រដ្ឋធានី Abu Dhabi នៃ​ប្រទេស​អារ៉ាប់​រួម ជាទី​ក្រុងមាន​សុវត្ថិភាព​បំផុត​លើ​ពិភពលោក​

​នៅ​ទូទាំង​ពិភពលោក រដ្ឋធានី Abu Dhabi នៃ​ប្រទេស​អារ៉ាប់​រួម (UAE) ត្រូវ​បានផ្តល់​កិត្តិយស​ជាទី​ក្រុង​ដែលមាន​សុវត្ថិភាព​បំផុត​ក្នុង​ពិភពលោក ដោយ​ទទួលបាន 88.8 ពិន្ទុ​។ តាម​ពីក្រោយ​ដោយ​រដ្ឋធានី Doha របស់​ប្រទេស​កាតា (85.5 ពិន្ទុ​) និង​ទីក្រុង​តៃប៉ិ (​ប្រទេស​ចិន​) ដែលមាន 84.9 ពិន្ទុ​។​

​គេហទំព័រ Numbeo បានដាក់​ចំណាត់ថ្នាក់​ទីក្រុង ដែលមាន​សុវត្ថិភាព​បំផុត នៅ​តំបន់​អាស៊ាន ក្នុងនោះ ទីក្រុង​ឈៀង​ម៉ៃ​ក្នុងប្រទេស​ថៃ​គឺជា​ទីក្រុង​ដែលមាន​សុវត្ថិភាព​បំផុត​។​

​តាម​គេហទំព័រ Numbeo គឺជា​គេហទំព័រ​ដែលមាន​ឯកទេស​ក្នុងការ​វាយតម្លៃ​គុណភាព​នៃ​ជីវិត​នៅក្នុង​ទីក្រុង​នានា​ជុំវិញ​ពិភពលោក រួមទាំង​ចំណាត់ថ្នាក់​នៃ “​ទីក្រុង​ដែលមាន​សុវត្ថិភាព​” ផងដែរ​។ គេហទំព័រ​នេះ​អះអាងថា​ជា​មូលដ្ឋាន​ទិន្នន័យ​ដ៏​ធំ​បំផុត​របស់​ពិភពលោក ដែល​ផ្ត​ល់ស​ន្ទ​ស្សន៍​លើ​លំនៅដ្ឋាន អត្រា​ឧក្រិដ្ឋកម្ម ការថែទាំ​សុខភាព ការដឹកជញ្ជូន និង​តម្លៃ​នៃ​ការរស់នៅ​រាប់រយ​ទីក្រុង​។​

​កាលពី​ថ្ងៃទី ២៩ ខែមករា កាសែត Bangkok Post របស់​ប្រទេស​ថៃ​បាន​ដកស្រង់​ពី​ចំណាត់ថ្នាក់​សុវត្ថិភាព​ទីក្រុង​ក្នុង​ឆ្នាំ 2023 ដោយ​និយាយថា ទីក្រុង​ឈៀង​ម៉ៃ​គឺជា​កន្លែង​ដែលមាន​សុវត្ថិភាព​បំផុត​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​

​ទំព័រ​នេះ​កំណត់ “​សុវត្ថិភាព​” ថា “​អាច​ដើរ​ដោយ​សុវត្ថិភាព​តែម្នាក់ឯង​ក្នុងពេល​ថ្ងៃ និង​ពេលយប់​”​។ ជាមួយនឹង​លក្ខណៈវិនិច្ឆ័យ​បែបនេះ ឈៀង​ម៉ៃ ទទួលបាន 75.5 ពិន្ទុ ដែលជា​ចំណាត់ថ្នាក់​លេខ ១ នៅ​អាស៊ីអាគ្នេយ៍​។ តាម​ពីក្រោយ​ដោយ​ទីក្រុង Davao នៃ​ប្រទេស​ហ្វីលីពីន (៧២.៤​ពិន្ទុ​) និង​សិង្ហ​បុរី (៧០.៨​ពិន្ទុ​)​។​

​រាជធានី​បាងកក​របស់​ប្រទេស​ថៃ​ជាប់​ចំណាត់ថ្នាក់​ទី 170 សម្រាប់​ទីក្រុង​ទាំងឡាយ​នៅលើ​ពិភពលោក និង​ទី ៧ នៅ​អាស៊ីអាគ្នេយ៍​ដែលមាន 59.5 ពិន្ទុ​។ លទ្ធផល​នេះ​ធ្វើ​ឲ្យ​មន្ត្រី​ថៃ​សប្បាយចិត្ត​យ៉ាងខ្លាំង នេះ​បើតាម​កាសែត Bangkok Post​។​

​អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក Anucha Burapachaisri បាន​និយាយថា ចំណាត់ថ្នាក់​នេះ​ឆ្លុះបញ្ចាំង​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់​ប្រទេស​ថៃ​ក្នុងការ​ដោះស្រាយ​ឧក្រិដ្ឋកម្ម ការកែលម្អ​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​ការពង្រឹង​ទំនុកចិត្ត​របស់​ជនបរទេស​។​

​ក្នុង​ចំណាត់ថ្នាក់​នេះ​ផងដែរ ទីក្រុង​ហាណូយ​របស់​វៀតណាម​ទទួលបាន ៦២ ពិន្ទុ ជាប់​ចំណាត់ថ្នាក់​ទី ១៤៥ លើ​ពិភពលោក និង​លេខ ៥ នៅ​អាស៊ីអាគ្នេយ៍ ខណៈ​ទីក្រុង​ហូជីមិញ ជាប់​ចំណាត់ថ្នាក់​ទី ១៤ ក្នុង​តំបន់​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close