តុលាការខេត្តសៀមរាបសម្រេចឃុំខ្លួនប្រពន្ធថៅកែផ្ទះល្វែង លី ហាំងសេង ពីបទរំលោភទំនុកចិត្ត
ក្រោយសមត្ថកិច្ចឃាត់ខ្លួនយកមកកាន់សាលាដំបូងខេត្តសៀមរាប ដើម្បីឱ្យតំណាងអយ្យការធ្វើការសាកសួរអស់រយៈពេលពេញមួយថ្ងៃទី២ កុម្ភៈ នេះ ទីបំផុតទៅ លោកស្រី អៀង ប៊ួយគង់ ដែលជាប្រពន្ធរបស់លោក លី ហាំងសេង ថៅកែផ្ទះល្វែងនៅក្រុងសៀមរាប ត្រូវតុលាការសម្រេចធ្វើការឃុំខ្លួនជាបណ្តោះអាសន្ន។
បើយោងតាមដីការបស់សាលាដំបូងខេត្តសៀមរាប ករណីបណ្តឹងនេះ គឺកើតឡើងកាលពីកំឡុងខែធ្នុ ឆ្នាំ២០១៩ ដល់ឆ្នាំ២០២០ ក្រោយពីឈ្មោះ លី ហាំងសេង និងប្រពន្ធឈ្មោះ អៀង ប៊យយគង់ បានធ្វើការផ្សព្វផ្សាយលក់គម្រោងផ្ទះរាប់សិបល្វែង មានទីតាំងស្ថិតនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។ ដោយមានទំនុកចិត្ត ពលរដ្ឋចំនួន៦គ្រួសារ បានទិញដោយធ្វើកិច្ចសន្យាទិញលក់ និងកក់ប្រាក់ និងបង់ប្រាក់ជាបន្តបន្ទាប់ទៅឱ្យក្រុមហ៊ុនផ្ទះល្វែងជាប្រាក់សុទ្ធ និងវេរតាមគណនីធនាគារ ABA ដោយមិនមានការបង់យឺតយ៉ាវឡើយ។
ក្រុមហ៊ុនផ្ទះល្វែងបានចាប់ផ្តើមធ្វើការសាងសង់ និងមានសន្ទុះលឿនតាមពេលវេលាកំណត់នៅក្នុងកិច្ចសន្យា ហើយក្រោយមកក្រុមហ៊ុនផ្ទះល្វែងបានបំពេញបែបបទចុះបញ្ជី និងបំបែកក្បាលដី ដើម្បីផ្ទេរសិទ្ធិមកឱ្យពលរដ្ឋទាំង៦គ្រួសារតាមទំហំដី និងផ្ទះដូចមានកំណត់នៅក្នុងកិច្ចសន្យាទិញលក់ ហើយក្រុមហ៊ុនថែមទាំងមានវិញ្ញាបនបត្រល្វែងនីមួយៗ ដែលបានបំបែករួចមកបង្ហាញឱ្យពលរដ្ឋទាំង៦គ្រួសារមើលផងដែរ។
ក្រោយមកបានដំណឹងថា ឈ្មោះ លី ហាំងសេង និងប្រពន្ធ អៀង ប៊ួយគង់ បានយកដីដែលបំបែករួចមាននៅក្នុងវិញ្ញាបនបត្រដីល្វែងតូចៗនីមួយៗទៅដាក់បញ្ចាំហ៊ីប៉ូតែកឱ្យធនាគារ អ អេច ប៊ី (ខេមបូឌា) សាខាខេត្តសៀមរាបទៅវិញ ។ រហូតមានការប្តឹងផ្តល់គ្នារវាងធនាគារ អ អេច ប៊ី ជាមួយនឹងក្រុមហ៊ុនផ្ទះល្វែង ក្នុងចេតនាឈានដល់ការរឹបអូសយកដីផ្ទះទាំង៧ល្វែងរបស់ពលរដ្ឋទាំង៦គ្រួសារទៀតផង ជាក់ស្តែងសាលក្រមរដ្ឋប្បវេណីដែលចេញដោយសាលាដំបូងខេត្តសៀមរាប អាចឱ្យភាគីក្រុមហ៊ុនផ្ទះល្វែងអាចប្តឹងទាស់ ឬប្តឹងឧទ្ធរណ៍ទៅតុលាការជាន់ខ្ពស់បាន ប៉ុន្តែខាងក្រុមហ៊ុនផ្ទះល្វែង បែរជាមិនព្រមធ្វើការប្តឹងទាស់ ឬប្តឹងឧទ្ធរណ៍ ទុកឱ្យសាលក្រមចូលជាស្ថាពរ ហើយមិនព្រមដោះស្រាយជាមួយពលរដ្ឋដែលបានទិញផ្ទះល្វែងនោះឡើយ ដែលវាបញ្ជាក់ថា ភាគីក្រុមហ៊ុនផ្ទះល្វែងមានពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។