ពុទ្ធបាទ​ទម្ងន់​ប្រមាណ ៣​តោន កំពុង​តាំង​បង្ហាញ នៅក្នុង​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ

សៀមរាប​៖ មន្ត្រី​នៃ​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ កំពុង​ដាក់តាំង​បង្ហាញ​ព្រះ​ពុទ្ធបាទ​ខាងស្តាំ ដែលមាន​ទម្ងន់​ប្រមាណ​៣​តោន​នៅក្នុង​សារមន្ទីរ​នេះ ក្នុង​គោលបំណង​ផ្ដល់នូវ​ការស្រាវជ្រាវ សិក្សា​ស្វែងយល់​អំពី​ព័ត៌មាន​សំខាន់ៗ​ជាច្រើន​ដល់​សិស្ស និស្សិត ភ្ញៀវទេសចរ​ជាតិ អន្តរជាតិ និង​សាធារណជន​ទូទៅ ឱ្យ​យល់ដឹង​ចំពោះ​ការគោរព​សាសនា សិល្បៈ ប្រវត្តិសាស្ត្រ ជាមួយនិង​ព្រឹត្តិការណ៍ ដែល​បាន​កើតមាន​កាលពី​ជាង​៦០០-៧០០​ឆ្នាំមុន នៅក្នុង​តំបន់​អង្គរ​ផង​។​
​ការដាក់​តាំង​បង្ហាញ​ព្រះ​ពុទ្ធបាទ​ខាងស្តាំ ដែលជា​កេរដំណែល​សល់​ក្រោយពី​សម័យអង្គរ​នេះ បាន​ធ្វើឡើង​រយៈពេល​ជិត​១​ឆ្នាំ​មកហើយ ចាប់តាំងពី​ខែឧសភា ឆ្នាំ​២០២២ មកដល់​បច្ចុប្បន្ន​។​

​ប្រធាន​ក្រុមការងារ​រៀបចំ​ពិព័រណ៍ និង​ជា​មគ្គទេសក៍​នៅ​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ​ខេត្តសៀមរាប លោក គុន ផល្លី ឱ្យដឹងថា ព្រះ​ពុទ្ធបាទ​បុរាណ​ធ្វើ​ពី​ថ្មភក់​មួយ​នេះ បាន​កសាងឡើង​តាំងពី​អំឡុង​សតវត្ស​ទី​១៤-១៦​នៃ​គ្រី​ស្ត​សករាជ​មកម្ល៉េះ​។ វត្ថុ​សម្រាប់​សក្ការបូជា​នេះ មាន​ទម្ងន់​ប្រមាណ​ជា​៣​តោន ដែលមាន​បណ្តោយ​មាន​ប្រវែង ២,១០​ម៉ែត្រ ទទឹង ១,១៥​ម៉ែត្រ និង​មាន​កម្ពស់ ៣១​សង់ទីម៉ែត្រ​។ ​លោក គុន ផល្លី មានប្រសាសន៍​ឱ្យដឹងទៀតថា ព្រះពុទ្ធ​បាទ​នេះ​មាន​លាប​ម្រ័ក្សណ៍​ព័ណ៌​ខ្មៅ ក្រហម និង​ទឹប​ទឹកមាស​តាំងពី​ពេល​កសាង​មក​។​

​តាម​ការសិក្សា​ស្រាវជ្រាវ​បង្ហាញថា តាំង​អតីតកាល​ពុទ្ធបាទ​នេះ​ត្រូវបាន​ប្រជាជន​ខ្មែរ ចាត់ទុកជា​វត្ថុ​សក្តា​រៈ​គោរពបូជា​យ៉ាងសំខាន់ ចំពោះ​ព្រះពុទ្ធសាសនា​ថេរវាទ និង​បានដាក់​តម្កល់​នៅ ក្នុង​រួត​ព្រះ​ពាន់​នា​អំឡុង​សតវត្សរ៍​ទី​១៤ រហូតដល់​ឆ្នាំ​១៩៨៥​។ លុះ​ក្រោយមក ព្រះពុទ្ធ​បាទ​ធ្វើ​ពី​ថ្មភក់ ត្រូវបាន​ក្រុម​អភិរក្ស​យកទៅ​រក្សាទុក និង​ជួសជុល​នៅ​អភិរក្ស​ដ្ឋា​ន​អង្គរ ហើយ​ក្រោយមក​លោកជំទាវ បណ្ឌិតសភា​ចា​រ្យ ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​អាជ្ញាធរ​ជាតិ​អប្សរា បាន​ទៅ​ទស្សនា​នៅ​អភិរក្ស​អង្គរ​ឃើញថា ពុទ្ធបាទ​នេះ បាន​ជួសជុល​រួចរាល់​ហើយ ទើប​លោកជំទាវ​ណែនាំ​ឱ្យ ក្រុម​អភិរក្ស​យក​វត្ថុ​នេះ​ទៅ​ដាក់តាំង​បង្ហាញ​ដល់​សាធារណជន ដើម្បី​បាន​ទស្សនា សិក្សា​ស្វែងយល់​ពី​វត្ថុ​សិល្បៈ​ខ្មែរ ពិសេស ពុទ្ធបដិមា​សម័យ​ក្រោយ​អង្គរ​។​

​លោក គុន ផល្លី បានឱ្យដឹង​ទៀតថា នៅ​ចំ​កណ្តាល​ពុទ្ធបាទ​មាន​រូប​កងចក្រ​ចំនួន​១៦​កាំ និង​នៅ​ជុំវិញ​កងចក្រ​មាន​ឆ្លាក់​ចម្លាក់​ផ្សេងៗ​ចំនួន​១០៨ ដែល​គេ​យល់ថា អាចជា​សិរី​មង្គល នៅក្នុង​ក្រុម​ធំៗ​ចំនួន​៥ ទាក់​និង​សញ្ញា​សិរី​មង្គល​ទាំង​១០៨​នេះ​។​ ​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ​-​អង្គរ​ស្ថិតនៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម ក្រុង​សៀមរាប​។ សារមន្ទីរ​នេះ បាន​បើក​ឱ្យ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ចូល​ទស្សនា​ចាប់ពី​ថ្ងៃ​អង្គារ​ដល់​ថ្ងៃអាទិត្យ វេលា​ម៉ោង​៨:៣០​នាទី​ព្រឹក ដល់​ម៉ោង​៤:៣០​ល្ងាច ទំនាក់ទំនង​ទូរស័ព្ទ​លេខ​៖០៦៣ ៧៦៣ ៥៧៥​។​ ​ការ​ទស្សនា​សារមន្ទីរ​ព្រះ​នរោត្តម​សីហនុ ក្រៅតែពី​បាន​ទស្សនា​ព្រះ​ពុទ្ធបាទ ភ្ញៀវ​ក៏​អាច​ទស្សនា​វត្ថុ​សិល្បៈ​ជាច្រើន​រាប់រយ​ប្រភេទ​ផ្សេងទៀត ដែល​បានមកពី​ការធ្វើ​កំណាយ​ស្រាវជ្រាវ និង​ការបរិច្ចាគ​ពី​សាធារណជន​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close