ទន្លេ​ស្ងួត​បាន​រស់​ឡើងវិញ ក្រោយ​គោក​ទឹកជា​ច្រើន​សតវត្សរ៍​មក​ហើយ​

​ទន្លេ​ស្ងួត​ជា​ស្រះ​បុរាណ​មួយ​ដែល​បុព្វបុរស​ខ្មែរ បាន​សាងសង់ឡើង​តាំងពី​សម័យអង្គរ ស្ថិតនៅ​ភាគ​ខាងជើង​ក្រុង​អង្គរធំ ចម្ងាយ​ប្រមាណ​៤០០​ម៉ែត្រ​ពី​ខ្លោងទ្វារ​ដី​ឆ្នាំង ហើយ​នៅក្បែរនោះ​ខាង​កើតមាន​ប្រាសាទព្រះខ័ន និង​ខាងលិច​មាន​ប្រាសាទទន្លេស្ងួត ដែល​ទើប​ជួសជុល​រួច​ជា​មន្ទីរពេទ្យ​សម័យបុរាណ​មួយ ក្នុងចំណោម​មន្ទីរពេទ្យ​ចំនួន​៤​ផ្សេងទៀត ដែល​តាំងនៅ​ជុំវិញ​ក្រុង​អង្គរធំ​ឡើង​ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វ​រ័​ន្ម​ទី​៧ នា​ចុង​សតវត្សរ៍​ទី​១២ និង​ដើម​សតវត្សរ៍​ទី​១៣​។​

​ទន្លេ​ស្ងួត មាន​បណ្តោយ​ប្រវែង​៨០០​ម៉ែត្រ និង​ទទឹង​ប្រវែង​៤០០​ម៉ែត្រ ដែល​បាន​ខូចខាត និង​រីង​គោក​ដោយសារ​ការបោះបង់​ចោល និង​មិនមាន​អ្នក​ថែទាំ រាប់​សត​វ​ស្សរ៍​មកហើយ​នោះ ហើយដោយ​សារ​មានការ​ចូលរួម​ពី​ព្រះសង្ឃ ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន ក្រុម​អ្នកជំនាញ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ទើបតែ​បានបញ្ចប់​ការស្តារ ជួសជុល​ទំនប់​ដែល​ធ្លុះធ្លាយ សាងសង់​ទ្វារ​បញ្ចេញ​-​បញ្ចូល​ទឹក និង​រៀបចំ​ប្រព័ន្ធធារាសាស្ត្រ​បុរាណ​របស់​សម័យអង្គរ​ទ​ន្លេ​ស្ងួត​នេះ ដែល​អាច​ស្តុក​ទឹក​ពេញ​ជា​អចិន្ត្រៃយ៍​ឡើងវិញ បាន​ប្រមាណ​៧៥​ម៉ឺន​ម៉ែត្រគូប​។​

​ការស្ដារ និង​រៀបចំ​ប្រព័ន្ធធារាសាស្ត្រ នៅ​តំបន់​ទន្លេ​ស្ងួត​ឱ្យ​ដំណើរ​ឡើងវិញ​នេះ គឺ​ធ្វើ​ទៅតាម​គម្រោង​ស្ដារឡើងវិញ​នូវ​ប្រព័ន្ធធារាសាស្ត្រ​បុរាណ ដែលមាន​ច្រើន​ស្កេ​ក​ស្កះ​នៅក្នុង​តំបន់​អង្គរ ប្រយោជន៍ ដើម្បី​ការពារ​តំបន់​អង្គរ និង​ក្រុង​សៀមរាប​ទាំងមូល មិនឱ្យ​មានការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​នៅ​រដូវវស្សា​ផង ហើយក៏​ជាការ​រក្សា​ទឹក​ទុក​នៅតាម​ស្រះ​បុរាណ​នានា ក​សិន្ធុ​បារាយណ៍ ព្រមទាំង​ប្រឡាយ​ផង​សម្រាប់​ជួយ​ទ្រទ្រង់​ដល់​ប្រាសាទ ព្រមទាំង​ជាការ​ជួយ​លើក​តម្លៃ​ទេសភាព​វប្បធម៌ ក៏ដូចជា​ការជួយ​ឱ្យ​ប្រជាពលរដ្ឋ​មានទឹក​ប្រើប្រាស់​ជាប្រចាំ​ថ្ងៃ​ផង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close