កម្ពុជា និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម ប្រកាស​ចាប់ផ្តើម​ការចរចា​ជុំ​ទី​៣ នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ

​កាលពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៣ លោកជំទាវ តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម និង​ជា​ប្រធាន​ក្រុម​ចរចា​ពាណិជ្ជកម្ម​សម្រាប់​ភាគី​កម្ពុជា និង ឯកឧត្តម ជូ​ម៉ា អាល់ កាត (Juma AI Kait) អនុរដ្ឋមន្ត្រី​ទទួលបន្ទុក​ពាណិជ្ជកម្ម​អន្តរជាតិ និង​ជា​ប្រធាន​ក្រុម​ចរចា​ពាណិជ្ជកម្ម​សម្រាប់​ភាគី​អេ​មី​រ៉ា​ត​អារ៉ាប់​រួម បាន​អញ្ជើញ​ចូលរួម​ជា​អធិបតី​ក្នុង​កិច្ចប្រជុំ​ប្រកាស​បើក​ការចរចា​ជុំ​ទី​៣ នៃ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​សេដ្ឋកិច្ច​គ្រប់​ជ្រុងជ្រោយ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​អេ​មី​រ៉ា​ត​អារ៉ាប់​រួម (Cambodia-UAE CEPA) ដែល​នឹង​ប្រព្រឹត្តទៅ​រយៈពេល ០៣ ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២០ ដល់​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​ទីក្រុង​ឌុយ​បៃ អេ​មី​រ៉ា​ត​អារ៉ាប់​រួម ដោយមាន​វត្តមាន​រប​ស់​ក្រុមការងារ​ចរចា​របស់​ភាគី​ទាំងពីរ​សរុប​ប្រមាណ ១០០ រូប​។

​លោកជំទាវ​រដ្ឋលេខាធិកា​រ បានធ្វើការ​កោតសរសើ​រ និង​បង្ហាញ​នូវ​ក្តី​សោមនស្ស​រីករាយ ដែល​ដំណើរ​ការចរចា​លើ​កិច្ចព្រមព្រៀង Cambodia-UAE CEPA បាន​ឈានដល់​ការចរចា​ជុំ​ទី​៣ បន្ទាប់ពី​ភាគី​ទាំងពីរ​សម្រេចបាន​នូវ​លទ្ធផល​ជា​ផ្លែផ្កា​ក្នុងការ​ចរចា​ជុំ​ទី​១ នៅ​អា​ប៊ុ​យ​ដា​ប៊ី និង​ជុំ​ទី​២ នៅ​ភ្នំពេញ​កន្លងទៅ​។ ទន្ទឹម​នោះ ភាគី​ទាំង​ពីរបាន​គាំទ្រ​ចំពោះ​បំណង ដែល​ភាគី​ទាំងពីរ​គ្រោង​នឹង​បញ្ចប់​ការចរចា​កិច្ចព្រមព្រៀង Cambodia-UAE CEPA ឱ្យបាន​ត្រឹម​ជុំ​ទី​៣​នេះ និង​ឈានដល់​ការប្រកាស​បិទ​បញ្ចប់​ការចរចា​ជា​ផ្លូវការ​នាពេល​ឆាប់ៗ ខាងមុខ​។ ភាគី​ទាំងពីរ​ក៏បាន​ទទួលស្គាល់ថា កិច្ចព្រមព្រៀង Cambodia-UAE CEPA នេះ​នឹង​ក្លាយជា​កម្លាំងចលករ​ជំរុញ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ទូ​លំ​ទូលាយ​រវាង​ប្រទេស​ទាំងពីរ ដែល​នឹង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​។

​ស្របគ្នា​នោះដែរ ឯកឧត្តម Juma AI Kait បាន​ស្វាគមន៍​គណៈប្រតិភូ​កម្ពុជា និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ការគាំទ្រ និង​កិច្ចសហប្រតិបត្តិការ​ជិតស្និទ្ធ​ផ្តល់​ដោយ​ភាគី​កម្ពុជា​កន្លងមក​។​

​ជាមួយគ្នានេះ ឯកឧត្តម​អនុរដ្ឋមន្ត្រី បានកត់សម្គាល់​នូវ​សញ្ញាណ​ជា​វិជ្ជមាន​ក្នុង​ពាណិជ្ជកម្ម​ទ្វេភាគី ដែល​សម្រេចបាន​ប្រមាណ ៤០០ លាន​ដុ​លា្ល​រ​អាម៉េរិក​ក្នុង​ឆ្នាំ​២០២២ កើនឡើង​ប្រមាណ ៣០% ធៀប​នឹង​ឆ្នាំ​២០២១ និង​រំពឹងថា​កិច្ចព្រមព្រៀង Cambodia-UAE CEPA នឹង​បន្ត​ជំរុញ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កាន់​កើន​តែ​ប្រសើរ​ថែមទៀត​។

​គួរ​បញ្ជាក់ថា បើ​ផ្អែក​តាម​វឌ្ឍនភាព​ការងារ ដែល​សម្រេចបាន​ចាប់តាំងពី​ការចរចា​ជុំ​ទី​២​មក ភាគី​ទាំងពីរ​មាន​សុទិដ្ឋិនិយម​ថា ការចរចា​លើ​អត្ថបទ​នៃ​កិច្ចព្រមព្រៀង CAM-UAE CEPA អាច​នឹង​បញ្ចប់​ទាំងស្រុង​ក្នុងការ​ចរចា​ជុំ​ទី​៣​នេះ រីឯ​ការចរចា​លើ​ការបើក​ច្រក​ទីផ្សារ​នឹង​អាច​បញ្ចប់ ក្នុងអំឡុង​អន្តរ​កិច្ចប្រជុំ​ខាងមុខ ដែល​អាចឱ្យ​ភាគី​ទាំងពីរ​ប្រកាស​បញ្ចប់​ការចរចា នាពេលខាងមុខ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close