មនុស្ស​ស្លាប់ ២​នាក់ និង​របួស​៣​នាក់ ករណី​ឆេះ​ក្លឹប​កម្សាន្ដ នៅ​ខេត្ត​ព្រះសីហនុ

​ខេត្ត​ព្រះសីហនុ​៖ ក្លឹប​កម្សាន្ដ​យីហោ JULIE & ANNA (​ទីតាំង​តំបន់​ក្រោយ​ឧ​ត្តុ​និយម​) ស្ថិតនៅ​ក្រុម​២៧ ភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ​នៅ​យប់​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០២៣ បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​ស្លាប់ និង​៣​នាក់​ផ្សេងទៀត​រងរបួស​។​

​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០២៣​នេះ​ថា បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​ករណី​អគ្គិភ័យ​ឆេះ​ក្លឹប​កម្សាន្ដ​នេះ លោក​បាន​បញ្ជា​កម្លាំង​ជំនាញ​ចេញ​អន្ដរាគមន៍​ជួយសង្គ្រោះ​ភ្លាមៗ ហើយ​ពន្លត់​ទាន់ពេលវេលា​មិន​ឲ្យ​ឆេះ​រាល​អាជីវកម្ម និង​ផ្ទះ​ប្រជាពលរដ្ឋ​នៅក្បែរ​នោះឡើយ​។​

​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ ក្នុង​ប្រតិបត្តិ​ការសង្គ្រោះ​កម្លាំង​ជំនាញ ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ចំនួន​២​គ្រឿង អស់​ទឹក​ចំនួន​២​ឡាន​។ តាម​ការរៀប​រាប់រប​ស់​អ្នក​នៅក្នុង​ហេតុការណ៍​ថា ភ្លើង​បាន​ឆេះ​ដោយសារ​ជាង​តម្លើង​ផ្សា​ដែក​ដង​វាំងនន បណ្តាល​ឲ្យ​ធ្លាក់​កម្ទេច​ភ្លើង លើ​អេ​ប៉ុង​បិទ​ជញ្ជាំង​បង្ក​ឲ្យ​ឆាបឆេះ​ភ្លើង​តែម្តង​។​

​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​បន្ដទៀតថា ករណីនេះ​បណ្តាល​ឲ្យ​គ្រោះថ្នាក់​មនុស្ស ចំនួន​៥​នាក់ ស្រី​៣​នាក់ (​ស្លាប់​២​នាក់ ស្រី​១​នាក់​) ក្នុងនោះ​រួមមាន​៖ ទី​១៖ ឈ្មោះ ហន ស្រី​វេត ភេទ​ស្រី អាយុ​១៨​ឆ្នាំ (​ស្លាប់​នៅ​ឃ្លី​និ​ច​ឯកជន​888) មុខងារ​បុគ្គលិក​បម្រើ​ភេសជ្ជៈ​, ទី​២៖ ឈ្មោះ ភន មករា អាយុ​២៣​ឆ្នាំ (​ស្លាប់​នៅពេល​បញ្ជូន​មន្ទីរពេទ្យបង្អែក​) មុខងារ​ជាង​តម្លើង​វាំង​នង​, ទី​៣៖ ឈ្មោះ ណន រតនៈ អាយុ​២០​ឆ្នាំ មុខរបរ​ជាង​តម្លើង​វាំងនន កំពុង​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ចំការចេក​, ទី​៤៖ ឈ្មោះ ប្រាក់ សារ៉ូ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​មេការ រងរបួស​ស្រាល​, ទី​៥៖ ឈ្មោះ វង្ស សា​រុំ ភេទ​ស្រី អាយុ​២៣​ឆ្នាំ មុខរបរ​មេការ រងរបួស​ស្រាល​។​

​បច្ចុប្បន្ន​អ្នករងរបួស​ម្នាក់ កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត និង​ស្ត្រី​២​នាក់ រងរបួស​ស្រាល​បាន​ចេញទៅ​សម្រាក​នៅផ្ទះ​វិញ​។ ក្រោយ​ហេតុការណ៍ កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​កម្លាំង​អធិការដ្ឋាន​ក្រុងព្រះសីហនុ បាន​នាំ​មនុស្ស​ចំនួន​៥​នាក់ មក​សាកសួរ​នៅ​អធិការដ្ឋាន​ជុំវិញ​ហេតុការណ៍​អគ្គីភ័យ​ខាងលើ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close