ឆ្នាំ​២០២២ កម្ពុជា នាំចេញ​គ្រាប់ស្វាយចន្ទី​កែច្នៃ​ជាង ១២៦​តោន ទៅកាន់​ប្រទេស​ជប៉ុន​

​នា​ថ្ងៃទី​០៧ ខែកុម្ភៈ ឆ្នាំ​២០២៣ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​ថ្នាក់ដឹកនាំ ចូលរួម​កិច្ចប្រជុំ​ពិភាក្សា​ការងារ​ជាមួយ​លោក​អគ្គនាយក​ក្រុមហ៊ុន Top Planning Japan Co.,LTD នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​ ​ក្នុងជំនួប​ប្រជុំ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការស្វាគមន៍ និង​គាំទ្រ​ពេញទំហឹង​សម្រាប់​ការវិនិយោគ​ជាមួយ​ប្រទេស​ជប៉ុន ពិសេស​គម្រោង​បង្កើត​រោងចក្រ​កែច្នៃ​ចន្ទី​នៅ​កម្ពុជា​។ ទាក់ទង​នឹង​កិច្ចការងារ​នេះ ក្រសួង នឹងចូលរួម​គាំទ្រ​ការផ្សព្វផ្សាយ និង​ជំរុញ​ក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម រួមទាំង​ការ​វេច​ខ្ចប់​ផងដែរ​។

​ឯកឧត្តម ក៏បាន​ណែនាំ​ឱ្យមាន​ផែនការ​ផលិត​ចន្ទី​កែច្នៃ ដើម្បី​ទទួលបាន​តម្លៃ​ខ្ពស់​ជាជាង​បរិមាណ ក្នុងនោះដែរ ការកែច្នៃ​ត្រូវគោរព​តាម​គោលការណ៍​បរិស្ថាន​។ ការផ្សព្វផ្សាយ​គឺជា​កត្តាចាំបាច់​មួយ ដើម្បី​ទទួលបាន​ការគាំទ្រ និង​មាន​ទំនុកចិត្ត​ទាំង​ទីផ្សារ​ប្រទេស​ជប៉ុន​និង​ពិភពលោក ទទួលបាន​តម្លៃ​មួយ​ខ្ពស់ ហើយ​អ្នក​ហូប​ស្គា​ល់ពី​កម្ពុជា ដោយ​មិនមាន​គោលដៅ​ប្រកួត​បរិមាណ​ជាមួយ​ប្រទេស​ដទៃ​ទេ​។ ​ឯកឧត្តម បាន​កោតសរសើរ​ចំពោះ​គំនិត​ច្នៃប្រឌិត​ក្នុងការ​កែច្នៃ​សម្រក​ចន្ទី​ទៅជា​ឥន្ធនៈ ប៉ុន្តែ​កិច្ចការងារ​នេះ​ត្រូវធ្វើ​ការសិក្សា​ស្រាវជ្រាវ​បន្ថែមទៀត ហើយ​បាន​ណែនាំ​ឱ្យធ្វើ​ការពិចារណា​លើ​កែច្នៃ​ទៅជា​ផលិតផល​ម្ហូបអាហារ ឬ​ជី​កសិកម្ម​វិញ ខណៈដែល​កម្ពុជា​កំពុង​ត្រូវការ​ជី​។

​មួយវិញទៀត ឯកឧត្តម បានបង្ហាញ​នូវ​ការគាំទ្រ ចំពោះ​កិច្ចសហប្រតិបត្តិការ​ជុំវិញ​ពូជ Japonica ដែល​អាច​យកមក​ដាំ​នៅ​កម្ពុជា​តាមរយៈ JICA ដើម្បី​ចូលរួម​ការផលិត​អង្ករ​មាន​គុណភាព​សម្រាប់​ការនាំចេញ​។ ទាក់ទង​នឹង​ប្រព័ន្ធ​គាំទ្រ​លើ​ផលិតកម្ម​ដំណាំ​ស្រូវ ក្រសួង​ត្រូវធ្វើ​ការងារ​ជាមួយនឹង​អន្តរក្រសួង​ដូចជា​ក្រសួង​ធនធានទឹក​លើ​ប្រព័ន្ធ​ធា​រាស្ត្រ និង​ក្រសួង​សាធារណៈកា​រលើ​ប្រព័ន្ធ​នៃ​ការដឹកជញ្ជូន​ជាដើម​។ ឯកឧត្តម ក៏បាន​លើកឡើង​អំពី​ការប្រើប្រាស់​នូវ​ថាមពល​ល្អ និង​ចំណាយ​តិច​សម្រាប់​កសិក​ម្ម ដោយ​ស្នើឱ្យ​ធ្វើការ​សិក្សា​លើ​ការប្រើ​ប្រព័ន្ធ​បង្ហូរទឹក​សម្រាប់​ការស្រោចស្រព​(Water Tank) និង​អាច​ប្រើ​ថាមពល​បន្ថែម​ដូចជា​ការប្រើ​ភ្លើង​បូមទឹក​ពេលយប់​ដែលមាន​តម្លៃ​ទាប និង​ប្រើ​ថាមពលព្រះអាទិត្យ​(Solar) សម្រាប់​បូមទឹក​ពេល​ថ្ងៃ​ជាដើម​។ ហើយ​បើ​ប្រព័ន្ធ​នេះ ទទួលបាន​ជោគជ័យ នោះ​នឹង​អនុវត្ត​នៅ​ទូទាំងប្រទេស​តែម្តង​។

​សូម​ជម្រាបជូន​ផងដែរ​ថា គោលបំណង​នៃ​ជំនួប​នេះ គឺ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បន្ត​រវាង​ក្រុមហ៊ុន និង​ក្រសួង ដើម្បី​បង្កើត​រោងចក្រ​កែច្នៃ​ចន្ទី​នៅ​កម្ពុជា​និង​ផលិត​ទៅ​ទីផ្សារ​ពិភពលោក និង​ការកែច្នៃ​ប្រេងឥន្ធនៈ​ពី​សំបក​ចន្ទី​ក្នុងប្រទេស​កម្ពុជា​។ ក្រុមហ៊ុន Top Planning Japan (TPJ) និង​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី​ជ័យ​សំបូរ មាន​កិច្ចសហប្រតិបត្តិការ​ពា​ណិ​ជ្ជ​កម្ម ដែល​ត្រូវបាន​ធ្វើឡើង​ដើម្បី​សាងសង់​រោងចក្រ​កែច្នៃ​គ្រាប់ស្វាយចន្ទី​ខ្នាតតូច​ជាការ​សាកល្បង ដែលមាន​ទីតាំង​ស្ថិតនៅ​ភូមិ​ត្រពាំង​អារក្ស ឃុំ​ជ័យ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​។ គ្រាប់ស្វាយចន្ទី​កែច្នៃ គឺជា​កសិផល​នាំចេញ​ដែលមាន​សក្តានុពល​នៅលើ​ទីផ្សារ​ប្រទេស​ជប៉ុន ហើយ​គិតពី​ឆ្នាំ​២០១៩ ដល់​២០២២ នេះ គ្រាប់ស្វាយចន្ទី​កែច្នៃ​បាន​នាំ​ចេញទៅ​ប្រទេស​ជប៉ុន​ប្រមាណ ១៨៤.៩០​តោន ក្នុងនោះ​ឆ្នាំ​២០២២ មាន​១២៦.៤៤​តោន​៕​

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close