រញ្ជួយ​ដី​កម្រិត ៧.៨ រិច​ទ័​រ សម្លាប់​មនុស្ស​ជាង ៣៨០០​នាក់ នៅ​តួ​ក​គី និង​ស៊ី​រី​

​ការរញ្ជួយ​ដី​ដ៏​ខ្លាំង​បានសម្លាប់​មនុស្ស​ជាង ៣៨០០​នាក់ នៅក្នុង​ប្រទេស​ទួ​ក​គី និង ប្រទេស​ស៊ី​រី ដែលជា​ប្រទេសជិតខាង​នឹង​គ្នា​។​

​ការរញ្ជួយ​ដី​ដ៏​ធំ​មួយ​បាន​វាយប្រហារ​ប្រទេស​ទួ​ក​គី និង​ស៊ី​រី កាលពី​ថ្ងៃ​ចន្ទ ទី​៦ កុម្ភៈ ដោយបាន​សម្លាប់​មនុស្ស​ជាង ៣៨០០​នាក់​ហើយ និង​បានធ្វើឱ្យ​អគារ​រាប់ពាន់​ខ្នង​ត្រូវ​ខ្ទេច រាបស្មើ ខណៈដែល​ក្រុម​អ្នក​ជួយ​សង្គ្រោះបាន​ប្រឹងប្រែង ក្នុង​ការបន្ត​រុករក​ក្រុម​អ្នក​នៅរស់​រាន​។​

​ប្រទេស​រាប់សិប​ប្រទេស​បាន​សន្យា​ផ្តល់ជំនួយ បន្ទាប់ពី​ការរញ្ជួយ​ដី​កម្រិត ៧.៨ រិច​ទ័​រ ដែល​បាន​វាយប្រហារ​ខណៈដែល​មនុ​ស្ស​កំពុង​ដេកលក់ និង​ចំពេល​អាកាសធាតុ​ត្រជាក់ ដែល​បាន​រារាំង​កិច្ចខិតខំ​ប្រឹងប្រែង​សង្គ្រោះបន្ទាន់​។​

​អគារ​ផ្ទះល្វែង​ច្រើន​ជាន់​ដែល​ពោរពេញ​ដោយ​អ្នករស់នៅ ដែល​ស្ថិតក្នុង​ប្លុក​សំណង់​ចំនួន​ជាង​៥​ពាន់​កន្លែង ត្រូវបាន​បំផ្លាញ​ទៅជា​កម្ទេច​ថ្ម នៅក្នុង​ប្រទេស​ទួ​ក​គី ខណៈដែល​ប្រទេស​ស៊ី​រី​បានប្រកាស​ពី​ការដួលរលំ​រាប់សិប​អគារ ក៏ដូចជា ការខូចខាត​ដល់ទី​តាំង​បុរាណវត្ថុ​ក្នុង​ទីក្រុង​អា​ឡិ​ប​ប៉ូ​។​

​អ្នកស្រី មេ​លី​សា សាល​មេន (Melisa Salman) អាយុ​២៣ ឆ្នាំ​ជា​អ្នកយកព័ត៌មាន នៅ​ទីក្រុង កា​ហា​រ៉ា​មេន​មា​រ៉ា​ស់ (Kahramanmaras) ភាគ​អាគ្នេយ៍​នៃ​ប្រទេស​ទួ​ក​គី​បាន​និយាយថា “​នោះ​ជា​លើកទីមួយ​ហើយ​ដែល​យើង​ធ្លាប់​ជួបប្រទះ​រឿង​បែបនេះ​” ។​

​ប្រធាន​មជ្ឈមណ្ឌល​រញ្ជួយ​ដី​ជាតិ​របស់​ប្រទេស​ស៊ី​រី លោក រ៉ា​អិត អាដ​មិត្ត (Raed Ahmed) បាន​ហៅ​វា​ថា​ជា “​ការរញ្ជួយ​ដី​ដ៏​ធំ​បំផុត​ដែល​ត្រូវបាន​កត់ត្រា​នៅក្នុង​ប្រវត្តិសាស្ត្រ​នៃ​មជ្ឈមណ្ឌល​នេះ​”៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close