ក្រសួងទេសចរណ៍ ដាក់ចេញ​វិធានការ​ពង្រឹង​ការគ្រប់គ្រង​អាជីវកម្ម និង​បុគ្គលិក​បម្រើការ​តាម​អាជីវកម្ម​កម្សាន្ត​មនុស្សពេញវ័យ​

​ភ្នំពេញ​៖ លោកជំទាវ ហ៊ុន ដា​នី រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ តំណាង​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន នា​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២៣ បាន​ដឹកនាំ​កិច្ចប្រជុំ​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​អាជីវកម្ម និង​បុគ្គលិក​បម្រើការ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅតាម​អាជីវកម្ម​ក្លឹប​កម្សាន្ត ខារ៉ាអូខេ រង្គសាល​-​ឌី​ស្កូ​តែ​ក បៀរហ្គាឌិន និង​ម៉ាស្សា​-​ស្ប៉ា ដែល​សុទ្ធតែជា​កន្លែង​កម្សាន្ត​មនុស្សពេញវ័យ​។​

​គោលបំណង​នៃ​កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ចូលរួម​អនុវត្ត​នូវ​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ដែល​បានស្នើ​គ្រប់​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​យកចិត្តទុកដាក់​ចំពោះ​ស្ត្រី​ដែល​បម្រើការ​ក្នុង​វិស័យសេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ពិសេស​វិស័យ​សេវា​កម្សាន្ត​ដើម្បី​បញ្ជៀ​ស​ពី​ការរើសអើង សំដៅ​លើកកម្ពស់​ស្ថានភាព​ការងារ និង​មុខរបរ​។​

​នា​កិច្ចប្រជុំ​នោះ លោកជំទាវ​រដ្ឋលេខាធិកា​រ​បាន​លើកឡើងថា ផ្តើម​ពី​តួនាទី​ដ៏​មាន​សារៈសំខាន់​របស់​ស្ត្រី ក្រសួងទេសចរណ៍​បានចាត់ទុក​ស្ត្រី​គឺជា​កម្លាំងចលករ​ដ៏​មាន​សក្តានុពល​និង​ជា​ភាគី​ពាក់​ព័​ន្ឋ​មិនអាច​ខ្វះ​បាន ដែល​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​នៅក្នុង​ការលើកស្ទួយ​កម្រិត​ជីវភាព​គ្រួសារ សហគមន៍ និង​សង្គម​-​សេដ្ឋកិច្ច​។
​កិច្ចខិតខំ​ប្រឹងប្រែង​ក​ន្ល​ង​មករ​បស់​ក្រសួងទេសចរណ៍​ក្នុងការ​អនុវត្ត​សកម្មភាព​នានា ជាពិសេស​ជំរុញ​ការលើកកម្ពស់​សិទ្ធិ តួនាទី តម្លៃ​ស្ត្រី និង​បង្កើន​ភាព​អង់អាច​ដល់​ស្ត្រី​ដែល​ប្រកបមុខរបរ​ក្នុង​ឧស្សាហកម្ម​ទេសចរណ៍ ជា​កត្តា​រួមចំណែក​យ៉ាងសំខាន់​ដល់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកបដោយ​ចីរភាព និង​បរិ​យាប​ន្ន​។​

​លោកជំទាវ ហ៊ុន ដា​នី បាន​បន្តថា ស្ត្រី​ដែល​បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍ មានការ​គាំពារ​ដោយ​ច្បាប់​ស្តីពី​ទេសចរណ៍​។ ស្ត្រី​ត្រូវបាន​យកចិត្តទុកដាក់​ឱ្យទទួល​បានការ​ចូលរួម​និង​ទទួលបាន​អត្ថប្រយោជន៍​ប្រកបដោយ​សមធម៌​ពី​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​។ ច្បាប់​នេះដែរ មិន​ត្រឹមតែ​បង្កើតឡើង​ដើម្បី​ធានា​ការគ្រប់គ្រង​និង​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ប្រកបដោយ​ប្រសិទ្ធភាព​ប៉ុណ្ណោះ​ទេ ថែមទាំង​បានរួម​ចំណែក​ថែរក្សា​ការពារ​ធនធានធម្មជាតិ វប្បធម៌ ទំនៀមទម្លាប់ ដើម្បី​ទាញយក​ផលប្រយោជន៍ និង​បែងចែក​ផលប្រយោជន៍​ពី​ទេសចរណ៍​ប្រកបដោយ​សមធម៌ ជាពិសេស​ចូលរួម​ទប់ស្កាត់​ផលប៉ះពាល់​អវិជ្ជមាន​មក​លើ​ស្ត្រី​និង​កុមារ ដែល​មានចែង​ក្នុង​មាត្រា ៤៨-៤៩-៥០ ធានា​ឱ្យ​ស្ត្រី និង​កុមារ​មាន​សុវត្ថិភាព សេចក្តីថ្លៃថ្នូរ ចៀស​ផុតពី​ការរើសអើង ការរំលោភបំពាន ការកេងប្រវ័ញ្ច ការជួញដូរ​។​ល​។​

​ដើម្បី​ពង្រឹង​ការគ្រប់គ្រង​អាជីវកម្ម និង​បុគ្គលិក​បម្រើការ​នៅតាម​សេវា​កម្សាន្ត​ទេសចរណ៍ លោកជំទាវ​រដ្ឋលេខាធិកា​រ​បានស្នើ​ដល់​អភិបាល​រាជធានី​-​ខេត្ត ផ្តល់​កិច្ចសហការ​ជាមួយ​ក្រសួងទេសចរណ៍ និង​មន្ទីរ​ទេសចរណ៍​ក្នុងការ​គ្រប់គ្រង​អាជីវកម្ម​សេវា​កម្សាន្ត​ឱ្យមាន​ប្រសិទ្ធភាព រាប់ទាំង​សកម្មភាព ការផ្តល់​អាជ្ញា​បណ្ណ ទាំង​សម្បទា និង​ការរៀបចំ​។​

​លោកជំទាវ​បាន​ណែនាំ​ដល់​នាយកដ្ឋាន​សេវា​កម្សាន្ត ត្រូវ​សហការ​ជាមួយ​នាយកដ្ឋាន​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទេសចរណ៍ ផ្ដល់​ការបណ្ដុះបណ្ដាល​តាម​គ្រប់​រូបភាព​ដល់​បុគ្គលិក​ដែល​ប់ម្រើការ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ផ្នែក​សេវា​កម្សាន្ត ម៉ាស្សា​-​ស្ប៉ា ដើម្បីឱ្យ​ពួកគាត់​មាន​ជំនាញ​ច្បាស់លាស់ ងាយស្រួល​ក្នុងការ​ប្រកបមុខរប​រ បង្កើន​ប្រាក់ចំណូល សំដៅ​លើកកម្ពស់​កម្រិត​ជីវភាព​រស់នៅ​ឱ្យ​កាន់តែ​ប្រសើរឡើង​។​

​លោកជំទាវ​រដ្ឋលេខាធិកា​រ ក៏បាន​ណែនាំ​ទៅកាន់​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ និង​ម្ចាស់​អាជីវកម្ម ខិតខំ​ចងក្រង​ក្រុម​នារី​ក្នុង​វិស័យ​ទេសចរណ៍​បន្ថែមទៀត ដើម្បី​ងាយស្រួល​ក្នុងការ​គ្រប់គ្រង ការចុះ​អប់រំ​ណែនាំ ការបណ្ដុះបណ្តាល និង​ការជួយ​អន្តរាគមន៍ នៅពេល​ពួកគាត់​ជួបប្រទះ​នូវ​បញ្ហា​ប្រឈម​។
​មន្ទីរ​ទេសចរណ៍​រាជធានី​-​ខេត្ត​ក៏ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ និង​ម្ចាស់​អាជីវកម្ម ដើម្បី​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​បុគ្គលិក​បម្រើការ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ផ្នែក​សេវា​កម្សាន្ត​ម៉ាស្សា​-​ស្ប៉ា​ឱ្យបាន​ច្បាស់លាស់ និង​មាន​ប្រសិទ្ធភាព​។​

​លោកជំទាវ ហ៊ុន ដា​នី ក៏បាន​ជំរុញ​ឱ្យ​សកម្ម​ចុះ​ជួប​ផ្ទាល់​ដល់​មូលដ្ឋាន​អាជីវកម្ម ដើម្បី​ពង្រឹង​អនាម័យ ភាព​ស្អាត សេវា​បដិសណ្ឋារកិច្ច និង​អប់រំ​ណែ​នាំឱ្យ​ពួកគាត់​ស្គាល់​ពី​សិទ្ធិ និង​តួនាទី​ដ៏​មាន​សារៈសំខាន់​របស់​ពួកគាត់​ក្នុង​វិស័យ​ទេសចរណ៍​។​

​គួរ​ជម្រាប​ថា អាជីវកម្ម​ក្លឹប​កម្សាន្ត ខារ៉ាអូខេ រង្គសាល​-​ឌី​ស្កូ​តែ​ក និង​បៀរ​ហ្កា​ឌិន​សរុប​មាន​ចំនួន​៩២៨​អាជីវកម្ម ក្នុងនោះ​អាជីវកម្ម​ខារ៉ាអូខេ​មាន​ចំនួន​៧៥៩​អាជីវកម្ម រង្គសាល​-​ឌី​ស្កូ​តែ​កមាន​ចំនួន​៦៩​អាជីវកម្ម អាជីវកម្ម​បៀរ​ហ្កា​ឌិន​មាន​ចំនួន​១០០​អាជីវកម្ម​។ ដោយឡែក​អាជីវកម្ម​ម៉ាស្សា​-​ស្ប៉ា សរុប​មាន​ចំនួន​៤១៩​អាជីវកម្ម ដែល​ស្មើនឹង​៣,២២២​គ្រែ​។ ចំនួន​បុគ្គលិក​បម្រើការ​ក្នុង​អាជីវកម្ម​ក្លឹប​កម្សាន្ត ខារ៉ាអូខេ រង្គសាល​-​ឌី​ស្កូ​តែ​ក និង​បៀរ​ហ្កា​ឌិន​សរុប​មាន​ចំនួន​២៤,១២៥​នាក់ (​ស្រី​១៤,៦៤១​នាក់​)៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close