កម្ពុជា ស្វាគមន៍​ភ្ញៀវ​ចិន​១២៥​នាក់ មកពី​ក្រុង​ប៉េកាំង លើកដំបូង​

​ភ្នំពេញ​៖ កម្ពុជា​បានរៀបចំ​ការទទួល​ស្វាគមន៍​ចំពោះ​ភ្ញៀវទេសចរ​ចិន​១២៥​នាក់​ដែល​មកពី​ទីក្រុង​ប៉េកាំង នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នា​ថ្ងៃទី​៧ ខែកុម្ភៈ ឆ្នាំ​២០២៣ ដោយសារ​នេះ​ជា​ជើងហោះហើរ​ពី​ប៉េកាំង​មក​ភ្នំពេញ​ឡើងវិញ​លើក​ទី​១ ក្រោយ​រដ្ឋាភិបាល​ចិន​បើក​ឱ្យ​ប្រជាជន​ធ្វើដំណើរ​ចេញ​ក្រៅប្រទេស​ឡើងវិញ ចាប់ពី​ថ្ងៃទី​៨ ខែមករា ឆ្នាំ​២០២៣​។​

​ការទទួល​ស្វាគមន៍​នេះ​រៀបចំ​ដោយ​ក្រសួងទេសចរណ៍ រដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍​ស៉ី​វិល ក្រុមហ៊ុន​គ្រប់គ្រង​អាកាសយានដ្ឋាន​កម្ពុជា សមាគម​ទេសចរណ៍​កម្ពុជា និង​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា​។​
​នាឱកាស​នោះ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បានឱ្យដឹងថា ភ្ញៀវទេសចរ​ចិន​ដែល​ចុះមក​ក្នុងថ្ងៃនេះ គឺមាន​ចំនួន​១២៥​នាក់ អ្នក​ខ្លះមក​ដើរលេង​តាមរយៈ​ក្រុមហ៊ុន​ទេសចរណ៍ និង​មក​ដើរលេង​ជាមួយ​មិត្តភក្តិ​ធម្មតា​ខ្លះ​។ ប្រតិបត្តិ​ការហោះហើរ​នេះ​ធ្វើឡើង​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ Air China ដែលជា​ក្រុមហ៊ុន​អាកាសចរណ៍​របស់​រដ្ឋ​ចិន​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បាន​បន្តថា «​បន្ទាប់ពី​ការមកដល់​របស់​ភ្ញៀវទេសចរ​ចិន​លើកដំបូង​នេះ យើង​នឹង​ប្រឹងប្រែង​ទាក់ទាញ​ភ្ញៀវទេសចរ​ចិន​ឱ្យបាន​ពី​៨០​ម៉ឺន​នាក់​ទៅ​១​លាន​នាក់ ក្នុង​ឆ្នាំ​២០២៣​នេះ​»​។​
​ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ មូលដ្ឋាន​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍ អ្នក​បម្រើការ​ក្នុង​វិស័យ​ទេសចរណ៍ ត្រូវ​អនុវត្តតាម​គោលការណ៍​ដែលមាន​ស្រាប់ ដើម្បី​ទទួល​បដិសណ្ឋារកិច្ច​ចំពោះ​ភ្ញៀវទេសចរ​ឱ្យបាន​ត្រឹមត្រូវ ខណៈ​ទីផ្សារ​ទេសចរ​ចិន​គឺជា​ទីផ្សារ​ធំ​សម្រាប់តែ​កម្ពុជា និង​ពិភពលោក​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បាន​បន្ថែមទៀតថា នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២៣​ខាងមុខ ក៏​នឹងមាន​ជើង​ហោះ​លើកដំបូង​ពី​គួ​ន​មីង​មក​សៀមរាប និង​ពី​សៀង​ហៃ​មក​សៀមរាប ដែល​នឹង​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន China Eastern (Charter Flights) ផងដែរ​។ ឯកឧត្តម​រដ្ឋមន្ត្រី​មាន​សុទិដ្ឋិនិយម​ថា «​ការធ្វើរ​ដំណើរ​ទេសចរ​ចិន​មក​កម្ពុជា​នឹង​កើន​ឡើងជា​លំដាប់​ចាប់ពី​ខែមីនា ឆ្នាំ​២០២៣​នេះ​»​។​

​គួរ​ជម្រាប​ថា ក្នុង​ខែមករា ឆ្នាំ​២០២៣ កម្ពុជា​ទើប​ទទួលបាន​ទេសចរ​អន្តរជាតិ​ប្រមាណ​៤០​ម៉ឺន​នាក់ ក្នុងនោះ​ក៏មាន​ទេសចរ​ចិន​ប្រមាណ​២៥,០០០​នាក់​ដែរ ដែលមាន​ការកើនឡើង​៩០១% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​២០២២​។ ក្នុង​ខែមករា​នោះដែរ ជើងហោះហើរ​ដែល​ចូល​មកដល់​កម្ពុ​ជាមាន​ចំនួន​សរុប​១,៦៤៨​ជើង ក្នុងនោះ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ទទួលបាន​១,១៧៨​ជើង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close