចប្បន្ននៅសៀមរាបច្រើនជាងគេ គឺភ្ញៀវកូរ៉េដែលមកតាមជើងហោះហើរប្រចាំថ្ងៃរបស់ Sky Angkor Airline៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។