សកម្មភាពដឹកឈើប្រណីតចេញពីព្រៃឡង់នៅតែមាន ដោយ​ពុំ​មានការ​បង្រ្កាប

(កំពង់ធំ) ៖ បើយោង​តាម​សេចក្តីរាយការណ៍​បាន​ឲ្យដឹងថា សកម្មភាពកាប់ និង​ដឹកជញ្ជូន​ឈើ​ចេញពីព្រៃឡង់​ ដែល​ជាព្រៃធំជាង​គេ​នៅ​កម្ពុជា នៅតែកើត​មាន​ជាបន្តបន្ទាប់ ដោយ​ពុំ​មានការ​បង្រ្កាបពីសមត្ថកិច្ច​ពាក់ព័ន្ធនោះ​ឡើយ។

ជាក់ស្តែង​បើតាម​សេចក្តីរាយការណ៍ កាលពីវេលាម៉ោង​ប្រមាណជិត​១០យប់ ថ្ងៃទី១៥ ខែកុម្ភៈ កន្លងទៅនេះ គេបានឃើញ​រថយន្តប្រភេទវេអង ជាច្រើន​គ្រឿង បាន​ដឹកឈើលាយឡំជាមួយ​អុស ចេញពី​ចំណុច​ច្រក​អូរងៀវ ក្នុងឃុំមានឫទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដោយ​ធ្វើដំណើរកាត់ព្រៃអង់តែន និងកាត់តាមមុខស្នាក់ការមេព្រៃ(៤៤)ឆ្ពោះទៅផ្លូវជាតិលេខ៦ ទៅទីក្រុងភ្នំពេញដោយ​រលូន។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅតាមដងផ្លូវច្រក(អូរងៀវ)ឃុំមានរិទ្ធិស្រុកសណ្ដាន់ខេត្តកំពង់ធំបានបង្ហើបប្រាប់អ្នកសារព័ត៌មានយើងខ្ញុំថាឡានប្រភេទ(វេអង) នេះគេដឹកឈើចេញពីព្រៃឡង់ជារៀងរាល់យប់មិនដែលខានយប់ណាម្តងឡើយហើយដឹកចេញទៅដោយរលូនមិនរំខានមិនខ្លាចមេព្រៃឬពួកមន្ត្រីជំនាញថ្នាក់ធំប៉ុនណាក៏គេមិនខ្លាចដែរ។

ប្រភពប្រជាពលរដ្ឋដដែលបានបង្ហើបទៀតថា មេខ្លោងបំផ្លាញព្រៃឡង់ដុសស្លែរនិងដឹកឈើដោយឡានប្រភេទ វេអង រាប់សឹបគ្រឿងដ៏សែនធំជាងគេតាមផ្លូវនេះគឺឈ្មោះ ចាប សារ៉ន ។

យ៉ាងណាក៏ដោយ​ចំពោះករណីនេះ យើង​នៅ​មិន​ទាន់​មានការ​បញ្ជាក់ភាគីពាក់ព័ន្ធនៅ​ឡើយទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close