លោកជំទាវ ឱ វណ្ណឌី​ន ចុះ​ជំរុញ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ពន្យល់ និង​អប់រំ​ប្រជាជន នៅ​ខេត្តក្រចេះ​

​ក្រចេះ​៖ កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២៣ លោកជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណ​:​កម្ម​ការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស (​គ​.​វ​.​ក ១៩) បាន​ចុះ​ពិនិត្យ គាំទ្រ ពន្យល់ អប់រំ​សុខភាព និង​ជំរុញ​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​ខេត្តក្រចេះ​។

​នៅតាម​ទីតាំង​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក៏ដូចជា​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​ចំនួន បួន​កន្លែង​មាន វិទ្យាល័យ សិលា​វេទី​គាត ឈន់​, ផ្សារ​សាមគ្គី ក្រុង​ក្រចេះ​, វិទ្យាល័យ​ព្រះមហាក្សត្រី​យ៉ា​នី​កុសុមៈ និង​មណ្ឌល​សុខភាព បុស​លាវ មាន​ប្រជាពលរដ្ឋ សិស្សានុសិស្ស ព្រះសង្ឃ ជន​វ័យចាស់ រួមទាំង​អ្នកមាន​ជំងឺ​ប្រចាំកាយ​ជាច្រើន​រយ​នាក់ បានមក​ទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ជំរុញ ហើយ​ក្រុមការងារ គ​.​វ​.​ក​-១៩ ដែល​ចុះ​បេសកម្ម​នេះ ក៏បាន​ជួយ​ដោះស្រាយ​បញ្ហា​សុខភាព និង​បណ្ណ​ចាក់​វ៉ាក់សាំង ដែល​ប្រជាជន​ភ័ន្តច្រឡំ​មិន​ហ៊ាន​ទទួលយក​វ៉ាក់សាំង​កូ​វីដ​-១៩ ភ្លាមៗ​ផងដែរ​។

​មានប្រសាសន៍​នៅឯ វិទ្យាល័យ​សិលា​វេទី​គាត ឈន់ លោកជំទាវ​រដ្ឋលេខាធិកា​រ បាន​សង្កត់ធ្ងន់ថា ចំពោះ​សិស្សានុសិស្ស បងប្អូន ប្រជាពលរដ្ឋ កម្មករ​កម្មការិនី​ទាំងអស់ សូមកុំ​ពន្យារពេល​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​លើសពីរ​រយៈពេល​ដែល​ក្រសួងសុខាភិបាល​បានកំណត់ ពោលគឺ​រយៈពេល​ពី​ដូ​ស​ជំរុញ​មួយ ទៅ​ដូ​ស​ជំរុញ​មួយទៀត គឺ​ពី ៤-៦​ខែ និង​ពី ៣​ខែ​ឡើងទៅ សម្រាប់​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​-១៩ ហើយ​ត្រូវ​ចងចាំ​ថ្ងៃខែ​ឆ្នាំ​ដែល​បុគ្គល​បាន​ចាក់​ដូ​ស​ចុងក្រោយ សម្រាប់​ការចាក់​ដូ​ស​បន្តបន្ទាប់​ទៀត​នៅពេល​ដល់​វេន​ចាក់​ដោយ​មិន​ហួសពេល​យូរពេក​ដែល​ធ្វើឱ្យ​កងការពារ​ក្នុង​សរីរាង្គកាយ​បុគ្គល​នឹង​ធ្លាក់​ចុះខ្សោយ ឫ​ចុះ​អស់​តែម្តង​។

​ក្នុងឱកាស​នេះដែរ លោកជំទាវ​បាន​ណែនាំ​ទៅដល់​គណនា​យកសា​លា ឱ្យ​បន្ត​យកចិត្តទុកដាក់​ដល់​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​ដល់​សិក្សា​នុ​សិស្ស និង​អ្នកគ្រូ​-​លោកគ្រូ ព្ម​ទាំង​បុគ្គលិក​សាលា​របស់ខ្លួន ពោលគឺ​រៀបចំ​កាលវិភាគ ដើម្បី​ឲ្យ​ក្រុមគ្រូពេទ្យ​មក​ផ្ដល់​សេវា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ នៅ​សាលា​ផ្ទាល់​តែម្ដង ទៅតាម​វេន និង​បន្ត​ការអនុវត្ត​វិធានការ អប់រំ ការពារ បង្ការ និង​ទប់ស្កាត់​ការរីក​រាលដាល ឫ​ផ្ទុះឡើង​សារជាថ្មី​នៃ​ជំងឺឆ្លង​ដ៏​កាច​សាហាវ​នេះ​ជា​បន្តទៀត​។

​លើសពីនេះ​លោកជំទាវ​ប្រធាន គ​.​វ​.​ក​-១៩​ក៏បាន​គូសបញ្ជាក់​បន្ថែមទៀតថា យើងទាំងអស់គ្នា​មិនត្រូវ​ភ្លេច​ពេលវេលា​ចាក់​វ៉ាក់សាំង​កូ​វីត​-១៩ ដូ​ស​ចុងក្រោយ​នោះទេ ពីព្រោះ​វា​ងាយស្រួល​ដើម្បី​ទៅ​ទទួល​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​បន្តបន្ទាប់​ត្រូវ​ទៅតាម​ពេលវេលា​កំណត់​ដែល​ជួយ​រក្សាបាន​នូវ​ភាពស៊ាំ​រឹងមាំ​របស់​បុគ្គល និង​សហគមន៍​យើង ដើម្បី​និរន្តរ៍ភាព​នៃ​កា​រស់នៅ​ធម្មតា​ក្នុង​គន្លង​ប្រក្រតីភាព​ថ្មី​ជាមួយនឹង​រួមចំណែក​ជំរុញ​សេដ្ឋកិច្ច​គ្រួសារ​-​សង្គម​កើន​ឡើងជា​បន្តបន្ទាប់​ផងដែរ​។

​បន្ទាប់ពី​បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​អាជីវករ លក់ដូរ នៅ​ផ្សារ​សាមគ្គី​ក្រុង​ក្រចេះ​រួចមក លោកជំទាវ​រដ្ឋលេខាធិកា​រ និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល នៅតែ​បន្ត​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស សូម​អ​ញ្ជេ​ី​ញ​ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ឲ្យ​បាន​គ្រប់គ្នា​ទាំង​ដូ​ស​មូលដ្ឋាន និង​ដូ​ស​ជំរុញ​ព្រមទាំង​បន្ត​អនុវត្តន៍​វិធានការ​ការពារ “៣​ការពារ និង​៣​កុំ​” ដេ​ី​ម្បី​សុខភាព​ផ្ទាល់ខ្លួន គ្រួសារ និង​សហគមន៍​។ ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ មិន​ត្រឹមតែ​ជួយ​ទប់ទល់​ដល់​ការផ្ទុះ​ឡើងវិញ​នូវ​ការ​រាតត្បាត​នៃ​វីរុស​នេះ​នោះទេ តែ​វា​ថែមទាំង​បាន​កាត់បន្ថយ​ការឈឺ​ធ្ងន់ ការឈឺ​សម្រាក​ពេទ្យ និង​ការស្លាប់​ដែល​បណ្ដាលមកពី​ជំងឺ​កូ​វីដ​-១៩ បានជា​អតិបរិមា​ផងដែរ​។

​សូមបញ្ជាក់ថា បច្ចុប្បន្ន​ទីតាំង​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ មាន​នៅតាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ទូទាំង ២៥ រាជធានី​-​ខេត្ត និង​នៅតាម​មន្ទីរពេទ្យ​ជាតិ ដែល​ផ្តល់​ភាពងាយស្រួល​ជូន​ដល់​ប្រជាពលរដ្ឋ​អាច​ទៅ​ទទួល​វ៉ាក់សាំង​បាន​នៅ​គ្រប់​ទីកន្លែង​នៅក្នុង​ប្រទេស​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close