ក្រសួងយុត្តិធម៌ នឹង​កំពុងធ្វើការ​អភិវឌ្ឍ​សេវា​ព្រឹត្តិបត្រ​ថ្កោលទោស​ឌីជីថល ចាប់ពី​ថ្ងៃទី​៦ ខែកុម្ភៈ នេះ​តទៅ​

ភ្នំពេញ ៖ ក្រសួងយុត្តិធម៌​មាន​កិត្តិយស​សូម​ជម្រាបជូន​សាធារណជន​ទាំងអស់​មេត្តា​ជ្រាបថា ដើម្បី​រួមចំណែក ធ្វើ​ទំនើបកម្ម​ស្ថាប័នរដ្ឋ​ប្រកបដោយ​បរិ​យាប​ន្ន សមធម៌ និង​យុត្តិធម៌ ដែលជា​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួងយុត្តិធម៌​បាន នឹង​កំពុងធ្វើការ​អភិវឌ្ឍ​សេវា​ព្រឹត្តិបត្រ​ថ្កោលទោស​ឌីជីថល ដើម្បី​ផ្តល់នូវ​សេវា​ឆាប់រហ័ស និង​ភាពងាយស្រួល​ជូន​ដល់​សាធារណជន ដែលមាន​តម្រូវ​ការស្នើសុំ​ព្រឹត្តិបត្រ ថ្កោលទោស ដោយ​ក្រសួងយុត្តិធម៌​នឹងដាក់​ឱ្យ​ដំណើរការ​សាកល្បង​ជំហាន​ទី​១ លើ​សេវា​ព្រឹត្តិបត្រ​ថ្កោលទោស តាម​ប្រព័ន្ធ​ឌីជីថល ចាប់ពី​ថ្ងៃទី​៦ ខែកុម្ភៈ ឆ្នាំ​២០២៣ នេះ​តទៅ ។​

​ការដាក់ឱ្យ​ដំណើរការ​សាកល្បង​ជំហាន​ទី​១ លើ​សេវា​ព្រឹត្តិបត្រ​ថ្កោលទោស​តាម​ប្រព័ន្ធ​ឌីជីថល​នេះ នឹង​ផ្តល់​ភាពងាយស្រួល​ដល់​សាធារណជន ដែលមាន​តម្រូវ​ការស្នើសុំ​ព្រឹត្តិបត្រ​ថ្កោលទោស ឱ្យទទួល​បាន​នូវ ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ និង​ព័ត៌មាន​អំពី​តម្រូវការ​ឯកសារ​នានា ជាពិសេស​សាធារណជន​អាចបំពេញ ពាក្យស្នើសុំ​ព្រឹត្តិបត្រ​ថ្កោលទោស​ពី​ចម្ងាយ​តាមរយៈ កុំព្យូទ័រ ឬ​ទូរស័ព្ទដៃ រួច​ផ្ញើ​មកកាន់​នាយកដ្ឋាន​កិច្ចការ​ថ្កោល ទោស​ជាមុន បន្ទាប់មក​អតិថិជន​គ្រាន់តែ​អញ្ជើញ​មកកាន់​នាយកដ្ឋាន​កិច្ចការ​ថ្កោលទោស ដោយ​ភ្ជាប់​មកជា​មួយ នូវ​ឯកសារ​ចាំបាច់​មួយចំនួន ដើម្បី​ផ្តិតមេដៃ និង​បង់ប្រាក់​ជាការ​ស្រេច ។

​ដើម្បី​ប្រើប្រាស់​សេវា​ព្រឹត្តិបត្រ​ថ្កោលទោស​ឌីជីថល​នេះ គឺ​តម្រូវឱ្យ​សាធារណជន ចូលទៅ​កាន់​គេហទំព័រ របស់​ក្រសួងយុត្តិធម៌ (https://cr.moj.gov.kh/) ឬ ទាញយក​កម្មវិធី​ដែលមាន​ឈ្មោះថា (CR-MOJ) ពី APP Store សម្រាប់​ប្រព័ន្ធ IOS ឬ​ពី PLAY_Store សម្រាប់​ប្រព័ន្ធ Android ដោយ​អនុវត្តតាម ការណែនាំ និង​របៀប​ប្រើប្រាស់ ដូច​បាន​ភ្ជាប់​ជូន​នៅក្នុង​កម្មវិធី​នេះ​។ ទន្ទឹមនឹង​ការដាក់ឱ្យ​ដំណើរការ​សាកល្បង​នេះ សាធារណជន​នៅតែ​អាច​អញ្ជើញ​មក​បំពេញ បែបបទ​ស្នើសុំ​ព្រឹត្តិបត្រ​ថ្កោលទោស​ដោយផ្ទាល់ នៅ​នាយកដ្ឋាន​កិច្ចការ​ថ្កោលទោស​នៃ​ក្រសួងយុត្តិធម៌ ដូច​បាន​អនុវត្ត​កន្លងមក​ផងដែរ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close